វិវរណៈ 2:1-29

វិវរណៈ 2:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេ‌សូរ​ថា៖ ព្រះ‌អង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះ‌ហស្ត​ស្តាំ ហើយ​យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ​ថា "យើង​ស្គាល់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ ស្គាល់​ការ​នឿយ​ហត់ និង​សេចក្ដី​អត់‌ធ្មត់​របស់​អ្នក​ហើយ ក៏​ដឹង​ថា អ្នក​មិន​អាច​ទ្រាំ​នឹង​មនុស្ស​អាក្រក់​បាន​ផង គឺ​អ្នក​បាន​ល្បង​ល​អស់​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​អ្នក​កុហក។ យើងក៏​ដឹង​ថា អ្នក​បាន​អត់‌ធន់ ហើយ​ទ្រាំ‌ទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ​ហត់ ដោយ​ព្រោះ​នាម​របស់​យើង ឥត​ណាយ​ចិត្ត​ឡើយ។ ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​នេះ​នឹង​អ្នក គឺ​ថា អ្នក​បាន​បោះបង់​សេចក្តី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង។ ដូច្នេះ ចូរ​នឹក​ចាំ​ថា អ្នក​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា ចូរ​ប្រែ​ចិត្ត ហើយ​ប្រព្រឹត្ត​ដូច​ដើម​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា លើក​លែង​តែ​អ្នក​ប្រែ​ចិត្ត។ ប៉ុន្តែ អ្នក​មាន​សេចក្ដី​នេះ គឺ​អ្នក​ស្អប់​កិច្ច‌ការ​របស់​ពួក​នីកូ‌ឡាស យើង​ក៏​ស្អប់​ដែរ។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​ផ្លែ​ពី​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខ​របស់​ព្រះ"»។ «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មឺ‌ណា​ថា៖ ព្រះ​ដ៏​ជា​ដើម និង​ជា​ចុង ដែល​បាន​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​ទុក្ខ​វេទនា និង​ភាព​ក្រីក្រ​របស់​អ្នក​ហើយ ប៉ុន្តែ តាម​ពិត​អ្នក​ជា​អ្នក​មាន ក៏​ស្គាល់​អស់​អ្នក​ដែល​ប្រមាថ​អ្នក ដែល​ថា​ខ្លួន​ជា​សាសន៍​យូដា តែ​គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង​វិញ។ កុំ​ខ្លាច​ការ​ដែល​អ្នក​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ឡើយ មើល៍! អារក្ស​វា​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទៅ​ក្នុង​គុក ដើម្បី​នឹង​ល្បង​ល ហើយ​អ្នក​នឹង​ត្រូវ​វេទនា​អស់​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​ពីរ​នឹង​ធ្វើ​ទុក្ខ​អ្នក​នោះ​មិន​បាន​ឡើយ"»។ «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ពើ‌កាម៉ុស​ថា៖ ព្រះ​ដែល​មាន​ដាវ​មុខ​ពីរ​ដ៏​មុត ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​កន្លែង​ដែល​អ្នក​រស់​នៅ​ហើយ គឺ​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង តែ​អ្នក​កាន់​ខ្ជាប់​តាម​ឈ្មោះ​យើង ហើយ​មិន​បាន​បោះ‌បង់​ចោល​ជំនឿ​ដល់​យើង​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សម្លាប់​អាន់‌ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់​របស់​យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏​ដោយ។ ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ព្រោះ​នៅ​ទី​នោះ មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​នាំ​ឲ្យ​គេ​បរិ‌ភោគ​តង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សហាយ​ស្មន់​ផង ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូ‌ឡាស​ដែរ។ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ ហើយ​ច្បាំង​នឹង​គេ ដោយ​ដាវ​ដែល​ចេញ​ពី​មាត់​របស់​យើង។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ នៅ​លើ​ក្រួស​នោះ​មាន​ឆ្លាក់​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​លែង​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ"»។ «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ធា‌ទេរ៉ា​ថា៖ ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​លង្ហិន ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ថា "យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ សេចក្ដី​ស្រឡាញ់ ជំនឿ ការ​បម្រើ ការ​អត់‌ធ្មត់​របស់​អ្នក​ហើយ គឺ​ថា កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ចុង​ក្រោយ​នេះ ច្រើន​លើស​ជាង​មុន​ទៅ​ទៀត។ តែ​យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ដ្បិត​អ្នក​បណ្តោយ​ឲ្យ​យេសិ‌បិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ហោរា ទៅ​បង្រៀន ហើយ​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សហាយ​ស្មន់ ហើយ​បរិ‌ភោគ​តង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ។ យើង​បាន​ទុក​ឱកាស​ឲ្យ​នាង​ប្រែ​ចិត្ត តែ​នាង​មិន​ព្រម​ប្រែ​ចិត្ត​ពី​អំពើ​សហាយ​ស្មន់​របស់​នាង​ឡើយ។ មើល៍! យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ ហើយ​បោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង លើក​លែង​តែ​គេ​ប្រែ​ចិត្ត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​ជា​មួយ​នាង​នោះ​ចេញ យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង ហើយ​ក្រុម​ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​ស្ទង់​មើល​ចិត្ត​គំនិត យើង​នឹង​សង​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ប៉ុន្តែ ចំពោះ​ពួក​អ្នក​ឯ​ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធា‌ទេរ៉ា គឺ​អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ ក៏​មិន​ស្គាល់​អ្វី​ដែល​អ្នក​ខ្លះ​ហៅ​ថា "ជម្រៅ​របស់​អារក្ស​សាតាំង" នោះ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​មិន​ផ្ទុក​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា​ទេ គ្រាន់​តែ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន​ប៉ុណ្ណោះ រហូត​ដល់​ពេល​យើង​មក​ដល់។ អ្នក​ណា​ដែល​ឈ្នះ ហើយ​ធ្វើ​កិច្ច‌ការ​របស់​យើង​រហូត​ដល់​ចុង​បំផុត យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​លើ​ជាតិ​សាសន៍​នានា អ្នក​នោះ​នឹង​ឃ្វាល​គេ​ដោយ​ដំបង​ដែក ដូច​ជា​គេ​បំបែក​ភាជនៈ​ដី​ឲ្យ​ខ្ទេច​ខ្ទី ដូច​អំណាច​ដែល​យើង​បាន​ទទួល​ពី​ព្រះ‌វរ‌បិតា​របស់​យើង​ដែរ យើង​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។

ចែក​រំលែក
អាន វិវរណៈ 2

វិវរណៈ 2:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម‌ជំនុំ នៅ​ក្រុង​អេភេសូ​ដូច​ត​ទៅ៖ ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំ‌ពីរ​នៅ​ព្រះ‌ហស្ដ​ស្ដាំ ហើយ​ដែល​យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ‌ពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​ក៏​ស្គាល់​ការ​នឿយ‌ហត់ និង​ការ​ព្យាយាម​របស់​អ្នក​ដែរ។ យើង​ដឹង​ហើយ​ថា អ្នក​មិន​អាច​ទ្រាំ‌ទ្រ​នឹង​មនុស្ស​អាក្រក់​ឡើយ អ្នក​បាន​ល្បង‌ល​មើល​ពួក​ដែល​តាំង​ខ្លួន​ជា​សាវ័ក* ហើយ​ឃើញ​ថា​ពួក​នោះ​មិន​មែន​ជា​សាវ័ក​ទេ គឺ​ជា​អ្នក​កុហក។ អ្នក​មាន​ចិត្ត​ព្យាយាម អ្នក​បាន​រង‌ទុក្ខ​លំបាក ព្រោះ​តែ​នាម​យើង​ឥត​បាក់​ទឹក​ចិត្ត​សោះ​ឡើយ។ ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​លែង​មាន​ចិត្ត​ស្រឡាញ់​ដូច​អ្នក​មាន កាល​ពី​ដើម​ដំបូង។ ដូច្នេះ ចូរ​នឹក​គិត​ឡើង​វិញ​ថា តើ​អ្នក​បាន​ធ្លាក់​ចុះ​ពី​ណា​មក ចូរ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ប្រព្រឹត្ត​អំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ត កាល​ពី​ដើម​នោះ​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​បើ​អ្នក​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ យើង​នឹង​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​វា​ជា​មិន​ខាន។ ប៉ុន្តែ យើង​សរសើរ​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​ស្អប់​អំពើ​ដែល​ពួក​នីកូ‌ឡាស​ ប្រព្រឹត្ដ យើង​ក៏​ស្អប់​អំពើ​ទាំង​នោះ​ដែរ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ*​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ផ្លែ​ឈើ ដែល​បេះ​ពី​ដើម​នៃ​ជីវិត នៅ​ក្នុង​សួន​ឧទ្យាន​ របស់​ព្រះ‌ជា‌ម្ចាស់”»។ «ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ស្មៀរ‌ណា​ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​គង់​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត គឺ​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ហើយ និង​ដឹង​ថា​អ្នក​កម្សត់​ទុគ៌ត តែ​តាម​ពិត អ្នក​ជា​អ្នក​មាន។ យើង​ក៏​ដឹង​ទៀត​ថា អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សាសន៍​យូដា បាន​ប្រមាថ​មាក់​ងាយ​អ្នក តែ​អ្នក​ទាំង​នោះ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ទី​ប្រជុំ​របស់​មារ*​សាតាំង។ កុំ​ខ្លាច​ទុក្ខ​លំបាក​ដែល​អ្នក​ត្រូវ​ជួប​ប្រទះ​នោះ​ឡើយ។ តោង​ដឹង​ថា មារ*​នឹង​ចាប់​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​ទៅ​ឃុំ‌ឃាំង ដើម្បី​ល្បង‌ល​មើល​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​រង‌ទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ នោះ​យើង​នឹង​ប្រគល់​ជីវិត​មក​អ្នក​ទុក​ជា​មកុដ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជម្នះ សេចក្ដី​ស្លាប់​ទី​ពីរ​ពុំ​អាច​មក​យាយី​អ្នក​នោះ​ឡើយ”»។ «ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម​ជំនុំ*​នៅ​ក្រុង​ពើកា‌ម៉ុស ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កន្លែង​អ្នក​រស់​នៅ​ហើយ គឺ​អ្នក​ស្ថិត​នៅ​ត្រង់​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​មារ*​សាតាំង។ អ្នក​នៅ​តែ​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​នឹង​យើង​ជានិច្ច​ សូម្បី​តែ​នៅ​គ្រា​ដែល​គេ​សម្លាប់​អាន់ទី‌ប៉ាស ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​យើង ក៏​អ្នក​ពុំ​បាន​លះ‌បង់​ចោល​ជំនឿ​របស់​អ្នក​ចំពោះ​យើង​ដែរ។ គេ​បាន​សម្លាប់​គាត់​ក្នុង​ក្រុង​របស់​អ្នក​រាល់​គ្នា គឺ​នៅ​កន្លែង​ដែល​មារ​សាតាំង​នៅ។ ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​ចំណុច​ខ្លះៗ ព្រោះ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម។ បាឡាម​នេះ​បាន​បង្រៀន​បាឡាក់​ឲ្យ​ប្រើ​កល‌ល្បិច ទាក់‌ទាញ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​បរិភោគ​សាច់​ដែល​គេ​សែន​ព្រះ​ក្លែង‌ក្លាយ និង​ឲ្យ​ប្រាស‌ចាក​សីលធម៌។ រីឯ​អ្នក​វិញ​ក៏​ដូច្នោះ​ដែរ គឺ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​បាន​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូ‌ឡាស​របៀប​នេះ​ដូច​គ្នា។ ដូច្នេះ ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​យក​ដាវ​ដែល​ចេញ​ពី​មាត់​យើង មក​ប្រយុទ្ធ​នឹង​អ្នក​ទាំង​នោះ​ទៀត​ផង។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឲ្យ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង​ទៅ​អ្នក​នោះ ព្រម​ទាំង​ប្រគល់​ក្រួស​ពណ៌​ស​មួយ​ដុំ​ឲ្យ​ដែរ នៅ​លើ​ដុំ​ក្រួស​នោះ​មាន​ចារឹក​ឈ្មោះ​មួយ​ថ្មី ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ឡើយ វៀរ‌លែង​តែ​អ្នក​ដែល​បាន​ទទួល​នោះ​ចេញ”»។ «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ​នៅ​ក្រុង​ធាទេ‌រ៉ា ដូច​ត​ទៅ​នេះ៖ ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ គឺ​ព្រះអង្គ​ដែល​មាន​ព្រះ‌នេត្រ​ភ្លឺ​ដូច​អណ្ដាត​ភ្លើង និង​ព្រះ‌បាទា​ដូច​លង្ហិន ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ យើង​ដឹង​ថា អ្នក​មាន​ចិត្ត​ស្រឡាញ់ មាន​ជំនឿ ចេះ​បម្រើ​អ្នក​ដទៃ មាន​ចិត្ត​ព្យាយាម។ យើង​ដឹង​ទៀត​ថា អំពើ​ដែល​អ្នក​ប្រព្រឹត្ត​ថ្មីៗ​នេះ​មាន​ចំនួន​ច្រើន​លើស​មុន​ទៅ​ទៀត។ ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​ឲ្យ​នាង​យេសិ‌បិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​ព្យាកា‌រិនី* បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង​ឲ្យ​វង្វេង ឲ្យ​ប្រាស‌ចាក​សីលធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែង‌ក្លាយ។ យើង​បាន​ទុក​ពេល​ឲ្យ​ស្ត្រី​នោះ​កែ​ប្រែ​ចិត្ត​គំនិត តែ​នាង​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឡើយ នាង​នៅ​តែ​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌​ដដែល។ ហេតុ​នេះ យើង​នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ដេក​លើ​គ្រែ​យ៉ាង​សែន​វេទនា ហើយ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​រួម​ផិត​ក្បត់​ជា​មួយ​នាង វេទនា​ដូច​គ្នា​ដែរ លើក‌លែង​តែ​គេ​កែ​ប្រែ​ចិត្ត ឈប់​ប្រព្រឹត្ត​អំពើ​នោះ​ជា​មួយ​នាង​ទៀត។ យើង​នឹង​ប្រហារ​ជីវិត​កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ ក្រុម‌ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ចំពោះ​អ្នក​មួយ​ចំនួន​ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធាទេ‌រ៉ា ដែល​ពុំ​បាន​ជំពាក់​ចិត្ត​នឹង​លទ្ធិ​នោះ ហើយ​ក៏​ពុំ​បាន​ស្គាល់ “សេចក្ដី​ជ្រៅ​ជ្រះ​របស់​មារ​សាតាំង” ដូច​ពាក្យ​គេ​និយាយ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​លើ​អ្នក​រាល់​គ្នា​ទៀត​ទេ គឺ​គ្រាន់​តែ​កាន់​តាម​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន​ឲ្យ​ខ្ជាប់ខ្ជួន រហូត​ដល់​ពេល​យើង​មក​ដល់​ប៉ុណ្ណោះ​បាន​ហើយ។ អ្នក​ណា​មាន​ជ័យ‌ជម្នះ ហើយ​បំពេញ​កិច្ចការ​របស់​យើង​រហូត​ដល់​ចុង​បញ្ចប់ យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា គេ​នឹង​ដឹក​នាំ​ ប្រជា‌ជាតិ​ទាំង​នោះ​ដោយ​ដំបង​ដែក ដូច​គេ​កម្ទេច​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។ អ្នក​នោះ​មាន​អំណាច​ដូច​អំណាច​ដែល​យើង​បាន​ទទួល​ពី​ព្រះ‌បិតា​របស់​យើង ហើយ​យើង​នឹង​ប្រគល់​ផ្កាយ​ព្រឹក​ឲ្យ​អ្នក​នោះ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។

ចែក​រំលែក
អាន វិវរណៈ 2

វិវរណៈ 2:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​អេភេសូរ​ថា ព្រះ‌អង្គ​ដែល​កាន់​ផ្កាយ​ទាំង​៧​នៅ​ព្រះ‌ហស្ត​ស្តាំ ហើយ​យាង​នៅ​កណ្តាល​ជើង​ចង្កៀង​មាស​ទាំង​៧​នោះ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​អស់​ទាំង​ការ​ដែល​ឯង​ធ្វើ នឹង​សេចក្ដី​នឿយ‌ហត់ ហើយ​សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ហើយ ក៏​ដឹង​ថា ឯង​ទ្រាំ​នឹង​មនុស្ស​អាក្រក់​ពុំ​បាន​ផង គឺ​ឯង​បាន​ល្បង​ល​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​ពួក​ភូត‌ភរ​វិញ ឯង​បាន​អត់‌ធន់ ហើយ​ទ្រាំ‌ទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ‌ហត់ ឥត​ណាយ​ចិត្ត​ឡើយ ដោយ​ព្រោះ​ឈ្មោះ​អញ តែ​អញ​ប្រកាន់​សេចក្ដី​នេះ​នឹង​ឯង គឺ​ថា ឯង​បាន​បោះ​បង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​ចេញ ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា​នោះ ហើយ​ប្រែ​ចិត្ត​ចុះ រួច​ប្រព្រឹត្ត​តាម​ការ​ដើម​ដំបូង​នោះ​វិញ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង ហើយ​នឹង​ហូត​យក​ជើង​ចង្កៀង​ឯង​ពី​កន្លែង​ចេញ លើក​តែ​ឯង​ប្រែ​ចិត្ត​ឡើង​វិញ ប៉ុន្តែ ឯង​មាន​សេចក្ដី​១​នេះ គឺ​ថា ឯង​ស្អប់​ការ​របស់​ពួក​នីកូឡាស ដែល​អញ​ក៏​ស្អប់​ដែរ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អស់​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខ​របស់​ព្រះ។ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ស្មឺន៉ាថា ព្រះ​ដ៏​ជា​ដើម ហើយ​ជា​ចុង ដែល​បាន​សុគត រួច​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​សេចក្ដី​ទុក្ខ​លំបាក នឹង​សេចក្ដី​កំសត់​របស់​ឯង​ហើយ ប៉ុន្តែ ឯង​ជា​អ្នក​មាន​វិញ ក៏​ស្គាល់​សេចក្ដី​ប្រមាថ​របស់​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាសន៍​យូដា​ដែរ តែ​គេ​មិន​មែន​សាសន៍​យូដា​ទេ គឺ​ជា​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​វិញ កុំ​ឲ្យ​ឯង​ខ្លាច​សេចក្ដី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រង​វេទនា​អស់​១០​ថ្ងៃ ដូច្នេះ ចូរ​នៅ​ជា​ស្មោះ‌ត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​២​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ឡើយ។ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ពើ‌កាម៉ុស​ថា ព្រះ​ដែល​មាន​ដាវ​មុខ​២​ដ៏​មុត ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​នោះ តែ​ឯង​កាន់​ខ្ជាប់​តាម​ឈ្មោះ​អញ ហើយ​មិន​បាន​លះ​ចោល​សេចក្ដី​ជំនឿ​ដល់​អញ​ចេញ​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សំឡាប់​អាន់ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់​របស់​អញ នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ផង ប៉ុន្តែ អញ​ប្រកាន់​សេចក្ដី​ខ្លះ​នេះ​នឹង​ឯង ពី​ព្រោះ​នៅ​ទី​នោះ ឯង​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​ដង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ផង ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​ដែរ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង​ជា​ឆាប់ នោះ​អញ​នឹង​យក​ដាវ ដែល​នៅ​មាត់​អញ ច្បាំង​នឹង​គេ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង ហើយ​នឹង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ។ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ធាទេរ៉ា​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​ជា​អណ្តាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​ជា​លង្ហិន​រលីង ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ ព្រម​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនួយ សេចក្ដី​ជំនឿ សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ដែរ ហើយ​ថា ការ​ដែល​ឯង​ធ្វើ​ជាន់​ក្រោយ បាន​ច្រើន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត តែ​អញ​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​ឯង ដ្បិត​ឯង​បណ្តោយ​ឲ្យ​ស្ត្រី ឈ្មោះ​យេសិ‌បិល ដែល​ហៅ​ខ្លួន​ជា​ហោរា បាន​ទៅ​បង្ហាត់​បង្រៀន ហើយ​នាំ​ពួក​បាវ​បំរើ​របស់​អញ ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​បរិភោគ​ដង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ​ផង អញ​បាន​ឲ្យ​វា​មាន​ឱកាស​នឹង​ប្រែ​ចិត្ត ចេញ​ពី​ការ​កំផិត​របស់​វា​ដែរ តែ​វា​មិន​ព្រម​សោះ មើល អញ​នឹង​បោះ​វា​ទៅ​លើ​គ្រែ ហើយ​បោះ​ពួក​អ្នក ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជា​មួយ​នឹង​វា ឲ្យ​ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង លើក​តែ​គេ​ប្រែ​ចិត្ត​លះ‌បង់​ការ ដែល​គេ​ប្រព្រឹត្ត​នោះ​ចេញ ហើយ​អញ​នឹង​សំឡាប់​កូន​ចៅ​វា​ចោល នោះ​គ្រប់​ទាំង​ពួក​ជំនុំ​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ដែល​ស្ទង់​មើល​ចិត្ត​នឹង​ថ្លើម រួច​អញ​នឹង​សង​ការ​ដល់​ឯង​រាល់​គ្នា តាម​ការ​ដែល​គ្រប់​គ្នា​បាន​ប្រព្រឹត្ត តែ​អញ​ប្រាប់​ដល់​ឯង​រាល់​គ្នា ហើយ​ដល់​ពួក​អ្នក​ឯ​ទៀត នៅ​ក្រុង​ធាទេរ៉ា​ដែរ គឺ​ដល់​ពួក​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ ក៏​មិន​ស្គាល់​សេចក្ដី​ជំរៅ​របស់​អារក្ស​សាតាំង ដូច​ជា​ពាក្យ​ដែល​គេ​ថា​នោះ​ឡើយ តែ​អញៗ​មិន​ផ្ទុក​បន្ទុក​អ្វី​ទៀត​លើ​ឯង​រាល់​គ្នា​ទេ ប៉ុន្តែ សេចក្ដី​ដែល​ឯង​មាន នោះ​ឲ្យ​កាន់​ខ្ជាប់ ដរាប​ដល់​អញ​មក​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ ហើយ​កាន់​តាម​ការ​អញ ដរាប​ដល់​ចុង​បំផុត នោះ​អញ​នឹង​ឲ្យ​មាន​អំណាច​លើ​ពួក​សាសន៍​ដទៃ អ្នក​នោះ​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ដូច​ជា​គេ​បំបែក​ភាជនៈ​ដី​ឲ្យ​ខ្ទេច‌ខ្ទី តាម​អំណាច​ដែល​អញ​បាន​ទទួល​ពី​ព្រះវរ‌បិតា​មក អញ​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

ចែក​រំលែក
អាន វិវរណៈ 2