រ៉ូម 1:1-17

រ៉ូម 1:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​អ្នក​បម្រើ របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​សន្យា​ពី​មុន តាម​រយៈ​ពួក​ហោរា​ព្រះ‌អង្គ នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ ជា​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដែល​ខាង​សាច់​ឈាម ព្រះ‌អង្គ​បាន​ចាប់​កំណើត​ក្នុង​រាជ​វង្ស​ព្រះបាទ​ដាវីឌ តែ​ខាង​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ ត្រូវ​បាន​តែង​តាំង​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ប្រកប​ដោយ​ព្រះ‌ចេស្តា ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា ដែល​តាម​រយៈ​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខ​ងារ​ជា​សាវក ដើម្បី​នាំ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​តាម​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ជា​អ្នក​ដែល​ទទួល​ការ​ត្រាស់​ហៅ​មក​ជា​កម្មសិទ្ធិ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ជូន​ចំពោះ​បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ​ទាំង​អស់​នៅ​ក្រុង​រ៉ូម ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​មក​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ ជា​បឋម ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អ្នក​ទាំង​អស់​គ្នា ព្រោះ​មាន​គេ​ប្រកាស​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា នៅ​ពាស​ពេញ​ពិភព‌លោក។ ព្រះ​ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ទ្រង់​ជា​ស្មរ​បន្ទាល់​របស់​ខ្ញុំ​ថា ខ្ញុំ​តែង​តែ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា​ជានិច្ច នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ ទាំង​សូម​អង្វរ​ឲ្យ​ម្តង​នេះ បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​ខ្ញុំ​មាន​ឱកាស​ល្អ​ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ឃើញ​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចែក​អំណោយ‌ទាន​ខាង​វិញ្ញាណ​ខ្លះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រឹង​មាំ គឺ​ថា ឲ្យ​យើង​បាន​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​ជំនឿ​របស់​យើង​ម្នាក់ៗ ទាំង​ជំនឿ​របស់​អ្នក​រាល់​គ្នា ទាំង​ជំនឿ​របស់​ខ្ញុំ។ បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​មាន​បំណង​ចង់​មក​ជួប​អ្នក​រាល់​គ្នា​ជា​ញឹក​ញាប់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ដទៃ​ឯ​ទៀត​ដែរ ប៉ុន្តែ ចេះ​តែ​មាន​អ្វី​រាំងរា​រហូត​មក​ទល់​ពេល​នេះ។ ខ្ញុំ​មាន​ការ​ជាប់​ជំពាក់​ទាំង​សាសន៍​ក្រិក និង​សាសន៍​ដទៃ ទាំង​អ្នក​ប្រាជ្ញ និង​អ្នក​ខ្លៅ។ ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​ចង់​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​នេះ​ដែរ។ ដ្បិត​ខ្ញុំ​មិន​ខ្មាស​អំពី​ដំណឹង​ល្អ​ទេ ព្រោះ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​ដំបូង​ដល់​សាសន៍​យូដា និង​ដល់​សាសន៍​ក្រិក​ផង។ ដ្បិត​នៅ​ក្នុង​ដំណឹង​ល្អ​នេះ សេចក្តី​សុចរិត​របស់​ព្រះ​បាន​សម្ដែង​មក តាម​រយៈ​ជំនឿ សម្រាប់​ជំនឿ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ» ។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​ ​របស់​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌ជា‌ម្ចាស់*​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សាវ័ក* និង​ជ្រើស​រើស​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះអង្គ។ ដំណឹង‌ល្អ​នេះ ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ទុក​ជា​មុន​ក្នុង​ព្រះ‌គម្ពីរ តាម​រយៈ​ពួក​ព្យាការី*​របស់​ព្រះអង្គ ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ បើ​គិត​តាម​មនុស្ស ព្រះ‌បុត្រា​ប្រសូត​មក​ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ តែ​បើ​គិត​តាម​ព្រះ‌វិញ្ញាណ ដែល​ផ្ដល់​ឲ្យ​មនុស្ស​បាន​វិសុទ្ធ*​វិញ​ ព្រះ‌ជា‌ម្ចាស់​បាន​តែង‌តាំង​ព្រះអង្គ ជា​ព្រះ‌បុត្រា​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដោយ​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ តាម​រយៈ​ព្រះ‌បុត្រា គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខងារ​ជា​សាវ័ក ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្តិ​តាម​ជំនឿ សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ។ បងប្អូន​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត​បាន​ត្រាស់​ហៅ ក៏​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​នោះ​ដែរ។ សូម​ជម្រាប​មក​បងប្អូន​ទាំង​អស់​នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ស្រឡាញ់ និង​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​គ្រិស្ត​ជា‌អម្ចាស់ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន!។ ជា​បឋម ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត* ព្រោះ​តែ​បងប្អូន​ទាំង​អស់​គ្នា ដ្បិត​គេ​តំណាល​អំពី​ជំនឿ​របស់​បងប្អូន​ក្នុង​សកល​លោក​ទាំង​មូល។ ព្រះ‌ជា‌ម្ចាស់​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បងប្អូន​ជានិច្ច គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន* សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​បងប្អូន បើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ។ ខ្ញុំ​មាន​បំណង​ចង់​ជួប​មុខ​បងប្អូន​យ៉ាង​ខ្លាំង ដើម្បី​ចែក​ព្រះ‌អំណោយ​ទាន​ណា​មួយ​របស់​ព្រះ‌វិញ្ញាណ​ជូន​បងប្អូន ឲ្យ​បងប្អូន​បាន​មាំ‌មួន​ឡើង គឺ​ថា ពេល​យើង​នៅ​ជា​មួយ​គ្នា យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​ដែល​យើង​មាន​រួម​គ្នា ទាំង​បងប្អូន​ទាំង​ខ្ញុំ។ បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​គម្រោង‌ការ​ចង់​មក​ជួប​បងប្អូន​ច្រើន​លើក​ច្រើន​សា​ហើយ ដើម្បី​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​បងប្អូន ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្តែ មក​ទល់​ពេល​នេះ ខ្ញុំ​ចេះ​តែ​ខក​ខាន​មិន​បាន​មក។ ខ្ញុំ​ត្រូវ​តែ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​សាសន៍​ក្រិក​ និង​ក្នុង​ចំណោម​សាសន៍​ដទៃ​ទៀត ក្នុង​ចំណោម​អ្នក​ប្រាជ្ញ និង​ក្នុង​ចំណោម​អ្នក​ល្ងង់។ ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។ ដំណឹង‌ល្អ​នេះ​សម្តែង​ឲ្យ​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ​ ដូច​មាន​ចែង​ទុក​មក​ថា: «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ» ​ ។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​ទុក​សំរាប់​ដំណឹង​ល្អ​នៃ​ព្រះ (ជា​ដំណឹង​ល្អ​ដែល​ទ្រង់​បាន​សន្យា​ពី​ដើម ដោយ‌សារ​ពួក​ហោរា​ទ្រង់ ទុក​ក្នុង​គម្ពីរ​បរិសុទ្ធ គឺ​ពី​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ខាង​ឯ​សាច់​ឈាម ទ្រង់​បាន​ចាប់​កំណើត​ក្នុង​ព្រះ‌វង្សា​ហ្លួង​ដាវីឌ តែ​ខាង​ឯ​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ នោះ​បាន​សំដែង​មក​ច្បាស់​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ពិត ទាំង​មាន​ព្រះ‌ចេស្តា​ផង ដោយ​ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ នឹង​ងារ​ជា​សាវក ដោយ‌សារ​ទ្រង់ សំរាប់​ឲ្យ​មាន​មនុស្ស​ចុះ​ចូល តាម​សេចក្ដី​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ទុក​ជា​ប្រយោជន៍​ដល់​ព្រះ‌នាម​ទ្រង់ ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ពួក​អ្នក​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ហៅ​ដែរ) ខ្ញុំ​ផ្ញើ​មក​អស់​អ្នក នៅ​ក្រុង​រ៉ូម ជា​ពួក​ស្ងួន‌ភ្ងា​នៃ​ព្រះ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ មុន​ដំបូង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ​ឮ​គេ​ថ្លែង​ប្រាប់ នៅ​គ្រប់​ក្នុង​លោកីយ​ទាំង​មូល ពី​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ​ដែល​ខ្ញុំ​បំរើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ពី​ព្រះ‌រាជ‌បុត្រា​ទ្រង់ នោះ​ជា​ស្មរ​បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​ទូល​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ជានិច្ច ព្រម​ទាំង​សូម​អង្វរ​ជា​ដរាប ឲ្យ​ខ្ញុំ​បាន​ឱកាស​ស្រួល​តាម​ព្រះ‌ហឫទ័យ​ម្តង​ណេះ ដើម្បី​នឹង​មក​ឯ​អ្នក​រាល់​គ្នា បើ​សិន​ជា​បាន ដោយ​ព្រោះ​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក​រាល់​គ្នា ដើម្បី​នឹង​ចែក​អំណោយ​ទាន​ណា​មួយ ខាង​វិញ្ញាណ​មក​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​តាំង​នៅ​យ៉ាង​ខ្ជាប់‌ខ្ជួន គឺ​ថា ឲ្យ​យើង​បាន​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ‌សារ​សេចក្ដី​ជំនឿ​របស់​យើង​និមួយៗ គឺ​របស់​អ្នក​រាល់​គ្នា នឹង​របស់​ខ្ញុំ​ផង តែ​បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​គិត​មក​ឯ​អ្នក​រាល់​គ្នា​ជា​រឿយៗ ដើម្បី​ឲ្យ​បាន​ផល​ខ្លះ ក្នុង​ពួក​អ្នក​រាល់​គ្នា ដូច​ជា​ក្នុង​ពួក​សាសន៍​ឯ​ទៀត​ដែរ តែ​ខ្ញុំ​មាន​សេចក្ដី​ឃាត់‌ឃាំង ដរាប​មក​ដល់​ឥឡូវ​នេះ ខ្ញុំ​មាន​សេចក្ដី​ជំពាក់​ទាំង​សាសន៍​ក្រេក នឹង​សាសន៍​ដទៃ ទាំង​អ្នក​ប្រាជ្ញ នឹង​អ្នក​ខ្លៅ​ផង ដូច្នេះ ឯ​ខ្ញុំៗ​ប្រុង​ប្រៀប​តែ​នឹង​ប្រាប់​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​ដែរ ដ្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម នឹង​សាសន៍​ក្រេក​ផង ដ្បិត​សេចក្ដី​សុចរិត​នៃ​ព្រះ បាន​សំដែង​មក​ក្នុង​ដំណឹង​ល្អ​នោះ ដោយ‌សារ​សេចក្ដី​ជំនឿ ហើយ​ឲ្យ​បាន​សេចក្ដី​ជំនឿ​ចំរើន​ច្រើន​ឡើង​ផង ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្ដី​ជំនឿ»។

ចែក​រំលែក
អាន រ៉ូម 1