វិវរណៈ 8:1-13

វិវរណៈ 8:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំពីរ នៅ​ស្ថាន‌សួគ៌​ស្ងាត់​ច្រៀប ប្រហែល​ជា​កន្លះ​ម៉ោង។ បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ទេវតា​ទាំង​ប្រាំពីរ​ដែល​ឈរ​នៅ​ចំពោះ​ព្រះ បាន​ទទួល​ត្រែ​ប្រាំពីរ។ មាន​ទេវតា​មួយ​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន ដើម្បី​ថ្វាយ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនា​មាស​ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក ហើយ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ភាយ​ក្លិន​ឡើង ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​ពី​ដៃ​ទេវតា​នៅ​ចំពោះ​ព្រះ។ ទេវតា​បាន​យក​ពាន​មក​ដាក់​ភ្លើង​ដែល​នៅ​លើ​អាសនា រួច​បោះ​ទៅ​លើ​ផែនដី ហើយ​មាន​សំឡេង​ផ្គរ​លាន់ ផ្លេក‌បន្ទោរ និង​រញ្ជួយ​ផែនដី។ ពេល​នោះ ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ត្រែ​ប្រាំពីរ​នោះ ប្រុង​ប្រៀប​ជា​ស្រេច​នឹង​ផ្លុំ​ឡើង។ ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​មួយ​ភាគ​បី​ក៏​ឆេះ​អស់ ព្រម​ទាំង​ដើម​ឈើ​មួយ​ភាគ​បី និង​ស្មៅ​ទាំង​អស់​ដែរ។ ទេវតា​ទី​ពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ដូច​ជា​ភ្នំ​យ៉ាង​ធំ​កំពុង​តែ​ឆេះ បាន​បោះ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​មួយ​ភាគ​បី ក៏​ត្រឡប់​ទៅ​ជា​ឈាម អស់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ ដែល​មាន​ជីវិត​រស់ ក៏​ស្លាប់​អស់​មួយ​ភាគ​បី ហើយ​អស់​ទាំង​នាវា ក៏​ត្រូវ​បំផ្លាញ​មួយ​ភាគ​បី​ដែរ។ ទេវតា​ទី​បី​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ ធ្លាក់​ចុះ​ពី​លើ​មេឃ ទាំង​ឆេះ​ដូច​ជា​ចន្លុះ ធ្លាក់​ទៅ​លើ​អស់​ទាំង​ទន្លេ​មួយ​ភាគ​បី និង​ទៅ​លើ​រន្ធ​ទឹក​នានា​ដែរ។ ផ្កាយ​នោះ​ឈ្មោះ​ថា «ស្លែង» ទឹក​មួយ​ភាគ​បី​បាន​ក្លាយ​ទៅ​ជា​ពុល ហើយ​មនុស្ស​ជា​ច្រើន​ស្លាប់​ដោយ‌សារ​ទឹក​នោះ ព្រោះ​បាន​ត្រឡប់​ជា​ល្វីង​អស់​ហើយ។ ទេវតា​ទី​បួន​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​ព្រះ‌អាទិត្យ​រង​ការ​ប៉ះ​ទង្គិច​មួយ​ភាគ​បី ហើយ​ព្រះ‌ច័ន្ទ និង​ផ្កាយ​ទាំង​អស់​ងងឹត​មួយ​ភាគ​បី គឺ​នៅ​ពេល​ថ្ងៃ​គ្មាន​ពន្លឺ​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​ដូច្នោះ​ដែរ។ បន្ទាប់​មក ខ្ញុំ​បាន​ឃើញ ហើយ​ឮ​សត្វ​ឥន្ទ្រី​ហើរ​កាត់លំហ​អាកាស ទាំង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «វេទនា វេទនា វេទនា​ហើយ អស់​អ្នក​ដែល​នៅ​ផែនដី ព្រោះ​តែ​សូរ​ត្រែ​របស់​ទេវតា​ទាំង​បី ដែល​ហៀប​នឹង​ផ្លុំ!»។

ចែក​រំលែក
អាន វិវរណៈ 8

វិវរណៈ 8:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ‌ពីរ ស្រាប់​តែ​មេឃ​ស្ងប់​អស់​រយៈ​ពេល​ប្រមាណ​ជា​កន្លះ​ម៉ោង ខ្ញុំ​ក៏​បាន​ឃើញ​ទេវតា*​ប្រាំ‌ពីរ​រូប ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់ ទទួល​ត្រែ​ប្រាំ‌ពីរ។ មាន​ទេវតា*​មួយ​រូប​ទៀត​មក​ឈរ​នៅ​ជិត​អាសនៈ* ទាំង​កាន់​ពាន​មាស​មួយ​ផង។ ទេវតា​នោះ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន​យក​ទៅ​ថ្វាយ ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនៈ​មាស​ដែល​ស្ថិត​នៅ​ខាង​មុខ​បល្ល័ង្ក។ ផ្សែង​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញ​ពី​ដៃ​ទេវតា ឡើង​ទៅ​លើ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជាម្ចាស់។ ទេវតា​បាន​យក​ពាន ហើយ​យក​ភ្លើង​ពី​អាសនៈ មក​ដាក់​ពេញ​ពាន​នោះ រួច​ចាក់​ទៅ​លើ​ផែនដី ស្រាប់​តែ​មាន​ផ្គរ‌លាន់ មាន​សំឡេង មាន​ផ្លេក​បន្ទោរ ព្រម​ទាំង​មាន​រញ្ជួយ​ផែនដី​ផង។ ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ត្រែ​ទាំង​ប្រាំ‌ពីរ​នោះ ប្រុង​ប្រៀប​ផ្លុំ។ ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង លាយ​ជា​មួយ​ឈាម ធ្លាក់​មក​លើ​ផែនដី ផែនដី​ក៏​ឆេះ​អស់​មួយ​ភាគ​បី ដើម​ឈើ​ក៏​ឆេះ​អស់​មួយ​ភាគ​បី ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ក៏​ឆេះ​អស់​ដែរ។ ទេវតា​ទី​ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ដូច​ជា​ភ្នំ​មួយ​យ៉ាង​ធំ​ដែល​កំពុង​តែ​ឆេះ ធ្លាក់​ទៅ​ក្នុង​សមុទ្រ ទឹក​សមុទ្រ​មួយ​ភាគ​បី​ក៏​ក្លាយ​ទៅ​ជា​ឈាម សត្វ​ទាំង‌ឡាយ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​សមុទ្រ ត្រូវ​ស្លាប់​អស់​មួយ​ភាគ​បី ហើយ​នាវា​ក៏​ត្រូវ​វិនាស​បង់​អស់​មួយ​ភាគ​បី​ដែរ។ ទេវតា​ទី​បី​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ ដែល​កំពុង​តែ​ឆេះ​ដូច​ចន្លុះ ធ្លាក់​ពី​លើ​មេឃ​មក។ ផ្កាយ​នោះ​ធ្លាក់​មក​ក្នុង​ទន្លេ​ទាំង‌ឡាយ​អស់​មួយ​ភាគ​បី ហើយ​ក៏​ធ្លាក់​មក​លើ​ប្រភព​ទឹក​នានា​ដែរ។ ផ្កាយ​នោះ​មាន​ឈ្មោះ​ថា «ផ្លែ​ស្លែង» ទឹក​មួយ​ភាគ​បី​បាន​ក្លាយ​ទៅ​ជា​ពុល បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់ ព្រោះ​តែ​ជាតិ​ល្វីង​របស់​ទឹក​ទាំង​នោះ។ ទេវតា​ទី​បួន​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​ព្រះ‌អាទិត្យ​បាត់​រស្មី​អស់​មួយ​ភាគ​បី ហើយ​ព្រះ‌ច័ន្ទ និង​ផ្កាយ​ក៏​បាត់​រស្មី​មួយ​ភាគ​បី​ដែរ ធ្វើ​ឲ្យ​ងងឹត​អស់​មួយ​ភាគ​បី គឺ​ពេល​ថ្ងៃ​នឹង​ងងឹត​អស់​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​នឹង​ងងឹត​អស់​មួយ​ភាគ​បី​ដែរ។ ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សត្វ​ឥន្ទ្រី​មួយ​ហើរ​កាត់​អាកាស‌វេហាស៍ ទាំង​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា: «វេទនា​ហើយ! វេទនា​ហើយ! មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វេទនា​ហើយ ព្រោះ​តែ​សំឡេង​ត្រែ​ឯ​ទៀតៗ ដែល​ទេវតា​ទាំង​បី​រូប​ហៀប​នឹង​ផ្លុំ!»។

ចែក​រំលែក
អាន វិវរណៈ 8

វិវរណៈ 8:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​កូន​ចៀម​បក​ត្រា​ទី​៧ នោះ​នៅ​ស្ថាន‌សួគ៌​បាន​ស្ងាត់​ច្រៀប ប្រហែល​ជា​កន្លះ​ម៉ោង រួច​ខ្ញុំ​ឃើញ​ទេវតា​ទាំង​៧ ដែល​ឈរ​នៅ​ចំពោះ​ព្រះ ក៏​មាន​ត្រែ​៧​បាន​ប្រគល់​ទៅ​ឲ្យ មាន​ទេវតា​១​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​មាន​គ្រឿង​ក្រអូប​ជា​ច្រើន​បាន​ប្រគល់​ឲ្យ​ទេវតា​នោះ ដើម្បី​នឹង​ថ្វាយ​ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ នៅ​លើ​អាសនា​មាស​ដែល​នៅ​មុខ​បល្ល័ង្ក នោះ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ផ្សាយ​ឡើង ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​អំពី​ដៃ​នៃ​ទេវតា​នៅ​ចំពោះ​ព្រះ រួច​ទេវតា​ក៏​យក​ពាន ទៅ​ដាក់​ពេញ​ដោយ​ភ្លើង​ពី​លើ​អាសនា បោះ​ទៅ​លើ​ផែនដី នោះ​កើត​មាន​សំឡេង ផ្គរ‌លាន់ ផ្លេក‌បន្ទោរ នឹង​កក្រើក​ដី រួច​ទេវតា​ទាំង​៧​ដែល​កាន់​ត្រែ​៧​នោះ ក៏​រៀប​នឹង​ផ្លុំ​ឡើង។ ទេវតា​ទី​១​ក៏​ផ្លុំ​ឡើង នោះ​កើត​មាន​ព្រឹល ហើយ​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​១​ភាគ​ក្នុង​៣​បាន​ឆេះ​អស់​ទៅ ព្រម​ទាំង​ដើម​ឈើ​១​ភាគ​ក្នុង​៣​ដែរ នឹង​ស្មៅ​ទាំង​អស់​ផង។ ទេវតា​ទី​២​ក៏​ផ្លុំ​ឡើង នោះ​មាន​ដូច​ជា​ភ្នំ​យ៉ាង​ធំ​កំពុង​តែ​ឆេះ​ជា​ភ្លើង បាន​បោះ​ទំលាក់​នៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​១​ភាគ​ក្នុង​៣​ក៏​ត្រឡប់​ទៅ​ជា​ឈាម ហើយ​អស់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ ដែល​មាន​ជីវិត​រស់ ក៏​ស្លាប់​អស់​១​ភាគ​ក្នុង​៣ ហើយ​អស់​ទាំង​នាវា ក៏​ត្រូវ​បំផ្លាញ​១​ភាគ​ក្នុង​៣​ដែរ។ ទេវតា​ទី​៣​ក៏​ផ្លុំ​ឡើង នោះ​មាន​ផ្កាយ​១​យ៉ាង​ធំ​ធ្លាក់​ចុះ​ពី​លើ​មេឃ ទាំង​ឆេះ​ដូច​ជា​ចន្លុះ ក៏​ធ្លាក់​ទៅ​លើ​អស់​ទាំង​ទន្លេ​១​ភាគ​ក្នុង​៣ ហើយ​នឹង​លើ​អស់​ទាំង​រន្ធ​ទឹក ផ្កាយ​នោះ​ឈ្មោះ​ហៅ​ថា «ស្លែង» ហើយ​ទឹក​១​ភាគ​ក្នុង​៣​បាន​ត្រឡប់​ទៅ​ជា​ពុល មាន​មនុស្ស​ជា​ច្រើន​ស្លាប់ ដោយ‌សារ​ទឹក​នោះ ដ្បិត​បាន​ត្រឡប់​ជា​ល្វីង​អស់​ហើយ។ ទេវតា​ទី​៤​ក៏​ផ្លុំ​ឡើង នោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ នឹង​ផ្កាយ​ទាំង​ប៉ុន្មាន បាន​ត្រូវ​ងងឹត​ទៅ​១​ភាគ​ក្នុង​៣ នៅ​ពេល​ថ្ងៃ​គ្មាន​ពន្លឺ​១​ភាគ​ក្នុង​៣ ពេល​យប់​ក៏​ដូច្នោះ​ដែរ។ រួច​ខ្ញុំ​ឃើញ ហើយ​ឮ​សត្វ​ឥន្ទ្រី​ហើរ​កាត់​កណ្តាល​មេឃ ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា វេទនា វេទនា វេទនា​ហើយ ដល់​អស់​មនុស្ស​ដែល​នៅ​ផែនដី ដោយ​ព្រោះ​សូរ​ត្រែ​របស់​ទេវតា​ទាំង​៣ ដែល​រៀប​នឹង​ផ្លុំ​ទៀត។

ចែក​រំលែក
អាន វិវរណៈ 8

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ