វិវរណៈ 8
8
កូនចៀមបកត្រាទីប្រាំពីរ
1ពេលកូនចៀមបកត្រាទីប្រាំពីរ ស្រាប់តែមេឃស្ងប់អស់រយៈពេលប្រមាណជាកន្លះម៉ោង 2ខ្ញុំក៏បានឃើញទេវតា*ប្រាំពីររូប ដែលឈរនៅខាងមុខព្រះជាម្ចាស់ ទទួលត្រែប្រាំពីរ។ 3#អម. ៩.១; នក. ៣០.១, ៣មានទេវតា*មួយរូបទៀតមកឈរនៅជិតអាសនៈ* ទាំងកាន់ពានមាសមួយផង។ ទេវតានោះបានទទួលគ្រឿងក្រអូបជាច្រើនយកទៅថ្វាយ ជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។ 4ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវតា ឡើងទៅលើជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ 5#លវ. ១៦.១២; អគ. ១០.២; នក. ១៩.១៦; វវ. ១១.១៩, ១៦.១៨ទេវតាបានយកពាន ហើយយកភ្លើងពីអាសនៈ មកដាក់ពេញពាននោះ រួចចាក់ទៅលើផែនដី ស្រាប់តែមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរ ព្រមទាំងមានរញ្ជួយផែនដីផង។
សំឡេងត្រែទាំងប្រាំមួយ
6ទេវតាទាំងប្រាំពីរ ដែលកាន់ត្រែទាំងប្រាំពីរនោះ ប្រុងប្រៀបផ្លុំ។
7 #
នក. ៩.២៣-២៥; អគ. ៣៨.២២ ទេវតាទីមួយផ្លុំត្រែឡើង ស្រាប់តែមានព្រឹល និងភ្លើង លាយជាមួយឈាម ធ្លាក់មកលើផែនដី ផែនដីក៏ឆេះអស់មួយភាគបី ដើមឈើក៏ឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងប៉ុន្មានក៏ឆេះអស់ដែរ។
8ទេវតាទីពីរផ្លុំត្រែឡើង ស្រាប់តែមានដូចជាភ្នំមួយយ៉ាងធំដែលកំពុងតែឆេះ ធ្លាក់ទៅក្នុងសមុទ្រ ទឹកសមុទ្រមួយភាគបីក៏ក្លាយទៅជាឈាម 9សត្វទាំងឡាយដែលមានជីវិតរស់នៅក្នុងសមុទ្រ ត្រូវស្លាប់អស់មួយភាគបី ហើយនាវាក៏ត្រូវវិនាសបង់អស់មួយភាគបីដែរ។
10 #
អស. ១៤.១២
ទេវតាទីបីផ្លុំត្រែឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំ ដែលកំពុងតែឆេះដូចចន្លុះ ធ្លាក់ពីលើមេឃមក។ ផ្កាយនោះធ្លាក់មកក្នុងទន្លេទាំងឡាយអស់មួយភាគបី ហើយក៏ធ្លាក់មកលើប្រភពទឹកនានាដែរ។ 11#យរ. ៩.១៥ផ្កាយនោះមានឈ្មោះថា «ផ្លែស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល បណ្ដាលឲ្យមនុស្សជាច្រើនស្លាប់ ព្រោះតែជាតិល្វីងរបស់ទឹកទាំងនោះ។
12 #
អស. ១៣.១០; អគ. ៣២.៧; យអ. ២.១០, ៣១, ៣.១៥ ទេវតាទីបួនផ្លុំត្រែឡើង ស្រាប់តែព្រះអាទិត្យបាត់រស្មីអស់មួយភាគបី ហើយព្រះច័ន្ទ និងផ្កាយក៏បាត់រស្មីមួយភាគបីដែរ ធ្វើឲ្យងងឹតអស់មួយភាគបី គឺពេលថ្ងៃនឹងងងឹតអស់មួយភាគបី ហើយពេលយប់ក៏នឹងងងឹតអស់មួយភាគបីដែរ។
13ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសត្វឥន្ទ្រីមួយហើរកាត់អាកាសវេហាស៍ ទាំងស្រែកឡើងយ៉ាងខ្លាំងៗថា: «វេទនាហើយ! វេទនាហើយ! មនុស្សនៅលើផែនដីនឹងត្រូវវេទនាហើយ ព្រោះតែសំឡេងត្រែឯទៀតៗ ដែលទេវតាទាំងបីរូបហៀបនឹងផ្លុំ!»។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 8: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.