វិវរណៈ 7:1-17

វិវរណៈ 7:1-17 គកស១៦

ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​បួន​រូប ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​បួន ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​បួន​ទិស មិន​ឲ្យ​បក់​មក​លើ​ផែនដី សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ។ រួច​ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត ដែល​ឡើង​មក​ពី​ទិស​ថ្ងៃ​រះ មាន​ទាំង​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទេវតា​នោះ​ក៏​បន្លឺ​សំឡេង​ទៅ​ទេវតា​ទាំង​បួន ដែល​មាន​អំណាច​នឹង​ធ្វើ​ទុក្ខ​ផែនដី និង​សមុទ្រ​ថា៖ «កុំ​អាល​ធ្វើ​ទុក្ខ​ផែនដី សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ ទម្រាំ​យើង​បាន​បោះ​ត្រា​នៅ​លើ​ថ្ងាស​ពួក​អ្នក​បម្រើ​របស់​ព្រះ​នៃ​យើង​សិន»។ ពេល​នោះ ខ្ញុំ​ឮ​ថា ពួក​អ្នក​ដែល​បាន​បោះ​ត្រា​នោះ​មាន​ចំនួន មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ មក​ពី​គ្រប់​កុល‌សម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​ពី​កុល‌សម្ព័ន្ធ​យូដា បាន​បោះ​ត្រា​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​រូបេន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​កាឌ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អេស៊ើរ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​លេវី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​សាប់‌យូឡូន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​យ៉ូសែប មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ និង​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដែល​បាន​បោះ​ត្រា។ ក្រោយ​នោះ​មក ខ្ញុំ​មើល​ទៅ​ឃើញ​មនុស្ស​ច្រើន​កុះករ ដែល​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​គ្រប់​ភាសា ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​ដៃ​កាន់​ធាង​ចាក។ គេ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ការ​សង្គ្រោះ​ស្រេច​លើ​ព្រះ​នៃ​យើង ដែល​គង់​លើ​បល្ល័ង្ក និង​ស្រេច​លើកូន​ចៀម!»។ អស់​ទាំង​ទេវតា​ដែល​ឈរ​នៅ​ជុំ​វិញ​បល្ល័ង្ក ពួក​ចាស់​ទុំ និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​ក្រាប​ចុះ​នៅ​មុខ​បល្ល័ង្ក ថ្វាយ​បង្គំ​ព្រះ ទាំង​ពោល​ថា៖ «អាម៉ែន! សូម​ថ្វាយ​ព្រះ‌ពរ សិរី‌ល្អ ប្រាជ្ញា អរ​ព្រះ‌គុណ កិត្តិនាម ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ដល់​ព្រះ​នៃ​យើង​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ! អាម៉ែន»។ ពេល​នោះ ពួក​ចាស់​ទុំ​ម្នាក់​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​អ្នក​ណា ហើយ​គេ​មក​ពី​ណា?» ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​អើយ លោក​ជ្រាប​ហើយ»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក ពួក​គេ​បាន​បោក​អាវ​វែង​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ស​ដោយ​សារ​ឈាម​របស់​កូន​ចៀម។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ ហើយ​គោរព​បម្រើ​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌វិហារ​ទាំង​យប់​ទាំង​ថ្ងៃ ឯ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​នឹង​ធ្វើ​ជា​ជម្រក​ដល់​គេ។ គេ​មិន​ឃ្លាន ក៏​មិន​ស្រេក​ទៀត​ឡើយ ព្រះ‌អាទិត្យ​មិន​ជះ​កម្ដៅ​លើ​គេ ក៏​គ្មាន​ចំហាយ​ក្ដៅ​ណា​ទៀត​ដែរ ។ ដ្បិត​កូន​ចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ​ទៅ​រក​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​គេ »។

អាន វិវរណៈ 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ