វិវរណៈ 15:1-8

វិវរណៈ 15:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ខ្ញុំ​ឃើញ​ទី​សម្គាល់​មួយ​ទៀត​នៅ​លើ​មេឃ ជា​ទី​សម្គាល់​យ៉ាង​ធំ​គួរ​ស្ញែង​ខ្លាច គឺ​មាន​ទេវតា*​ប្រាំ‌ពីរ​រូប​កាន់​គ្រោះ​កាច​ប្រាំ‌ពីរ ដែល​ជា​គ្រោះ​កាច​ចុង​ក្រោយ​បង្អស់ ដ្បិត​គ្រោះ​កាច​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ‌ជា‌ម្ចាស់​ឈប់​ព្រះ‌ពិរោធ*។ បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​ដូច​ជា​មាន​សមុទ្រ​មួយ​ភ្លឺ​ដូច​កែវ​លាយ​ជា​មួយ​នឹង​ភ្លើង ហើយ​អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​តិរច្ឆាន និង​ឈ្នះ​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​ឈ្នះ​លេខ​ឈ្មោះ​របស់​វា ឈរ​នៅ​លើ​សមុទ្រ​កែវ​នោះ។ ពួក​គេ​កាន់​ពិណ​របស់​ព្រះ‌ជា‌ម្ចាស់ ហើយ​នាំ​គ្នា​ច្រៀង​ចម្រៀង​របស់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់ និង​ចម្រៀង​របស់​កូន​ចៀម​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ប្រសើរ​ឧត្ដម​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង​ពន់​ពេក​ណាស់! ឱ​ព្រះ‌មហា‌ក្សត្រ​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់! បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះអង្គ! តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌នាម​ព្រះអង្គ! ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះអង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។ ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ​ឃើញ​ព្រះ‌វិហារ​នៅ​ស្ថាន​បរម‌សុខ ដែល​មាន​ព្រះ‌ពន្លា​នៃ​សក្ខីភាព​ បើក​ទ្វារ​ចំហ។ ទេវតា​ទាំង​ប្រាំ‌ពីរ​រូប​ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំ‌ពីរ ក៏​ចេញ​ពី​ព្រះ‌វិហារ​មក មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​សុទ្ធ​ដ៏​ភ្លឺ​ផ្លេក ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។ សត្វ​មាន​ជីវិត​មួយ​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន បាន​ប្រគល់​ពែង​មាស​ប្រាំ‌ពីរ​ជូន​ទេវតា​ទាំង​ប្រាំ‌ពីរ​រូប។ ពែង​ទាំង​នោះ​ពេញ​ទៅ​ដោយ​ព្រះ‌ពិរោធ​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះ‌វិហារ​ក៏​ពោរ‌ពេញ​ទៅ​ដោយ​ផ្សែង ដែល​ចេញ​ពី​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ និង​ពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ហើយ​គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ឡើយ ទាល់​តែ​គ្រោះ​កាច​ទាំង​ប្រាំ‌ពីរ​របស់​ទេវតា​ទាំង​ប្រាំ‌ពីរ​បាន​ចប់​សព្វ​គ្រប់​ជា​មុន​សិន។

ចែក​រំលែក
អាន វិវរណៈ 15

វិវរណៈ 15:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ទី​សម្គាល់​មួយ​ទៀត ដែល​ធំ ហើយ​អស្ចារ្យ​នៅ​លើ​មេឃ គឺ​មាន​ទេវតា​ប្រាំពីរ ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំពីរ​ចុង​ក្រោយ​បង្អស់ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​បញ្ចប់​ដោយ​គ្រោះ​កាច​ទាំង​នោះ។ បន្ទាប់​មក ខ្ញុំ​ឃើញ​ដូច​ជា​សមុទ្រ​កែវ លាយ​ជា​មួយ​ភ្លើង ហើយ​អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​នោះ និង​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​លេខ​ឈ្មោះ​របស់​វា ឈរ​លើ​សមុទ្រ​កែវ​នោះ ទាំង​កាន់​ស៊ុង​របស់​ព្រះ​គ្រប់​គ្នា។ គេ​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ និង​ទំនុក​របស់​កូន​ចៀម​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ កិច្ច‌ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ! ឱ​ស្តេច​នៃ​ជាតិ​សាសន៍​ទាំង​ឡាយ​អើយ ផ្លូវ​របស់​ព្រះ‌អង្គ​សុចរិត និង​ពិត​ត្រង់! ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ណា​មិន​កោត​ខ្លាច ហើយ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ? ដ្បិត​មាន​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ​ដែល​បរិសុទ្ធ ហើយ​គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ បាន​សម្តែង​មក​ឲ្យ​ឃើញ​ហើយ»។ ក្រោយ​មក ខ្ញុំ​មើល​ទៅ ឃើញ​ព្រះ​វិហារ​ក្នុង​រោង​នៃ​សេចក្ដី​បន្ទាល់​នៅ​ស្ថាន‌សួគ៌ បើក​ទ្វារ​ចំហ ហើយ​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំពីរ ក៏​ចេញ​ពី​ព្រះ‌វិហារ​មក មាន​សម្លៀក​បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស​ឯក​សុទ្ធ​ដ៏​ភ្លឺ មាន​ទាំង​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។ បន្ទាប់​មក សត្វ​មាន​ជីវិត​មួយ​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​ឲ្យ​ពែង​មាស​ប្រាំពីរ​ទៅ​ទេវតា​ទាំង​ប្រាំពីរ ដែល​ពែង​ទាំង​នោះ​ពេញ​ទៅ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ ដែល​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ ហើយ​ព្រះ‌វិហារ​មាន​ពេញ​ដោយ​ផ្សែង ចេញ​ពី​សិរី‌ល្អ​របស់​ព្រះ និង​ពី​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បាន​ឡើយ ទាល់​តែ​គ្រោះ​កាច​ទាំង​ប្រាំពីរ​របស់​ទេវតា​ទាំង​ប្រាំពីរ​បាន​ចប់​សព្វ​គ្រប់។

ចែក​រំលែក
អាន វិវរណៈ 15

វិវរណៈ 15:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​ឃើញ​ទី​សំគាល់​១​ទៀត ដែល​ធំ​ហើយ​អស្ចារ្យ នៅ​លើ​មេឃ គឺ​មាន​ទេវតា​៧ ដែល​កាន់​សេចក្ដី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ដ្បិត​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ​បាន​សំរេច ដោយ​សេចក្ដី​វេទនា​ទាំង​នោះ។ រួច​ខ្ញុំ​មើល​ទៅ ឃើញ​ដូច​ជា​សមុទ្រ​កែវ លាយ​នឹង​ភ្លើង ហើយ​ពួក​អ្នក​ដែល​បាន​ឈ្នះ​សត្វ​នោះ នឹង​រូប​វា ហើយ​លេខ​ឈ្មោះ​វា​ផង គេ​ឈរ​លើ​សមុទ្រ​នោះ ទាំង​កាន់​ស៊ុង​របស់​ព្រះ​គ្រប់​គ្នា គេ​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​បាវ​បំរើ​នៃ​ព្រះ នឹង​ទំនុក​របស់​កូន​ចៀម​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ ការ​ទ្រង់​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ ឱ​ស្តេច​នៃ​អស់​ទាំង​សាសន៍​អើយ ផ្លូវ​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់ ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​សរសើរ​ដំកើង ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​មាន​តែ​ទ្រង់​១​ដែល​បរិសុទ្ធ គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់ ដ្បិត​ការ​សុចរិត​របស់​ទ្រង់ បាន​សំដែង​មក​ឲ្យ​ឃើញ​ហើយ។ ក្រោយ​នោះ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​ថា ទ្វារ​ទី​បរិសុទ្ធ​របស់​រោង​ឧបោសថ​នៃ​សេចក្ដី​បន្ទាល់​នៅ​ស្ថាន‌សួគ៌ ក៏​នៅ​ចំហ ហើយ​ទេវតា​៧​ដែល​កាន់​សេចក្ដី​វេទនា​ទាំង​៧ ក៏​ចេញ​ពី​ព្រះ‌វិហារ​មក ទាំង​ស្លៀក‌ពាក់​ជា​សំពត់​ទេស​យ៉ាង​ស្អាត ហើយ​ភ្លឺ មាន​ទាំង​ខ្សែ​មាស​រឹត​នៅ​ដើម​ទ្រូង​ផង តួ​មាន​ជីវិត​១ ក៏​ឲ្យ​ចាន​កន្ទោង​មាស​៧​ទៅ​ទេវតា​ទាំង​៧ ដែល​ចាន​ទាំង​នោះ​ពេញ​ទៅ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ នោះ​ព្រះ‌វិហារ​មាន​ពេញ​ដោយ​ផ្សែង​ពី​សិរី‌ល្អ ហើយ​ពី​ព្រះ‌ចេស្តា​នៃ​ព្រះ គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បាន​ទេ ទាល់​តែ​សេចក្ដី​វេទនា​ទាំង​៧ របស់​ទេវតា​៧​នោះ​បាន​សំរេច​ស្រេច។

ចែក​រំលែក
អាន វិវរណៈ 15