វិវរណៈ 4:8-11

វិវរណៈ 4:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សត្វ​មាន​ជីវិត​ទាំង​បួន​នោះ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំ‌មួយ មាន​ភ្នែក​ពេញ​ខ្លួន​នៅ​ជុំ​វិញ និង​នៅ​ខាង​ក្នុង​ដែរ។ គេ​ពោល​ពាក្យ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ​ថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម គង់​នៅ​សព្វ​ថ្ងៃ ហើយ​ដែល​ត្រូវ​យាង​មក»។ ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​បាន​ថ្វាយ​សិរី‌ល្អ ព្រះ‌កិត្តិ‌នាម និង​ពាក្យ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ​រួច​ហើយ ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់ ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ថ្វាយ​បង្គំ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ ព្រម​ទាំង​ដាក់​មកុដ​របស់​ខ្លួន​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ស័ក្តិសម​នឹង​ទទួល​សិរី‌ល្អ ព្រះ‌កិត្តិ‌នាម និង​ព្រះ‌ចេស្តា ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារ‌ពើ​មក ហើយ​របស់​ទាំង​នោះ​សុទ្ធ​តែ​បាន​កើត​មក និង​ស្ថិត‌ស្ថេរ​នៅ ដោយ​សារ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។

ចែក​រំលែក
អាន វិវរណៈ 4

វិវរណៈ 4:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថា: «ព្រះ​ដ៏វិសុទ្ធ* ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះ‌ជា‌អម្ចាស់ ទ្រង់​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​គង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​យាង​មក!»។ ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​នោះ​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌កិត្តិនាម និង​អរ​ព្រះ‌គុណ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក គឺ​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​រូប​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​ថ្វាយ‌បង្គំ​ព្រះអង្គ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រម​ទាំង​ដោះ​មកុដ​របស់​ខ្លួន​ដាក់​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថា: «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ‌នៃ​យើង​ខ្ញុំ ព្រះអង្គ​សម​នឹង​ទទួល​សិរី‌រុងរឿង ព្រះ‌កិត្តិនាម និង​ឫទ្ធា‌នុភាព ដ្បិត​ព្រះអង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​មក អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មាន ហើយ​នៅ​ស្ថិត‌ស្ថេរ​ដោយ‌សារ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ»។

ចែក​រំលែក
អាន វិវរណៈ 4

វិវរណៈ 4:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តួ​មាន​ជីវិត​ទាំង​៤​នោះ មាន​ស្លាប​៦​គ្រប់​រូប ក៏​មាន​ភ្នែក​ពេញ​ខ្លួន​នៅ​ជុំ‌វិញ ហើយ​ទាំង​ខាង​ក្នុង​ដែរ ក៏​ចេះ​តែ​ពោល​ពាក្យ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​តែ​ពី​ដើម ក៏​នៅ​ឥឡូវ​នេះ ហើយ​ត្រូវ​យាង​មក​ទៀត កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​នោះ​បាន​ថ្វាយ​សិរី‌ល្អ ល្បី​ព្រះ‌នាម នឹង​ពាក្យ​អរ​ព្រះ‌គុណ ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច រៀង​រាប​ដរាប​ទៅ​រួច​ហើយ នោះ​ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច រៀង​រាប​ត​ទៅ​នោះ ហើយ​ក៏​ដាក់​មកុដ​ខ្លួន​ចុះ​ថ្វាយ​នៅ​មុខ​បល្ល័ង្ក ដោយ​ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរី‌ល្អ កិត្តិ‌នាម នឹង​ព្រះ‌ចេស្តា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារ‌ពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង។

ចែក​រំលែក
អាន វិវរណៈ 4