វិវរណៈ 3:1-22

វិវរណៈ 3:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម‌ជំនុំ​នៅ​ក្រុង​សើដេស​ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​មាន​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ‌ពីរ​របស់​ព្រះ‌ជាម្ចាស់ និង​មាន​ផ្កាយ​ទាំង​ប្រាំ‌ពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ អ្នក​មាន​ឈ្មោះ​ល្បី​ថា​រស់ តែ​តាម​ពិត អ្នក​ស្លាប់​ទេ​តើ!។ ចូរ​ភ្ញាក់​ស្មារតី! ចូរ​ពង្រឹង​អ្វីៗ​ ​ដែល​នៅ​សល់ ហើយ​ហៀប​នឹង​ស្លាប់​នោះ​ឲ្យ​មាំ‌មួន​ឡើង ដ្បិត​យើង​ឃើញ​ថា អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​មិន​គ្រប់​លក្ខណៈ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​របស់​យើង​ទេ។ ដូច្នេះ ចូរ​នឹក​គិត​អំពី​របៀប​ដែល​អ្នក​បាន​ទទួល និង​បាន​ឮ​ព្រះ‌បន្ទូល ហើយ​ប្រតិបត្តិ​តាម រួច​កែ​ប្រែ​ចិត្ត​គំនិត​ទៅ។ ប្រសិន​បើ​អ្នក​មិន​ភ្ញាក់​ស្មារតី​ទេ យើង​នឹង​មក​ដូច​ចោរ​ចូល​លួច គឺ​អ្នក​ពុំ​ដឹង​ថា យើង​នឹង​មក​ដល់​ថ្មើរ​ណា​ឡើយ។ ក៏​ប៉ុន្តែ នៅ​ក្រុង​សើដេស​នេះ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ពុំ​បាន​ធ្វើ​ឲ្យ​សម្លៀក‌បំពាក់​ខ្លួន​ប្រឡាក់​ទេ គឺ​គេ​នឹង​ដើរ​ជា​មួយ​យើង ដោយ​មាន​សម្លៀក‌បំពាក់​ពណ៌​ស ព្រោះ​គេ​សម​នឹង​ស្លៀក​ពាក់​បែប​នេះ។ ហេតុ​នេះ អ្នក​ណា​មាន​ជ័យ‌ជម្នះ អ្នក​នោះ​នឹង​មាន​សម្លៀក‌បំពាក់​ពណ៌​ស យើង​នឹង​មិន​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រាំង​ជីវិត​ឡើយ ហើយ​យើង​នឹង​ទទួល​ស្គាល់​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​យើង និង​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះអង្គ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។ «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ភីឡា‌ដិលភា​ដូច​ត​ទៅ​នេះ៖ ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏​ពិត​ប្រាកដ ព្រះអង្គ​ដែល​កាន់​កូន​សោរ​បស់​ស្ដេច​ដាវីឌ បើ​ព្រះអង្គ​បើក គ្មាន​នរណា​បិទ​បាន បើ​ព្រះអង្គ​បិទ គ្មាន​នរណា​បើក​បាន ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក​ហើយ គ្មាន​នរណា​អាច​បិទ​ទេ។ អ្នក​មាន​អំណាច​តិច​មែន តែ​អ្នក​បាន​ប្រតិបត្តិ​តាម​ពាក្យ​យើង ហើយ​មិន​បាន​បដិសេធ​ថា មិន​ស្គាល់​ឈ្មោះ​យើង​ផង។ យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​មារ*​សាតាំង​មក​ឲ្យ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​អ្នក​ទាំង​នោះ​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។ ដោយ​អ្នក​បាន​ព្យាយាម​ប្រតិបត្តិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​ឲ្យ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង‌ល​មើល​មនុស្ស​នៅ​លើ​ផែនដី​ដែរ។ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្វីៗ​ដែល​អ្នក​មាន ចូរ​កាន់​ឲ្យ​ជាប់ ដើម្បី​កុំ​ឲ្យ​នរណា​ដណ្ដើម​យក​មកុដ​របស់​អ្នក​បាន។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​មួយ នៅ​ក្នុង​ព្រះ‌វិហារ*​នៃ​ព្រះ​របស់​យើង ហើយ​គេ​នឹង​មិន​ចាក​ចេញ​ពី​ព្រះ‌វិហារ​នេះ​ទៀត​ឡើយ។ យើង​នឹង​ចារឹក​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡឹម​ថ្មី​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ ចុះ​មក​ពី​ព្រះ​របស់​យើង។ យើង​ក៏​នឹង​ចារឹក​នាម​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។ «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖ ព្រះ‌អាម៉ែន​ ​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ។ ប្រសិន​បើ​អ្នក​ពិត​ជា​ត្រជាក់ ឬ​ពិត​ជា​ក្ដៅ​នោះ​ប្រសើរ​ជាង! ដោយ​អ្នក​នៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ​ដូច្នេះ យើង​នឹង​ខ្ជាក់​អ្នក​ចោល​ជា​មិន​ខាន ព្រោះ​អ្នក​ពោល​ថា “ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្ដុក‌ស្ដម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ” អ្នក​ពុំ​ដឹង​ថា ខ្លួន​កំពុង​តែ​វេទនា​រហេម‌រហាម ក្រ​តោក‌យ៉ាក ខ្វាក់​ភ្នែក គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​នោះ​ឡើយ។ យើង​សុំ​ទូន្មាន​អ្នក​ឲ្យ​មក​រក​ទិញ​មាស​ពី​យើង ជា​មាស​ដែល​សម្រាំង​នៅ​ក្នុង​ភ្លើង ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក‌បំពាក់​ពណ៌​ស​មក​ស្លៀក​ពាក់​បិទ‌បាំង​កេរ‌ខ្មាស​របស់​អ្នក កុំ​ឲ្យ​នៅ​ខ្លួន​ទទេ​ដូច្នេះ។ ចូរ​មក​រក​ទិញ​ថ្នាំ​ដាក់​ភ្នែក​ពី​យើង​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។ យើង​ស្ដី​បន្ទោស និង​ប្រដែ‌ប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!។ មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឲ្យ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យ‌ជម្នះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​ព្រះ‌បិតា​របស់​យើង​ដែរ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។

ចែក​រំលែក
អាន វិវរណៈ 3

វិវរណៈ 3:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​សើ‌ដេស​ថា៖ ព្រះ‌អង្គ​ដែល​មាន​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំពីរ និង​ផ្កាយ​ទាំង​ប្រាំពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​ការ​ដែល​អ្នក​ប្រព្រឹត្ត​ហើយ អ្នក​មាន​ឈ្មោះ​ថា​រស់ តែ​អ្នក​ស្លាប់​ទេ។ ចូរ​ភ្ញាក់​ខ្លួន​ឡើង ហើយ​ចម្រើន​កម្លាំង​ចំពោះ​អ្វីៗ​ដែល​នៅ​សល់​រៀប​នឹង​ស្លាប់​នោះ​ឲ្យ​ខ្ជាប់​ខ្ជួន​ឡើង ដ្បិត​យើង​បាន​ឃើញ​ការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ មិន​ទាន់​ពេញ​ខ្នាត​នៅ​ចំពោះ​ព្រះ​នៃ​យើង​នៅ​ឡើយ​ទេ។ ដូច្នេះ ចូរ​នឹក​ចាំ ដែល​អ្នក​បាន​ទទួល ហើយ​បាន​ឮ​ជា​យ៉ាង​ណា ចូរ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ។ ប្រសិន‌បើ​អ្នក​មិន​ភ្ញាក់​ខ្លួន​ទេ នោះ​យើង​នឹង​មក​ដូច​ជា​ចោរ ហើយ​អ្នក​មិន​ដឹង​ថា យើង​នឹង​មក​រក​អ្នក​នៅ​ពេល​ណា​ឡើយ។ ប៉ុន្តែ នៅ​ក្រុង​សើ‌ដេស ក៏​មាន​អ្នក​ខ្លះ ដែល​មិន​បាន​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ខ្លួន​ស្មោក‌គ្រោក​ដែរ អ្នក​ទាំង​នោះ​នឹង​ស្លៀក​ពាក់​ស ដើរ​ជា​មួយ​យើង ដ្បិត​គេ​សម​នឹង​បាន​ដូច្នេះ។ អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​ស្លៀក​ពាក់​ស ហើយ​យើង​នឹង​មិន​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​ជីវិត​ឡើយ យើង​នឹង​ថ្លែង​ប្រាប់​ពី​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរ‌បិតា​របស់​យើង និង​ចំពោះ​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ដែរ។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។ «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ភីឡា‌ដិលភា​ថា ព្រះ‌អង្គ​ដ៏​បរិសុទ្ធ ព្រះ‌អង្គ​ដ៏​ពិត​ប្រាកដ ដែល​ទ្រង់​មាន​កូន​សោ​របស់​ស្តេច​ដាវីឌ បើ​ទ្រង់​បើក គ្មាន​អ្នក​ណា​បិទ​បាន ហើយ​បើ​ទ្រង់​បិទ នោះ​គ្មាន​អ្នក​ណា​បើក​បាន ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក ដែល​គ្មាន​អ្នក​ណា​អាច​នឹង​បិទ​បាន​ឡើយ។ យើង​ដឹង​ថា​អ្នក​មាន​កម្លាំង​បន្តិច​មែន តែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ក៏​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ដែរ។ មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង ជា​អ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ​នៅ​ទៀប​ជើង​របស់​អ្នក ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា យើង​បាន​ស្រឡាញ់​អ្នក​មែន។ ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ដោយ​អត់‌ធ្មត់ យើង​នឹង​រក្សា​អ្នក​ឲ្យ​រួច​ពី​គ្រា​លំបាក ដែល​នឹង​កើត​មាន​ដល់​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង​ពួក​អ្នក​ដែល​នៅ​លើ​ផែនដី។ យើង​នឹង​មក​នៅ​ពេល​ឆាប់ៗ ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ដែល​អ្នក​មាន​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដណ្តើម​យក​មកុដ​របស់​អ្នក​បាន។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​តាំង​អ្នក​នោះ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​យើង អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ឡើយ។ យើង​នឹង​កត់​ព្រះ‌នាម​របស់​ព្រះ​នៃ​យើង និង​ឈ្មោះ​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌ មក​ពី​ព្រះ​នៃ​យើង ព្រមទាំង​កត់​ឈ្មោះ​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។ «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅ‌ឌីសេ​ថា៖ ព្រះ​ដ៏​ជា​អាម៉ែន ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ ជា​ដើម​កំណើត​នៃ​អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​មក ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្តៅ​ក៏​មិន​ក្តៅ។ យើង​ចង់​ឲ្យ​អ្នក បើ​ត្រជាក់​ឲ្យ​ពិត​ជា​ត្រជាក់ ឬ​បើ​ក្តៅ​ឲ្យ​ពិត​ជា​ក្តៅ។ ដូច្នេះ ដោយ​ព្រោះ​អ្នក​គ្រាន់​តែ​ក្តៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្តៅ​ក៏​មិន​ក្តៅ នោះ​យើង​នឹង​ខ្ជាក់​អ្នក​ចេញ​ពី​មាត់​របស់​យើង​មិន​ខាន។ ដ្បិត​អ្នក​អួត​ថា "ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្តុក‌ស្តម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ" តែ​អ្នក​មិន​ដឹង​ថា អ្នក​វេទនា គួរ​ឲ្យ​អាណិត ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​នោះ​ឡើយ។ ដូច្នេះ យើង​ទូន្មាន​ឲ្យ​អ្នក​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក​បំពាក់​ស​ទៅ​ស្លៀក​ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរខ្មាស​ដែល​អ្នក​នៅ​អាក្រាត ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។ យើង​បន្ទោស ហើយ​វាយ​ផ្ចាល​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ឡើង។ មើល៍! យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ នោះ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិ‌ភោគ​ជា​មួយ​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​បរិ‌ភោគ​ជា​មួយ​យើង​ដែរ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​យើង ដូច​ជា​យើង​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​ព្រះ‌វរ‌បិតា​យើង នៅ​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដែរ។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។

ចែក​រំលែក
អាន វិវរណៈ 3

វិវរណៈ 3:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​សើដេស​ថា ព្រះ​ដ៏​មាន​ព្រះ‌វិញ្ញាណ​ទាំង​៧ នឹង​ផ្កាយ​ទាំង​៧ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ប្រព្រឹត្ត​ហើយ គឺ​ដែល​ឯង​មាន​ឈ្មោះ​ថា​រស់ តែ​ឯង​ស្លាប់​ទេ ចូរ​ប្រុង​ប្រយ័ត ហើយ​ចំរើន​កំឡាំង​ដល់​អ្វីៗ​ដែល​នៅ​សល់ ដែល​រៀប​នឹង​ស្លាប់​នោះ​ដែរ ដ្បិត​អញ​មិន​បាន​ឃើញ​ការ​ដែល​ឯង​ប្រព្រឹត្ត​នោះ ជា​ពេញ​ខ្នាត​នៅ​ចំពោះ​ព្រះ​នៃ​អញ​ទេ ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ទទួល ហើយ​បាន​ឮ​ជា​យ៉ាង​ណា រួច​ឲ្យ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ បើ​ឯង​មិន​ចាំ​យាម​ទេ នោះ​អញ​នឹង​មក​ឯ​ឯង​ដូច​ជា​ចោរ ហើយ​ឯង​នឹង​មិន​ដឹង​ជា​វេលា​ណា ដែល​អញ​មក​ឯ​ឯង​ឡើយ ប៉ុន្តែ នៅ​ក្រុង​សើដេស ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​មិន​បាន​ធ្វើ​ឲ្យ​សំលៀក‌បំពាក់​ខ្លួន​ស្មោក‌គ្រោក​ដែរ អ្នក​ទាំង​នោះ​នឹង​ស្លៀក‌ពាក់​ស ដើរ​ជា​មួយ​នឹង​អញ ដ្បិត​គេ​បាន​គួរ​ហើយ អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​ស្លៀក‌ពាក់​ស ហើយ​អញ​មិន​ដែល​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​ជីវិត​ឡើយ អញ​នឹង​ថ្លែង​ប្រាប់​ពី​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះវរ‌បិតា​អញ នឹង​ចំពោះ​ពួក​ទេវតា​ទ្រង់​ដែរ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ភីឡា‌ដិលភា​ថា ព្រះ‌អង្គ​ដ៏​បរិសុទ្ធ ហើយ​ពិត​ប្រាកដ ដែល​ទ្រង់​កាន់​កូន​សោ​របស់​ហ្លួង​ដាវីឌ ដែល​ទ្រង់​បើក ហើយ​គ្មាន​អ្នក​ណា​បិទ ក៏​បិទ ហើយ​គ្មាន​អ្នក​ណា​បើក​បាន ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ មើល អញ​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​ឯង គ្មាន​អ្នក​ណា​អាច​នឹង​បិទ​បាន​ទេ ពី​ព្រោះ​ទោះ​បើ​ឯង​មាន​អំណាច​តែ​បន្តិច​ក៏​ដោយ គង់​តែ​បាន​កាន់​តាម​ពាក្យ​អញ​ដែរ ហើយ​មិន​បាន​លះ‌បង់​ឈ្មោះ​អញ​ទេ មើល អញ​ប្រគល់​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​ខ្លះ​ដល់​ឯង ដែល​ពួក​នោះ​អួត​ខ្លួន​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គឺ​គេ​កុហក​វិញ មើល អញ​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ នៅ​ទៀប​ជើង​ឯង ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា អញ​បាន​ស្រឡាញ់​ដល់​ឯង​ផង ហើយ​ដោយ​ព្រោះ​ឯង​បាន​កាន់​តាម​រឿង ពី​សេចក្ដី​អត់‌ធ្មត់​របស់​អញ នោះ​អញ​នឹង​រក្សា​ឯង​ឲ្យ​រួច​ពី​វេលា​ល្បង ដែល​ត្រូវ​មក​លើ​លោកីយ​ទាំង​មូល ដើម្បី​នឹង​ល្បង​ល​ដល់​ពួក​អ្នក ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន មើល អញ​មក​ជា​ឆាប់​ហើយ ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ឯង​មាន​ហើយ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​យក​មកុដ​របស់​ឯង​បាន​ឡើយ អ្នក​ណា​ដែល​ឈ្នះ អញ​នឹង​យក​អ្នក​នោះ​ធ្វើ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​អញ រួច​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ទៀត​ឡើយ ហើយ​អញ​នឹង​កត់​ព្រះ‌នាម​នៃ​ព្រះ​របស់​អញ នឹង​ឈ្មោះ​ក្រុង​របស់​ព្រះ​នៃ​អញ នៅ​លើ​អ្នក​នោះ គឺ​ជា​ឈ្មោះ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​អំពី​ព្រះ​នៃ​អញ ហើយ​នឹង​កត់​ឈ្មោះ​ថ្មី​របស់​អញ​ដែរ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ឡៅឌីសេ​ថា ព្រះ​ដ៏​ជា «អាម៉ែន» ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ ជា​ដើម​ការ​ដែល​ព្រះ‌ទ្រង់​បង្កើត​មក ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ ហើយ​ថា ឯង​មិន​ត្រជាក់ ក៏​មិន​ក្តៅ​ផង អញ​ចូល​ចិត្ត​ឲ្យ​ឯង​បាន ទោះ​ត្រជាក់​ឬ​ក្តៅ​ក្តី ដូច្នេះ ដោយ​ព្រោះ​ឯង​គ្រាន់​តែ​ស្ទើរៗ​ប៉ុណ្ណោះ គឺ​មិន​មែន​ត្រជាក់ ក៏​មិន​ក្តៅ​ផង នោះ​អញ​នឹង​ខ្ជាក់​ឯង​ចេញ​ពី​មាត់​អញ​ទៅ ដោយ​ព្រោះ​ឯង​អួត​ថា ឯង​ជា​អ្នក​មាន បាន​កាន់​តែ​ស្តុក‌ស្តម្ភ​ឡើង​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​វិញ​នោះ​ទេ បាន​ជា​អញ​ទូន្មាន​ឲ្យ​ឯង​ទិញ​មាស ដែល​សំរង​ក្នុង​ភ្លើង​ពី​អញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ពិត​មែន ហើយ​ទិញ​សំលៀក‌បំពាក់​ស ឲ្យ​បាន​ស្លៀក‌ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស ដែល​ឯង​នៅ​អាក្រាត​នោះ​ឡើយ ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ឲ្យ​ឯង​បាន​មើល​ឃើញ​វិញ អញ​បន្ទោស ហើយ​ផ្ចាញ់‌ផ្ចាល ដល់​អស់​អ្នក​ណា​ដែល​អញ​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជា​មួយ​នឹង​អញ​ដែរ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​អញ ដូច​ជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​នឹង​ព្រះវរ‌បិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

ចែក​រំលែក
អាន វិវរណៈ 3