វិវរណៈ 6:1-17

វិវរណៈ 6:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​បក​ត្រា​ទី​មួយ ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំ‌ពីរ​នោះ ហើយ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​មួយ ក្នុង​បណ្ដា​សត្វ​មាន​ជីវិត​ទាំង​បួន បន្លឺ​សំឡេង​ឡើង​ដូច​ផ្គរ‌លាន់​ថា: «សូម​អញ្ជើញ​មក!»។ ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​ស​មួយ អ្នក​ជិះ​សេះ​នោះ​កាន់​ធ្នូ។ គាត់​បាន​ទទួល​មកុដ​មួយ ហើយ​ចាក​ចេញ​ទៅ​មាន​រាង​ដូច​ជា​អ្នក​ឈ្នះ ដើម្បី​វាយ​យក​ជ័យ‌ជម្នះ។ ពេល​កូន​ចៀម​បក​ត្រា​ទី​ពីរ ខ្ញុំ​ឮ​សូរ​សត្វ​មាន​ជីវិត​ទី​ពីរ​ពោល​ថា: «សូម​អញ្ជើញ​មក!»។ ស្រាប់​តែ​សេះ​មួយ​ទៀត​ចេញ​មក សម្បុរ​ក្រហម​ដូច​ភ្លើង។ អ្នក​ជិះ​សេះ​នោះ​បាន​ទទួល​អំណាច​ដក​សន្តិ‌ភាព​ចេញ​ពី​ផែនដី ដើម្បី​ឲ្យ​មនុស្ស​លោក​ប្រហារ​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។ ពេល​កូន​ចៀម​បក​ត្រា​ទី​បី ខ្ញុំ​ឮ​សូរ​សត្វ​មាន​ជីវិត​ទី​បី​ពោល​ថា: «សូម​អញ្ជើញ​មក!»។ ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​ខ្មៅ​មួយ។ អ្នក​ជិះ​សេះ​នោះ​កាន់​ជញ្ជីង​មួយ​នៅ​ដៃ ហើយ​ខ្ញុំ​បាន​ឮ​ដូច​ជា​មាន​សំឡេង​មួយ ចេញ​ពី​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​ថា: «អង្ករ​មួយ​គីឡូ ថ្លៃ​មួយ​ដួង* ពោត​បី​គីឡូ​ក៏​ថ្លៃ​មួយ​ដួង​ដែរ​ រីឯ​ប្រេង និង​ស្រា​ទំពាំង‌បាយជូរ​វិញ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ»។ ពេល​កូន​ចៀម​បក​ត្រា​ទី​បួន ខ្ញុំ​ឮ​សូរ​សំឡេង​សត្វ​មាន​ជីវិត​ទី​បួន​ពោល​ថា: «សូម​អញ្ជើញ​មក!»។ ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​មួយ​សម្បុរ​ត្រួយ‌ចេក អ្នក​ជិះ​សេះ​នោះ​ឈ្មោះ​មច្ចុរាជ ហើយ​ស្ថាន​មច្ចុរាជ​ ​ក៏​មក​ជា​មួយ​គាត់​ដែរ។ មច្ចុរាជ និង​ស្ថាន​មច្ចុរាជ បាន​ទទួល​អំណាច​លើ​មួយ​ភាគ​បួន​នៃ​ផែនដី ហើយ​ យក​ដាវ ទុរ្ភិក្ស ជំងឺ​អាសន្ន‌រោគ និង​សត្វ​សាហាវ​នៅ​លើ​ផែនដី ឲ្យ​មក​ប្រល័យ​ជីវិត​មនុស្ស​លោក។ ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ​នៅ​ក្រោម​អាសនៈ ខ្ញុំ​ឃើញ​វិញ្ញាណ‌ក្ខ័ន្ធ​អស់​អ្នក​ដែល​គេ​បាន​ប្រហារ​ជីវិត ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់ និង​ព្រោះ​តែ​អ្នក​ទាំង​នោះ​បាន​ផ្ដល់​សក្ខីភាព។ អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថា: «ឱ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះ​ដ៏វិសុទ្ធ* និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ព្រះអង្គ​រក​យុត្តិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែនដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។ អ្នក​ទាំង​នោះ​បាន​ទទួល​អាវ​ស​វែង​ម្នាក់​មួយៗ ហើយ​ឮ​សំឡេង​ប្រាប់​ថា ឲ្យ​នៅ​រង់‌ចាំ​មួយ‌ភ្លែត​ទៀត​សិន ទម្រាំ​ដល់​មិត្ត​រួម​ការ‌ងារ និង​បងប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​ត្រូវ​គេ​សម្លាប់​ដូច​គ្នា គ្រប់​ចំនួន។ ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ​មួយ ខ្ញុំ​មើល​ទៅ​ឃើញ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ព្រះ‌អាទិត្យ​បែរ​ជា​ងងឹត​ដូច​ក្រណាត់​ខ្មៅ ហើយ​ព្រះ‌ច័ន្ទ​ទាំង​មូល​បែរ​ទៅ​ជា​ក្រហម​ដូច​ឈាម រីឯ​ផ្កាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​ចុះ​មក​ដី ដូច​ផ្លែ​ល្វា​ខ្ចី​ជ្រុះ នៅ​ពេល​ខ្យល់​បក់​បោក​ដើម​វា​យ៉ាង​ខ្លាំង។ ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​ភ្នំ និង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​របើក​ចេញ​ពី​កន្លែង​របស់​វា​ដែរ។ ស្ដេច​នានា​នៅ​លើ​ផែនដី ពួក​អ្នក​ធំ ពួក​មេ‌ទ័ព ពួក​អ្នក​មាន ពួក​អ្នក​ខ្លាំង​ពូកែ ពួក​អ្នក​ងារ និង​អ្នក​ជា​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ និង​តាម​ថ្ម​ភ្នំ ទាំង​ពោល​ទៅ​កាន់​ភ្នំ និង​ថ្ម​ថា: ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក ចូរ​ជួយ​លាក់​យើង​ខ្ញុំ ឲ្យ​ផុត​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​កូន​ចៀម ដ្បិត​ថ្ងៃ​ដ៏​អស្ចារ្យ​ជា​ថ្ងៃ​ដែល​ព្រះអង្គ និង​កូន​ចៀម ទ្រង់​ព្រះ‌ពិរោធ​នោះ មក​ដល់​ហើយ គ្មាន​នរណា​អាច​រួច​ខ្លួន​ឡើយ។

ចែក​រំលែក
អាន វិវរណៈ 6

វិវរណៈ 6:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ខ្ញុំ​ឃើញ​កូន​ចៀម​បក​ត្រា​ទី​មួយ​ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំពីរ រួច​ខ្ញុំ​ឮ​សត្វ​មួយ ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរ​លាន់​ថា៖ «ចូល​មក!»។ ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​ស​មួយ អ្នក​ជិះ​លើ​វា​មាន​កាន់​ធ្នូ ហើយ​មាន​គេ​ឲ្យ​មកុដ​ដល់​អ្នក​នោះ រួច​អ្នក​នោះ​ចេញ​ទៅ​ទាំង​មាន​ជ័យ​ជម្នះ ហើយ​ដើម្បី​វាយ​យក​ជ័យ​ជម្នះ។ ពេល​កូន​ចៀម​បក​ត្រា​ទី​ពីរ ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​ពីរ​ពោល​ថា៖ «ចូរ​មក!» ពេល​នោះ ស្រាប់​តែ​មាន​សេះ​មួយ​ទៀត​ចេញ​មក មាន​សម្បុរ​ក្រហម​ដូច​ភ្លើង។ អ្នក​ជិះ​សេះ​នោះ មាន​អំណាច​នឹង​ដក​យក​សេចក្ដី​សុខ​សាន្ត​ចេញ​ពី​ផែនដី ដើម្បី​ឲ្យ​មនុស្ស​លោក​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គេ​ប្រគល់​ដាវ​មួយ​យ៉ាង​ធំ​ឲ្យ​អ្នក​នោះ។ ពេល​កូន​ចៀម​បក​ត្រា​ទី​បី ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​បី​ពោល​ថា៖ «ចូរ​មក!» ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​ខ្មៅ​មួយ ហើយ​អ្នក​ជិះ​សេះ​នោះ​មាន​កាន់​ជញ្ជីង​មួយ​នៅ​ដៃ រួច​ខ្ញុំ​ឮ​ដូច​ជា​មាន​សំឡេង​មួយ​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន ពោល​ថា៖ «អង្ករ​ស្រូវ​សាលី​មួយ​នាលិ ថ្លៃ​មួយ​ដេណារី ហើយ​អង្ករ​ស្រូវ​ឱក​បី​នាលិ ក៏​ថ្លៃ​មួយ​ដេណារី​ដែរ តែ​កុំ​បង្ខូច​ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ!»។ ពេល​កូន​ចៀម​បក​ត្រា​ទី​បួន ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​បួន​ពោល​ថា៖ «ចូរ​មក!» ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​មួយ សម្បុរ​បៃតង​ស្លាំង អ្នក​ជិះ​សេះ​នោះ​មាន​ឈ្មោះ​ថា «ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ទៅ​តាម​អ្នក​នោះ។ គេ​ឲ្យ​ទាំង​ពីរ​នោះ​មាន​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន ដើម្បី​សម្លាប់​ដោយ​ដាវ អំណត់ ទុក្ខ​វេទនា និង​ដោយ​សត្វ​សាហាវ នៅ​លើ​ផែនដី។ ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ នៅ​ក្រោម​អាសនា ខ្ញុំ​ឃើញ​មាន​ព្រលឹង​មនុស្ស​ទាំង​អស់ ដែល​គេ​បាន​សម្លាប់ ដោយ​ព្រោះ​កាន់​តាម​ព្រះ‌បន្ទូល និង​សេចក្តី​បន្ទាល់។ ព្រលឹង​ទាំង​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​បរិសុទ្ធ ហើយ​ស្មោះ​ត្រង់​អើយ តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​ជំនុំ​ជម្រះ ហើយ​សង​សឹក​ដល់​ពួក​មនុស្ស​នៅ​លើ​ផែនដី ដោយ​ព្រោះ​ឈាម​របស់​យើង​ខ្ញុំ?» មាន​គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ទាំង​នោះ​ម្នាក់​មួយៗ ហើយ​ប្រាប់​ឲ្យ​ឈប់​សម្រាក​បន្តិច​ទៀត​សិន ទម្រាំ​ពួក​អ្នក​បម្រើ ជា​គូ​កន និង​ជា​បង‌ប្អូន ដែល​ត្រូវ​គេ​សម្លាប់​ដូច​គ្នា បាន​គ្រប់​ចំនួន។ ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំមួយ ខ្ញុំ​មើល​ទៅ​ឃើញ​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ព្រះ‌អាទិត្យ​ត្រឡប់​ជា​ខ្មៅ ដូច​សំពត់​រោម​ខ្មៅ ហើយ​ព្រះ‌ច័ន្ទ​ត្រឡប់​ដូច​ជា​ឈាម ផ្កាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​មក​លើ​ផែនដី ដូច​ផ្លែ​ល្វា​ខ្ចី​ជ្រុះ​ពី​ដើម ដោយ​ត្រូវ​ខ្យល់​ធំ​បក់​បោក។ ផ្ទៃ​មេឃ​ក៏​បាត់​ទៅ ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​ភ្នំ និង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​រើ​ចេញ​ពី​កន្លែង​របស់​វា​ដែរ។ អស់​ទាំង​ស្តេច​នៅ​ផែនដី និង​ពួក​អ្នក​ធំ ពួក​អ្នក​មាន ពួក​មេ​ទ័ព ពួក​ខ្លាំង​ពូកែ ហើយ​គ្រប់​គ្នា ទាំង​អ្នក​បម្រើ ទាំង​អ្នក​ជា ក៏​ពួន​នៅ​ក្នុង​រអាង និង​តាម​ក្រហែង​ថ្ម​ភ្នំ ទាំង​អង្វរ​ទៅ​ភ្នំ និង​ថ្ម​ថា៖ «សូម​ធ្លាក់​មក​លើ​យើង​ខ្ញុំ ដើម្បី​បំបាំង​យើង ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​ពី​សេចក្ដី​ក្រោធ​របស់​កូន​ចៀមផង ដ្បិត​ថ្ងៃ​ដ៏​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​មក​ដល់​ហើយ តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន?»។

ចែក​រំលែក
អាន វិវរណៈ 6

វិវរណៈ 6:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​កូន​ចៀម​បក​ត្រា​ទី​១ នោះ​ខ្ញុំ​ក៏​ឃើញ រួច​ខ្ញុំ​ឮ​តួ​មាន​ជីវិត​១ បន្លឺ​សំឡេង​ដូច​ផ្គរ‌លាន់​ថា ចូរ​មក​មើល​ចុះ ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ស​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ធ្នូ ហើយ​មាន​គេ​ឲ្យ​មកុដ​ដល់​អ្នក​នោះ រួច​អ្នក​នោះ​ចេញ​ទៅ​ទាំង​មាន​ជ័យ‌ជំនះ ហើយ​ឲ្យ​បាន​ឈ្នះ​ត​ទៅ។ លុះ​បក​ត្រា​ទី​២ នោះ​ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​២​ថា ចូរ​មក​មើល​ចុះ នោះ​មាន​សេះ​១​ទៀត​ចេញ​មក មាន​សម្បុរ​ក្រហម ហើយ​គេ​ឲ្យ​អ្នក​ដែល​ជិះ មាន​អំណាច​អាច​នឹង​ដក​យក​សេចក្ដី​សុខ‌សាន្ត​ពី​ផែនដី​ចេញ ឲ្យ​មនុស្ស​លោក​បាន​សំឡាប់​គ្នា គេ​ក៏​ប្រគល់​ដាវ​១​យ៉ាង​ធំ ដល់​អ្នក​នោះ​ដែរ។ លុះ​បក​ត្រា​ទី​៣ នោះ​ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​៣​ថា ចូរ​មក​មើល​ចុះ ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ខ្មៅ​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ជញ្ជីង​១​នៅ​ដៃ រួច​ខ្ញុំ​ឮ​សំឡេង​១​នៅ​កណ្តាល​តួ​មាន​ជីវិត​ទាំង​៤ ពោល​ដូច្នេះ​ថា អង្ករ​ស្រូវ‌សាលី​១​នាលិ​ថ្លៃ​២​កាក់ ហើយ​អង្ករ​ស្រូវ​ឱក​៣​នាលិ​ថ្លៃ​២​កាក់ តែ​កុំ​ឲ្យ​បង្ខូច​ប្រេង នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ។ លុះ​បក​ត្រា​ទី​៤ នោះ​ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​៤​ថា ចូរ​មក​មើល​ចុះ ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​សេះ​១​សម្បុរ​ស្លាំង ឯ​អ្នក​ដែល​ជិះ​មាន​ឈ្មោះ​ថា «សេចក្ដី​ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​តាម​អ្នក​នោះ​ទៅ គេ​ឲ្យ​ទាំង​២​នោះ​មាន​អំណាច​លើ​ផែនដី​១​ភាគ​ក្នុង​៤ ដើម្បី​នឹង​សំឡាប់​ដោយ​ដាវ អំណត់​អត់ នឹង​សេចក្ដី​វេទនា ហើយ​ដោយ​សត្វ​ព្រៃ​នៅ​ផែនដី​ផង។ លុះ​បក​ត្រា​ទី​៥ នោះ​នៅ​ក្រោម​អាសនា ខ្ញុំ​ក៏​ឃើញ​មាន​អស់​ទាំង​ព្រលឹង​របស់​មនុស្ស ដែល​គេ​បាន​សំឡាប់ ដោយ​ព្រោះ​កាន់​តាម​ព្រះ‌បន្ទូល នឹង​សេចក្ដី​បន្ទាល់ ឯ​ព្រលឹង​ទាំង​នោះ​ក៏​បន្លឺ​សំឡេង​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់ ជា​ព្រះ​បរិសុទ្ធ ហើយ​ពិត​ប្រាកដ​អើយ តើ​ទ្រង់‌ចាំ​ដល់​កាល​ណា​ទៀត​បាន​ជំនុំ​ជំរះ ហើយ​សង‌សឹក​ដល់​ពួក​មនុស្ស​នៅ​លើ​ផែនដី ដោយ​ព្រោះ​ឈាម​យើង​ខ្ញុំ​រាល់​គ្នា នោះ​មាន​គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ទាំង​នោះ ហើយ​ក៏​ប្រាប់​ឲ្យ​ឈប់​សំរាក​បន្តិច​សិន ទាល់​តែ​ពួក​បាវ​បំរើ ជា​គូ‌កន ហើយ​ជា​បង​ប្អូន ដែល​ត្រូវ​សំឡាប់​បែប​ដូច​គ្នា បាន​គ្រប់​ចំនួន។ លុះ​បក​ត្រា​ទី​៦ នោះ​ខ្ញុំ​ក្រឡេក​ទៅ ឃើញ​មាន​កក្រើក​ដី​ជា​ខ្លាំង ថ្ងៃ​ក៏​ត្រឡប់​ទៅ​ជា​ខ្មៅ​ដូច​សំពត់​រោម​ខ្មៅ ហើយ​ខែ​ក៏​ត្រឡប់​ប្រែ​ទៅ​ដូច​ជា​ឈាម ផ្កាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​មក​លើ​ផែនដី ដូច​ជា​ដើម​ល្វា​ដែល​ត្រូវ​ខ្យល់​ធំ គ្រវាត់​បណ្តាច់​ផ្លែ​ខ្ចី​ចោល​ចេញ​ដែរ ផ្ទៃ​មេឃ​ក៏​បាត់​ទៅ ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទៅ​វិញ ហើយ​គ្រប់​ទាំង​ភ្នំ នឹង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​រើ​ចេញ​ពី​កន្លែង​ផង អស់​ទាំង​ស្តេច​នៅ​ផែនដី នឹង​ពួក​អ្នក​ធំ ពួក​អ្នក​មាន ពួក​មេ​ទ័ព ពួក​ខ្លាំង​ពូកែ ហើយ​គ្រប់​ទាំង​បាវ​បំរើ នឹង​អ្នក​ជា​ទាំង​ប៉ុន្មាន គេ​ពួន​នៅ​ក្នុង​រអាង ហើយ​ក្នុង​ក្រហែង​ភ្នំ​ទាំង​អស់​គ្នា គេ​អង្វរ​ទៅ​ភ្នំ ហើយ​ទៅ​ថ្ម​ថា សូម​ធ្លាក់​មក​លើ​យើង ដើម្បី​បំបាំង​យើង​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក នឹង​ពី​សេចក្ដី​ក្រោធ​របស់​កូន​ចៀម​ចេញ ដ្បិត​ថ្ងៃ​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​មក​ដល់​ហើយ តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន។

ចែក​រំលែក
អាន វិវរណៈ 6