វិវរណៈ 16:1-7

វិវរណៈ 16:1-7 គកស១៦

បន្ទាប់​មក ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះ‌វិហារ ប្រាប់​ទេវតា​ទាំង​ប្រាំពីរ​ថា៖ «ចូរ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ ដែល​នៅ​ក្នុង​ពែង​ទាំង​ប្រាំពីរ ទៅ​លើ​ផែនដី​ទៅ!»។ ទេវតា​ទី​មួយ​ក៏​ចេញ​ទៅ យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ផែនដី ស្រាប់​តែ​មាន​ដំបៅ​យ៉ាង​អាក្រក់ និង​ឈឺ​ចាប់ កើត​លើ​មនុស្ស​ដែល​មាន​ទី​សម្គាល់​របស់​សត្វ​នោះ និង​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​រូប​ចម្លាក់​របស់​វា។ ទេវតា​ទី​ពីរ​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​ក្នុង​សមុទ្រ ស្រាប់​តែ​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។ ទេវតា​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​ទន្លេ និង​រន្ធ​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​រន្ធ​ទឹក​ទាំង​នោះ​ក៏​ត្រឡប់​ទៅ​ជា​ឈាម​ដែរ។ ខ្ញុំ​ឮ​ទេវតា​ដែល​គ្រប់​គ្រង​ទឹក​ពោល​ថា៖ «ឱ​ព្រះ​ដ៏​បរិសុទ្ធ ដែល​គង់​នៅ​សព្វ​ថ្ងៃ ហើយ​ក៏​គង់​នៅ​តាំង​ពី​ដើម​រៀង​មក​អើយ ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ដូច្នេះ ពិត​ជា​សុចរិត​មែន។ ដ្បិត​គេ​បាន​កម្ចាយ​ឈាម​ពួក​បរិសុទ្ធ និង​ពួក​ហោរា ហើយ​ព្រះ‌អង្គ​ឲ្យ​គេ​ផឹក​ឈាម​ដូច្នេះ គឺ​គេ​សម​នឹង​ទទួល​ហើយ!»។ ខ្ញុំ​ឮ​អាសនា​ពោល​ថា៖ «មែន​ហើយ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ សេចក្ដី​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់​ទាំង​អស់!»។

អាន វិវរណៈ 16