វិវរណៈ 16:1-7

វិវរណៈ 16:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះ‌វិហារ ប្រាប់​ទេវតា​ទាំង​ប្រាំពីរ​ថា៖ «ចូរ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ ដែល​នៅ​ក្នុង​ពែង​ទាំង​ប្រាំពីរ ទៅ​លើ​ផែនដី​ទៅ!»។ ទេវតា​ទី​មួយ​ក៏​ចេញ​ទៅ យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ផែនដី ស្រាប់​តែ​មាន​ដំបៅ​យ៉ាង​អាក្រក់ និង​ឈឺ​ចាប់ កើត​លើ​មនុស្ស​ដែល​មាន​ទី​សម្គាល់​របស់​សត្វ​នោះ និង​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​រូប​ចម្លាក់​របស់​វា។ ទេវតា​ទី​ពីរ​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​ក្នុង​សមុទ្រ ស្រាប់​តែ​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។ ទេវតា​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​ទន្លេ និង​រន្ធ​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​រន្ធ​ទឹក​ទាំង​នោះ​ក៏​ត្រឡប់​ទៅ​ជា​ឈាម​ដែរ។ ខ្ញុំ​ឮ​ទេវតា​ដែល​គ្រប់​គ្រង​ទឹក​ពោល​ថា៖ «ឱ​ព្រះ​ដ៏​បរិសុទ្ធ ដែល​គង់​នៅ​សព្វ​ថ្ងៃ ហើយ​ក៏​គង់​នៅ​តាំង​ពី​ដើម​រៀង​មក​អើយ ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ដូច្នេះ ពិត​ជា​សុចរិត​មែន។ ដ្បិត​គេ​បាន​កម្ចាយ​ឈាម​ពួក​បរិសុទ្ធ និង​ពួក​ហោរា ហើយ​ព្រះ‌អង្គ​ឲ្យ​គេ​ផឹក​ឈាម​ដូច្នេះ គឺ​គេ​សម​នឹង​ទទួល​ហើយ!»។ ខ្ញុំ​ឮ​អាសនា​ពោល​ថា៖ «មែន​ហើយ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ សេចក្ដី​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់​ទាំង​អស់!»។

ចែក​រំលែក
អាន វិវរណៈ 16

វិវរណៈ 16:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះ‌វិហារ បន្លឺ​ទៅ​កាន់​ទេវតា​ទាំង​ប្រាំ‌ពីរ​ថា៖ «ចូរ​នាំ​គ្នា​ទៅ ហើយ​យក​ពែង​ទាំង​ប្រាំ‌ពីរ​នៃ​ព្រះ‌ពិរោធ​របស់​ព្រះ‌ជា‌ម្ចាស់​ចាក់​លើ​ផែនដី​ទៅ!»។ ទេវតា​ទី​មួយ​ចេញ​ទៅ យក​ពែង​របស់​ខ្លួន​ចាក់​លើ​ផែនដី ស្រាប់​តែ​អស់​អ្នក​ដែល​មាន​សញ្ញា​សម្គាល់​របស់​សត្វ​តិរច្ឆាន ហើយ​ដែល​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា កើត​ដំបៅ​រលួយ ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ ទេវតា​ទី​ពីរ​យក​ពែង​របស់​ខ្លួន​ចាក់​លើ​សមុទ្រ ស្រាប់​តែ​សមុទ្រ​ក្លាយ​ទៅ​ជា​ឈាម ដូច​ឈាម​ហូរ​ចេញ​ពី​សាក‌សព ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់​ទៅ។ ទេវតា​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​លើ​ទន្លេ និង​ប្រភព​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​ប្រភព​ទឹក​ក្លាយ​ទៅ​ជា​ឈាម​ទាំង​អស់។ ខ្ញុំ​ឮ​ទេវតា​ម្ចាស់​ទឹក​ពោល​ថា៖ «បពិត្រ​ព្រះអង្គ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ពិត​ជា​វិសុទ្ធ ហើយ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌​មែន! ដ្បិត​អ្នក​ទាំង​នោះ​បាន​បង្ហូរ​ឈាម​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​បង្ហូរ​ឈាម​ពួក​ព្យាការី* ព្រះអង្គ​ឲ្យ​ឈាម​គេ​ផឹក​ដូច្នេះ សម​មុខ​ពួក​គេ​ហើយ»។ ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​អាសនៈ​មក​ថា៖ «ប្រាកដ​មែន! បពិត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌​ពិត​មែន​ហើយ!»។

ចែក​រំលែក
អាន វិវរណៈ 16

វិវរណៈ 16:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ព្រះ‌វិហារ ប្រាប់​ទៅ​ទេវតា​ទាំង​៧​ថា ចូរ​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ដែល​នៅ​ក្នុង​ចាន​ទាំង​៧ ទៅ​លើ​ផែនដី​ទៅ។ ទេវតា​ទី​១​ក៏​ចេញ​ទៅ ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ផែនដី នោះ​មនុស្ស​ដែល​មាន​ទី​សំគាល់​របស់​សត្វ នឹង​អស់​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​វា គេ​ក៏​កើត​ដំបៅ​កាច​អាក្រក់​ណាស់។ ទេវតា​ទី​២ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។ ទេវតា​ទី​៣ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​ទន្លេ នឹង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន នោះ​ក៏​ប្រែ​ទៅ​ជា​ឈាម​ទាំង​អស់​ដែរ រួច​ខ្ញុំ​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា ឱ​ព្រះ​ដ៏​គង់​នៅ ហើយ​បាន​គង់​នៅ​តាំង​តែ​ពី​ដើម​រៀង​មក​អើយ ដែល​ទ្រង់​បាន​ជំនុំ‌ជំរះ​កាត់​ទោស​ដូច្នេះ នោះ​សុចរិត​ហើយ ដ្បិត​គេ​បាន​កំចាយ​ឈាម​នៃ​ពួក​បរិសុទ្ធ នឹង​ពួក​ហោរា ហើយ​ទ្រង់​បាន​ប្រទាន​ឈាម​ឲ្យ​គេ​ផឹក គេ​គួរ​មាន​ទោស​ដូច្នេះ​ហើយ រួច​ខ្ញុំ​ឮ​អាសនា​ទទួល​ថា មែន​ហើយ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ សេចក្ដី​ជំនុំ‌ជំរះ​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់​ទាំង​អស់។

ចែក​រំលែក
អាន វិវរណៈ 16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ