វិវរណៈ 2:1-29

វិវរណៈ 2:1-29 គកស១៦

«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេ‌សូរ​ថា៖ ព្រះ‌អង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះ‌ហស្ត​ស្តាំ ហើយ​យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ​ថា "យើង​ស្គាល់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ ស្គាល់​ការ​នឿយ​ហត់ និង​សេចក្ដី​អត់‌ធ្មត់​របស់​អ្នក​ហើយ ក៏​ដឹង​ថា អ្នក​មិន​អាច​ទ្រាំ​នឹង​មនុស្ស​អាក្រក់​បាន​ផង គឺ​អ្នក​បាន​ល្បង​ល​អស់​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​អ្នក​កុហក។ យើងក៏​ដឹង​ថា អ្នក​បាន​អត់‌ធន់ ហើយ​ទ្រាំ‌ទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ​ហត់ ដោយ​ព្រោះ​នាម​របស់​យើង ឥត​ណាយ​ចិត្ត​ឡើយ។ ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​នេះ​នឹង​អ្នក គឺ​ថា អ្នក​បាន​បោះបង់​សេចក្តី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង។ ដូច្នេះ ចូរ​នឹក​ចាំ​ថា អ្នក​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា ចូរ​ប្រែ​ចិត្ត ហើយ​ប្រព្រឹត្ត​ដូច​ដើម​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា លើក​លែង​តែ​អ្នក​ប្រែ​ចិត្ត។ ប៉ុន្តែ អ្នក​មាន​សេចក្ដី​នេះ គឺ​អ្នក​ស្អប់​កិច្ច‌ការ​របស់​ពួក​នីកូ‌ឡាស យើង​ក៏​ស្អប់​ដែរ។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​ផ្លែ​ពី​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខ​របស់​ព្រះ"»។ «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មឺ‌ណា​ថា៖ ព្រះ​ដ៏​ជា​ដើម និង​ជា​ចុង ដែល​បាន​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​ទុក្ខ​វេទនា និង​ភាព​ក្រីក្រ​របស់​អ្នក​ហើយ ប៉ុន្តែ តាម​ពិត​អ្នក​ជា​អ្នក​មាន ក៏​ស្គាល់​អស់​អ្នក​ដែល​ប្រមាថ​អ្នក ដែល​ថា​ខ្លួន​ជា​សាសន៍​យូដា តែ​គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង​វិញ។ កុំ​ខ្លាច​ការ​ដែល​អ្នក​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ឡើយ មើល៍! អារក្ស​វា​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទៅ​ក្នុង​គុក ដើម្បី​នឹង​ល្បង​ល ហើយ​អ្នក​នឹង​ត្រូវ​វេទនា​អស់​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​ពីរ​នឹង​ធ្វើ​ទុក្ខ​អ្នក​នោះ​មិន​បាន​ឡើយ"»។ «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ពើ‌កាម៉ុស​ថា៖ ព្រះ​ដែល​មាន​ដាវ​មុខ​ពីរ​ដ៏​មុត ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​កន្លែង​ដែល​អ្នក​រស់​នៅ​ហើយ គឺ​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង តែ​អ្នក​កាន់​ខ្ជាប់​តាម​ឈ្មោះ​យើង ហើយ​មិន​បាន​បោះ‌បង់​ចោល​ជំនឿ​ដល់​យើង​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សម្លាប់​អាន់‌ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់​របស់​យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏​ដោយ។ ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ព្រោះ​នៅ​ទី​នោះ មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​នាំ​ឲ្យ​គេ​បរិ‌ភោគ​តង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សហាយ​ស្មន់​ផង ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូ‌ឡាស​ដែរ។ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ ហើយ​ច្បាំង​នឹង​គេ ដោយ​ដាវ​ដែល​ចេញ​ពី​មាត់​របស់​យើង។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ នៅ​លើ​ក្រួស​នោះ​មាន​ឆ្លាក់​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​លែង​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ"»។ «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ធា‌ទេរ៉ា​ថា៖ ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​លង្ហិន ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ថា "យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ សេចក្ដី​ស្រឡាញ់ ជំនឿ ការ​បម្រើ ការ​អត់‌ធ្មត់​របស់​អ្នក​ហើយ គឺ​ថា កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ចុង​ក្រោយ​នេះ ច្រើន​លើស​ជាង​មុន​ទៅ​ទៀត។ តែ​យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ដ្បិត​អ្នក​បណ្តោយ​ឲ្យ​យេសិ‌បិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ហោរា ទៅ​បង្រៀន ហើយ​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សហាយ​ស្មន់ ហើយ​បរិ‌ភោគ​តង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ។ យើង​បាន​ទុក​ឱកាស​ឲ្យ​នាង​ប្រែ​ចិត្ត តែ​នាង​មិន​ព្រម​ប្រែ​ចិត្ត​ពី​អំពើ​សហាយ​ស្មន់​របស់​នាង​ឡើយ។ មើល៍! យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ ហើយ​បោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង លើក​លែង​តែ​គេ​ប្រែ​ចិត្ត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​ជា​មួយ​នាង​នោះ​ចេញ យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង ហើយ​ក្រុម​ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​ស្ទង់​មើល​ចិត្ត​គំនិត យើង​នឹង​សង​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ប៉ុន្តែ ចំពោះ​ពួក​អ្នក​ឯ​ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធា‌ទេរ៉ា គឺ​អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ ក៏​មិន​ស្គាល់​អ្វី​ដែល​អ្នក​ខ្លះ​ហៅ​ថា "ជម្រៅ​របស់​អារក្ស​សាតាំង" នោះ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​មិន​ផ្ទុក​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា​ទេ គ្រាន់​តែ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន​ប៉ុណ្ណោះ រហូត​ដល់​ពេល​យើង​មក​ដល់។ អ្នក​ណា​ដែល​ឈ្នះ ហើយ​ធ្វើ​កិច្ច‌ការ​របស់​យើង​រហូត​ដល់​ចុង​បំផុត យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​លើ​ជាតិ​សាសន៍​នានា អ្នក​នោះ​នឹង​ឃ្វាល​គេ​ដោយ​ដំបង​ដែក ដូច​ជា​គេ​បំបែក​ភាជនៈ​ដី​ឲ្យ​ខ្ទេច​ខ្ទី ដូច​អំណាច​ដែល​យើង​បាន​ទទួល​ពី​ព្រះ‌វរ‌បិតា​របស់​យើង​ដែរ យើង​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។

អាន វិវរណៈ 2