រ៉ូម 1:1-17

រ៉ូម 1:1-17 គកស១៦

ប៉ុល ជា​អ្នក​បម្រើ របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​សន្យា​ពី​មុន តាម​រយៈ​ពួក​ហោរា​ព្រះ‌អង្គ នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ ជា​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដែល​ខាង​សាច់​ឈាម ព្រះ‌អង្គ​បាន​ចាប់​កំណើត​ក្នុង​រាជ​វង្ស​ព្រះបាទ​ដាវីឌ តែ​ខាង​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ ត្រូវ​បាន​តែង​តាំង​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ប្រកប​ដោយ​ព្រះ‌ចេស្តា ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា ដែល​តាម​រយៈ​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខ​ងារ​ជា​សាវក ដើម្បី​នាំ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​តាម​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ជា​អ្នក​ដែល​ទទួល​ការ​ត្រាស់​ហៅ​មក​ជា​កម្មសិទ្ធិ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ជូន​ចំពោះ​បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ​ទាំង​អស់​នៅ​ក្រុង​រ៉ូម ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​មក​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ ជា​បឋម ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អ្នក​ទាំង​អស់​គ្នា ព្រោះ​មាន​គេ​ប្រកាស​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា នៅ​ពាស​ពេញ​ពិភព‌លោក។ ព្រះ​ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ទ្រង់​ជា​ស្មរ​បន្ទាល់​របស់​ខ្ញុំ​ថា ខ្ញុំ​តែង​តែ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា​ជានិច្ច នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ ទាំង​សូម​អង្វរ​ឲ្យ​ម្តង​នេះ បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​ខ្ញុំ​មាន​ឱកាស​ល្អ​ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ឃើញ​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចែក​អំណោយ‌ទាន​ខាង​វិញ្ញាណ​ខ្លះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រឹង​មាំ គឺ​ថា ឲ្យ​យើង​បាន​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​ជំនឿ​របស់​យើង​ម្នាក់ៗ ទាំង​ជំនឿ​របស់​អ្នក​រាល់​គ្នា ទាំង​ជំនឿ​របស់​ខ្ញុំ។ បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​មាន​បំណង​ចង់​មក​ជួប​អ្នក​រាល់​គ្នា​ជា​ញឹក​ញាប់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ដទៃ​ឯ​ទៀត​ដែរ ប៉ុន្តែ ចេះ​តែ​មាន​អ្វី​រាំងរា​រហូត​មក​ទល់​ពេល​នេះ។ ខ្ញុំ​មាន​ការ​ជាប់​ជំពាក់​ទាំង​សាសន៍​ក្រិក និង​សាសន៍​ដទៃ ទាំង​អ្នក​ប្រាជ្ញ និង​អ្នក​ខ្លៅ។ ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​ចង់​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​នេះ​ដែរ។ ដ្បិត​ខ្ញុំ​មិន​ខ្មាស​អំពី​ដំណឹង​ល្អ​ទេ ព្រោះ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​ដំបូង​ដល់​សាសន៍​យូដា និង​ដល់​សាសន៍​ក្រិក​ផង។ ដ្បិត​នៅ​ក្នុង​ដំណឹង​ល្អ​នេះ សេចក្តី​សុចរិត​របស់​ព្រះ​បាន​សម្ដែង​មក តាម​រយៈ​ជំនឿ សម្រាប់​ជំនឿ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ» ។

អាន រ៉ូម 1