វិវរណៈ 15

15
1ខ្ញុំ​ក៏​ឃើញ​ទី​សំគាល់​១​ទៀត ដែល​ធំ​ហើយ​អស្ចារ្យ នៅ​លើ​មេឃ គឺ​មាន​ទេវតា​៧ ដែល​កាន់​សេចក្ដី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ដ្បិត​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ​បាន​សំរេច ដោយ​សេចក្ដី​វេទនា​ទាំង​នោះ។
2រួច​ខ្ញុំ​មើល​ទៅ ឃើញ​ដូច​ជា​សមុទ្រ​កែវ លាយ​នឹង​ភ្លើង ហើយ​ពួក​អ្នក​ដែល​បាន​ឈ្នះ​សត្វ​នោះ នឹង​រូប​វា ហើយ​លេខ​ឈ្មោះ​វា​ផង គេ​ឈរ​លើ​សមុទ្រ​នោះ ទាំង​កាន់​ស៊ុង​របស់​ព្រះ​គ្រប់​គ្នា 3គេ​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​បាវ​បំរើ​នៃ​ព្រះ នឹង​ទំនុក​របស់​កូន​ចៀម​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ ការ​ទ្រង់​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ ឱ​ស្តេច​នៃ​អស់​ទាំង​សាសន៍​អើយ ផ្លូវ​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់ 4ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​សរសើរ​ដំកើង ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​មាន​តែ​ទ្រង់​១​ដែល​បរិសុទ្ធ គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់ ដ្បិត​ការ​សុចរិត​របស់​ទ្រង់ បាន​សំដែង​មក​ឲ្យ​ឃើញ​ហើយ។
5ក្រោយ​នោះ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​ថា ទ្វារ​ទី​បរិសុទ្ធ​របស់​រោង​ឧបោសថ​នៃ​សេចក្ដី​បន្ទាល់​នៅ​ស្ថាន‌សួគ៌ ក៏​នៅ​ចំហ 6ហើយ​ទេវតា​៧​ដែល​កាន់​សេចក្ដី​វេទនា​ទាំង​៧ ក៏​ចេញ​ពី​ព្រះ‌វិហារ​មក ទាំង​ស្លៀក‌ពាក់​ជា​សំពត់​ទេស​យ៉ាង​ស្អាត ហើយ​ភ្លឺ មាន​ទាំង​ខ្សែ​មាស​រឹត​នៅ​ដើម​ទ្រូង​ផង 7តួ​មាន​ជីវិត​១ ក៏​ឲ្យ​ចាន​កន្ទោង​មាស​៧​ទៅ​ទេវតា​ទាំង​៧ ដែល​ចាន​ទាំង​នោះ​ពេញ​ទៅ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ 8នោះ​ព្រះ‌វិហារ​មាន​ពេញ​ដោយ​ផ្សែង​ពី​សិរី‌ល្អ ហើយ​ពី​ព្រះ‌ចេស្តា​នៃ​ព្រះ គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បាន​ទេ ទាល់​តែ​សេចក្ដី​វេទនា​ទាំង​៧ របស់​ទេវតា​៧​នោះ​បាន​សំរេច​ស្រេច។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 15: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ