រ៉ូម 1:18-25

រ៉ូម 1:18-25 គកស១៦

ដ្បិត​សេចក្តី‌ក្រោធ​របស់​ព្រះ បាន​សម្ដែង​ពី​ស្ថាន‌សួគ៌​មក ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិឡ​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត​របស់​គេ ដ្បិត​អ្វី​ដែល​គេ​អាច​ស្គាល់​ពី​ព្រះ​បាន នោះ​ជាក់​ច្បាស់​ដល់​ពួក​គេ​ហើយ ព្រោះ​ព្រះ​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ។ តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ ដ្បិត​ទោះ​ជា​គេ​បាន​ស្គាល់​ព្រះ ក៏​គេ​មិន​បាន​តម្កើង​ព្រះ‌អង្គ​ជា​ព្រះ ឬ​អរ​ព្រះ​គុណ​ព្រះ‌អង្គ​ដែរ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​មាន​គំនិត​ឥត​ប្រយោជន៍ ហើយ​ចិត្ត​ល្ងង់​ខ្លៅ​របស់​គេ ក៏​ត្រឡប់​ជា​ងងឹត។ គេ​អួត​អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​គេ​បែរ​ជា​ល្ងី‌ល្ងើ គេ​បាន​ប្តូរ​សិរី‌ល្អ​របស់​ព្រះ​ដែល​មិន​ចេះ​ខូច យក​រូប​សំណាក មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​តែង​តែ​ស្លាប់ ឬ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​ជំនួស​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ទៅ​ក្នុង​សេចក្តី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ដែល​បន្ថោក​រូប‌កាយ​របស់​ខ្លួន​ក្នុង​ចំណោម​ពួក​គេ ព្រោះ​គេ​បាន​ប្ដូរ​សេចក្តី​ពិត​អំពី​ព្រះ យក​សេចក្តី​ភូត‌ភរ ហើយ​ថ្វាយ​បង្គំ និង​គោរព​បម្រើ​របស់​ដែល​កើត​មក ជា​ជាង​ព្រះ​ដែល​បង្កើត​របស់​ទាំង​នោះ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច! អាម៉ែន។

អាន រ៉ូម 1