វិវរណៈ 7:1-17

វិវរណៈ 7:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​បួន​រូប ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​បួន ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​បួន​ទិស មិន​ឲ្យ​បក់​មក​លើ​ផែនដី សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ។ រួច​ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត ដែល​ឡើង​មក​ពី​ទិស​ថ្ងៃ​រះ មាន​ទាំង​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទេវតា​នោះ​ក៏​បន្លឺ​សំឡេង​ទៅ​ទេវតា​ទាំង​បួន ដែល​មាន​អំណាច​នឹង​ធ្វើ​ទុក្ខ​ផែនដី និង​សមុទ្រ​ថា៖ «កុំ​អាល​ធ្វើ​ទុក្ខ​ផែនដី សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ ទម្រាំ​យើង​បាន​បោះ​ត្រា​នៅ​លើ​ថ្ងាស​ពួក​អ្នក​បម្រើ​របស់​ព្រះ​នៃ​យើង​សិន»។ ពេល​នោះ ខ្ញុំ​ឮ​ថា ពួក​អ្នក​ដែល​បាន​បោះ​ត្រា​នោះ​មាន​ចំនួន មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ មក​ពី​គ្រប់​កុល‌សម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​ពី​កុល‌សម្ព័ន្ធ​យូដា បាន​បោះ​ត្រា​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​រូបេន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​កាឌ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អេស៊ើរ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​លេវី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​សាប់‌យូឡូន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​យ៉ូសែប មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ និង​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដែល​បាន​បោះ​ត្រា។ ក្រោយ​នោះ​មក ខ្ញុំ​មើល​ទៅ​ឃើញ​មនុស្ស​ច្រើន​កុះករ ដែល​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​គ្រប់​ភាសា ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​ដៃ​កាន់​ធាង​ចាក។ គេ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ការ​សង្គ្រោះ​ស្រេច​លើ​ព្រះ​នៃ​យើង ដែល​គង់​លើ​បល្ល័ង្ក និង​ស្រេច​លើកូន​ចៀម!»។ អស់​ទាំង​ទេវតា​ដែល​ឈរ​នៅ​ជុំ​វិញ​បល្ល័ង្ក ពួក​ចាស់​ទុំ និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​ក្រាប​ចុះ​នៅ​មុខ​បល្ល័ង្ក ថ្វាយ​បង្គំ​ព្រះ ទាំង​ពោល​ថា៖ «អាម៉ែន! សូម​ថ្វាយ​ព្រះ‌ពរ សិរី‌ល្អ ប្រាជ្ញា អរ​ព្រះ‌គុណ កិត្តិនាម ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ដល់​ព្រះ​នៃ​យើង​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ! អាម៉ែន»។ ពេល​នោះ ពួក​ចាស់​ទុំ​ម្នាក់​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​អ្នក​ណា ហើយ​គេ​មក​ពី​ណា?» ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​អើយ លោក​ជ្រាប​ហើយ»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក ពួក​គេ​បាន​បោក​អាវ​វែង​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ស​ដោយ​សារ​ឈាម​របស់​កូន​ចៀម។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ ហើយ​គោរព​បម្រើ​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌វិហារ​ទាំង​យប់​ទាំង​ថ្ងៃ ឯ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​នឹង​ធ្វើ​ជា​ជម្រក​ដល់​គេ។ គេ​មិន​ឃ្លាន ក៏​មិន​ស្រេក​ទៀត​ឡើយ ព្រះ‌អាទិត្យ​មិន​ជះ​កម្ដៅ​លើ​គេ ក៏​គ្មាន​ចំហាយ​ក្ដៅ​ណា​ទៀត​ដែរ ។ ដ្បិត​កូន​ចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ​ទៅ​រក​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​គេ »។

ចែក​រំលែក
អាន វិវរណៈ 7

វិវរណៈ 7:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក​ទៀត ខ្ញុំ​ឃើញ​ទេវតា*​បួន​រូប​ឈរ​នៅ​ទិស​ទាំង​បួន​នៃ​ផែនដី។ ទេវតា​ទាំង​នោះ​នាំ​គ្នា​ទប់​ខ្យល់​ទាំង​បួន​ទិស កុំ​ឲ្យ​បក់​បោក​មក​លើ​ផែនដី មក​លើ​សមុទ្រ ឬ​មក​លើ​ដើម​ឈើ​ណា​មួយ​ឡើយ។ បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ទៀត​ឡើង​ពី​ទិស​ខាង​កើត​មក ទាំង​កាន់​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ផង។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ទៅ​កាន់​ទេវតា​ទាំង​បួន ដែល​បាន​ទទួល​អំណាច​ធ្វើ​ទុក្ខ​ទោស​ផែនដី និង​សមុទ្រ​ថា៖ «សូម​កុំ​អាល​ធ្វើ​ទុក្ខ​ទោស​ផែនដី សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ ចាំ​យើង​បោះ​ត្រា​សម្គាល់​លើ​ថ្ងាស​ពួក​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់​នៃ​យើង​ហើយ​សិន»។ ពេល​នោះ ខ្ញុំ​ក៏​ឮ​ថា​អស់​អ្នក​ដែល​ត្រូវ​គេ​បោះ​ត្រា​សម្គាល់ មាន​ចំនួន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ មក​ពី​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ មាន​ត្រា​សម្គាល់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យូដា មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​រូបេន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​កាដ មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​លេវី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យ៉ូសែប និង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​គេ​បាន​បោះ​ត្រា​សម្គាល់។ ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ​ឃើញ​មហា‌ជន​ដ៏​ច្រើន​កុះ‌ករ គ្មាន​នរណា​អាច​រាប់​ចំនួន​ឡើយ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ភាសា។ ពួក​គេ​ពាក់​អាវ​ស​វែង ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ធាង​ទន្សែ​នៅ​ដៃ​ផង។ គេ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «មាន​តែ​ព្រះ‌នៃ​យើង​ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​កូន​ចៀម​ប៉ុណ្ណោះ​ទេ ដែល​សង្គ្រោះ​យើង»។ ពេល​នោះ ទេវតា​ទាំង​ប៉ុន្មាន​ដែល​ឈរ​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​ពួក​ព្រឹទ្ធា‌ចារ្យ និង​ជុំ‌វិញ​សត្វ​មាន​ជីវិត​ទាំង​បួន នាំ​គ្នា​ក្រាប​នៅ​មុខ​បល្ល័ង្ក ទាំង​ឱន​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់ ហើយ​ពោល​ថា៖ «អាម៉ែន! សូម​កោត​សរសើរ សូម​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ប្រាជ្ញា‌ញាណ សូម​អរ​ព្រះ‌គុណ សូម​លើក​តម្កើង​ព្រះ‌កិត្តិនាម ឫទ្ធា‌នុភាព និង​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​នៃ​យើង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!»។ ព្រឹទ្ធា‌ចារ្យ​មួយ​រូប​មាន​ប្រសាសន៍​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​វែង​នោះ​ជា​នរណា ហើយ​គេ​មក​ពី​ណា?»។ ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​ស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ‌ជា‌ម្ចាស់ និង​គោរព​បម្រើ​ព្រះអង្គ​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ។ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក នឹង​ទទួល​គេ​ឲ្យ​ជ្រក​កោន​ក្នុង​ព្រះ‌ពន្លា*​របស់​ព្រះអង្គ​ ។ ពួក​គេ​នឹង​លែង​ឃ្លាន លែង​ស្រេក​ទៀត​ហើយ ព្រះ‌អាទិត្យ និង​កម្ដៅ​គ្រប់​យ៉ាង ក៏​នឹង​លែង​ធ្វើ​ទុក្ខ​គេ​ទៀត​ដែរ ដ្បិត​កូន​ចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល​ពួក​គេ ព្រះអង្គ​នឹង​នាំ​គេ​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​ព្រះ‌ជា‌ម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ​ »។

ចែក​រំលែក
អាន វិវរណៈ 7

វិវរណៈ 7:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​៤​រូប ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​៤ ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​៤​ទិស មិន​ឲ្យ​បក់​មក​លើ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ រួច​ខ្ញុំ​ឃើញ​ទេវតា​១​ទៀត ដែល​ឡើង​មក​ពី​ទិស​ថ្ងៃ​រះ មាន​ទាំង​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទេវតា​នោះ​ក៏​បន្លឺ​សំឡេង​ទៅ​ទេវតា​ទាំង​៤​នោះ ដែល​មាន​អំណាច​នឹង​ធ្វើ​ទុក្ខ​ផែនដី ហើយ​នឹង​សមុទ្រ​ថា កុំ​ឲ្យ​ធ្វើ​ទុក្ខ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ក្តី ទាល់​តែ​បោះ​ត្រា​នៅ​ត្រង់​ថ្ងាស​នៃ​ពួក​បាវ​បំរើ​របស់​ព្រះ​នៃ​យើង​សិន ខ្ញុំ​ក៏​ឮ​ចំនួន​ពួក​អ្នក ដែល​បាន​បោះ​ត្រា​នោះ​ថា មាន​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មក​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ជន‌ជាតិ​អ៊ីស្រាអែល គឺ​ពី​ពូជ​អំបូរ​យូដា បាន​បោះ​ត្រា​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​រូបេន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​កាឌ់ មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​អេស៊ើរ មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​ណែប‌ថាលី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​ម៉ាន៉ាសេ មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​ស៊ីម្មាន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​លេវី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​អ៊ីសាខារ មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​សាប់‌យូល៉ូន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​យ៉ូសែប មាន​១​ម៉ឺន​២​ពាន់​នាក់ ហើយ​ពី​ពូជ​អំបូរ​បេន‌យ៉ាមីន មាន​១​ម៉ឺន​២​ពាន់​នាក់ ដែល​បាន​បោះ​ត្រា។ ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ គេ​បន្លឺ​សំឡេង​ថា សេចក្ដី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង រួច​អស់​ទាំង​ទេវតា​ដែល​ឈរ​នៅ​ជុំ‌វិញ​បល្ល័ង្ក ព្រម​ទាំង​ពួក​ចាស់‌ទុំ នឹង​តួ​មាន​ជីវិត​ទាំង​៤ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​បល្ល័ង្ក ថ្វាយ‌បង្គំ​ដល់​ព្រះ ទាំង​ទូល​ថា អាម៉ែន សូម​ថ្វាយ​ព្រះ‌ពរ សិរី‌ល្អ ប្រាជ្ញា ពាក្យ​អរ​ព្រះ‌គុណ កិត្តិ‌នាម ព្រះ‌ចេស្តា នឹង​ឥទ្ធិ‌ឫទ្ធិ ដល់​ព្រះ​នៃ​យើង​រាល់​គ្នា នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។ នោះ​ពួក​ចាស់‌ទុំ​ម្នាក់​សួរ​មក​ខ្ញុំ​ថា តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​ពួក​ណា ហើយ​មក​ពី​ណា ខ្ញុំ​ក៏​ឆ្លើយ​ទៅ​ថា លោក​ម្ចាស់​អើយ លោក​ជ្រាប​ហើយ រួច​អ្នក​នោះ​និយាយ​មក​ខ្ញុំ​ថា អ្នក​ទាំង​នោះ​ជា​ពួក​អ្នក ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម ហេតុ​នោះ​បាន​ជា​គេ​ស្ថិត​នៅ​ចំពោះ​បល្ល័ង្ក​ព្រះ ព្រម​ទាំង​បំរើ​ទ្រង់ នៅ​ក្នុង​ព្រះ‌វិហារ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ ទ្រង់​នឹង​ធ្វើ​ជា​ត្រសាល​បាំង​ឲ្យ​គេ គេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​មក​លើ​គេ ឬ​ចំហាយ​ណា​ទៀត​ឡើយ ពី​ព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ‌ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ។

ចែក​រំលែក
អាន វិវរណៈ 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ