វិវរណៈ 4
4
ការថ្វាយបង្គំនៅស្ថានសួគ៌
1ក្រោយនោះមក ខ្ញុំមើលទៅឃើញមានទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដំបូងដែលខ្ញុំបានឮនោះ ដូចជាសូរត្រែ បន្លឺមកកាន់ខ្ញុំថា៖ «ចូរឡើងមកណេះ យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ ដែលត្រូវកើតឡើងនៅពេលខាងមុខ»។ 2រំពេចនោះ ខ្ញុំក៏លង់ទៅក្នុងវិញ្ញាណ ហើយឃើញមានបល្ល័ង្កមួយនៅស្ថានសួគ៌ ទាំងមានព្រះមួយអង្គគង់នៅលើបល្ល័ង្កនោះ។ 3ព្រះអង្គដែលគង់លើបល្ល័ង្ក មើលទៅមានភាពដូចជាត្បូងពេជ្រ និងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត។ 4នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួនទៀត ហើយមានចាស់ទុំម្ភៃបួននាក់ អង្គុយលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ស និងពាក់មកុដមាសនៅលើក្បាល។ 5មានផ្លេកបន្ទោរ មានសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្កមួយនោះមក ហើយនៅមុខបល្ល័ង្កនោះ មានចង្កៀងប្រាំពីរកំពុងឆេះ នោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះ។ 6នៅមុខបល្ល័ង្កនោះ មានដូចជាសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្ដាល និងនៅជុំវិញបល្ល័ង្កនោះ មានសត្វមានជីវិតបួន ដែលមានភ្នែកពេញខ្លួន ទាំងមុខទាំងក្រោយ។ 7សត្វមានជីវិតទីមួយដូចជាសិង្ហ សត្វមានជីវិតទីពីរដូចជាគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស ហើយសត្វមានជីវិតទីបួនដូចជាឥន្ទ្រីដែលកំពុងហើរ។ 8សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ មានភ្នែកពេញខ្លួននៅជុំវិញ និងនៅខាងក្នុងដែរ។ គេពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក»។ 9ពេលណាសត្វមានជីវិតទាំងបួននោះបានថ្វាយសិរីល្អ ព្រះកិត្តិនាម និងពាក្យអរព្រះគុណដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ជាព្រះដែលមានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅរួចហើយ 10ពួកចាស់ទុំទាំងម្ភៃបួននាក់ ក៏ក្រាបចុះនៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ព្រមទាំងដាក់មកុដរបស់ខ្លួននៅមុខបល្ល័ង្ក ហើយពោលថា៖ 11«ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ស័ក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងព្រះចេស្តា ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយរបស់ទាំងនោះសុទ្ធតែបានកើតមក និងស្ថិតស្ថេរនៅ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies