វិវរណៈ 13:4-18

វិវរណៈ 13:4-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​ក្រាប​ថ្វាយ​បង្គំ​នាគ ព្រោះ​នាគ​បាន​ឲ្យ​អំណាច​ដល់​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ​ដែរ ដោយ​ពោល​ថា៖ «តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ? តើ​អ្នក​ណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន?» នាគ​ក៏​ឲ្យ​សត្វ​នោះ​មាន​មាត់​ចេះ​និយាយ​ពាក្យ​សម្ដី​ព្រហើនៗ និង​ពាក្យ​ប្រមាថ ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ អស់​រយៈ​ពេល​សែសិប​ពីរ​ខែ។ វា​បាន​បើក​មាត់​ប្រមាថ​ព្រះ គឺ​ប្រមាថ​ព្រះ‌នាម​របស់ព្រះ‌អង្គ ប្រមាថ​ដំណាក់​របស់​ព្រះ‌អង្គ និង​ប្រមាថ​អស់​អ្នក​ដែល​នៅ​ស្ថាន‌សួគ៌ ក៏​ទទួល​អំណាច​នឹង​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​បរិសុទ្ធ ហើយ​មាន​ជ័យ​ជម្នះ​លើ​ពួក​គេ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​លើ​គ្រប់​ទាំង​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន គ្រប់​ភាសា និង​គ្រប់​ទាំង​ជាតិ​សាសន៍ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​គេ​បាន​សម្លាប់ តាំង​ពី​កំណើត​ពិភព‌លោក​មក នឹង​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ។ បើ​អ្នក​ណា​ដែល​ត្រូវ​គេ​នាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ បើ​អ្នក​ណា​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។ បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​សត្វ​សាហាវ​មួយ​ទៀត ចេញ​ពី​ដី​មក វា​មាន​ស្នែង​ពីរ ដូច​ជា​កូន​ចៀម តែ​និយាយ​ដូច​ជា​នាគ។ សត្វ​នោះ​ប្រើ​អំណាច​ទាំង​អស់​របស់​សត្វ​ទី​មួយ នៅ​ចំពោះ​សត្វ​ទី​មួយ ទាំង​ធ្វើ​ឲ្យ​ផែនដី និង​មនុស្ស​នៅ​លើ​ផែនដី ក្រាប​ថ្វាយ​បង្គំ​សត្វ​ទី​មួយ ដែល​មាន​របួស​ជិត​ស្លាប់ ហើយ​បាន​សះ​ជា​វិញ​នោះ​ផង។ វា​បាន​ធ្វើ​ទី​សម្គាល់​យ៉ាង​ធំ រហូត​ដល់​បាន​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ មក​លើ​ផែនដី នៅ​មុខ​មនុស្ស​លោក ហើយ​វា​បាន​បញ្ឆោត​មនុស្ស​នៅ​ផែនដី ដោយ‌សារ​ទី​សម្គាល់ ដែល​វា​មាន​អំណាច​ធ្វើ​នឹង​ធ្វើ​នៅ​មុខ​សត្វ​នោះ ក៏​ប្រាប់​អស់​អ្នក​ដែល​នៅ​ផែនដី ឲ្យ​ឆ្លាក់​រូប​សត្វ​នោះ ដែល​ត្រូវ​របួស​នឹង​ដាវ តែ​បាន​រស់​វិញ ហើយ​វា​មាន​អំណាច អាច​ធ្វើ​ឲ្យ​រូប​សត្វ​នោះ​មាន​ខ្យល់​ដង្ហើម ដើម្បី​ឲ្យ​រូប​សត្វ​នោះ​ចេះ​និយាយ ហើយ​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ក្រាប​ថ្វាយ​បង្គំ​រូប​សត្វ​នោះ ត្រូវ​ស្លាប់​ផង។ វា​ក៏​បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​ធំ ទាំង​តូច ទាំង​មាន ទាំង​ក្រ ហើយ​ទាំង​អ្នក​ជា និង​អ្នក​បម្រើ ឲ្យ​ទទួល​ទី​សម្គាល់​នៅ​ដៃ​ស្តាំ ឬ​នៅ​ថ្ងាស​គេ​រៀង​ខ្លួន មិន​ឲ្យ​អ្នក​ណា​មាន​ច្បាប់​នឹង​ទិញ ឬ​លក់​អ្វី​បាន​ឡើយ លើក​លែង​តែ​អ្នក​ដែល​មាន​ទី​សម្គាល់ គឺ​ជា​ឈ្មោះ​របស់​សត្វ​នោះ ឬ​ជា​លេខ​ឈ្មោះ​របស់​វា។ នេះ​ហើយ​ជា​ប្រាជ្ញា អ្នក​ណា​ដែល​មាន​យោបល់ ចូរ​គិត​លេខ​របស់​សត្វ​នោះ​ចុះ ដ្បិត​លេខ​នោះ​ជា​លេខ​របស់​មនុស្ស ហើយ​លេខ​របស់​អ្នក​នោះ គឺ​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ។

ចែក​រំលែក
អាន វិវរណៈ 13

វិវរណៈ 13:4-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​នាគ ព្រោះ​នាគ​បាន​ប្រគល់​អំណាច​ឲ្យ​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ​សត្វ​នោះ​ដែរ ទាំង​ពោល​ថា៖ «តើ​នរណា​អាច​ប្រៀប​ផ្ទឹម​នឹង​សត្វ​នេះ​បាន? តើ​នរណា​អាច​ច្បាំង​តទល់​នឹង​សត្វ​នេះ​បាន?»។ សត្វ​នោះ​បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​ព្រះ‌ជា‌ម្ចាស់​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្ម‌ភាព ក្នុង​អំឡុង​ពេល​សែ‌សិប​ពីរ​ខែ។ វា​បាន​ហា​មាត់​ប្រមាថ​ព្រះ‌ជា‌ម្ចាស់ គឺ​វា​ប្រមាថ​ព្រះ‌នាម​របស់​ព្រះអង្គ ប្រមាថ​ព្រះ‌ពន្លា*​របស់​ព្រះអង្គ និង​ប្រមាថ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ*។ វា​បាន​ទទួល​សិទ្ធិ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ* ព្រម​ទាំង​មាន​ជ័យ‌ជម្នះ​លើ​ពួក​គេ​ទៀត​ផង ។ វា​បាន​ទទួល​អំណាច​ត្រួត‌ត្រា​លើ​កុល‌សម្ព័ន្ធ*​ទាំង​អស់ ប្រជា‌រាស្ត្រ​ទាំង​អស់ ភាសា​ទាំង​អស់ និង​ជាតិ​សាសន៍​ទាំង​អស់ ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ឲ្យ​មែន​ទែន!។ បើ​អ្នក​ណា​ត្រូវ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​មុខ​តែ​ជាប់​ជា​ឈ្លើយ អ្នក​ណា​ត្រូវ​ស្លាប់​នឹង​មុខ​ដាវ អ្នក​នោះ​មុខ​តែ​ស្លាប់​នឹង​មុខ​ដាវ​មិន​ខាន។ ដូច្នេះ ប្រជា‌ជន​ដ៏វិសុទ្ធ*​ត្រូវ​មាន​ចិត្ត​ព្យាយាម និង​មាន​ជំនឿ។ បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​ទៀត​ផុស​ចេញ​ពី​ដី មាន​ស្នែង​ពីរ​ដូច​ស្នែង​កូន​ចៀម ហើយ​មាន​សំឡេង​ដូច​នាគ។ សត្វ​នោះ​បាន​យក​អំណាច​ទាំង​អស់​របស់​សត្វ​ទី​មួយ​មក​ប្រើ នៅ​ចំពោះ​មុខ​សត្វ​ទី​មួយ​ទាំង​នាំ​ផែនដី និង​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​សត្វ​ទី​មួយ ដែល​មាន​របួស​ជិត​ស្លាប់ ហើយ​បាន​ជា​សះ‌ស្បើយ​វិញ​នោះ​ផង។ សត្វ​នោះ​បាន​សម្តែង​ទី​សម្គាល់​ដ៏​សម្បើម​អស្ចារ្យ រហូត​ដល់​ទៅ​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី ឲ្យ​មនុស្ស​លោក​ឃើញ។ វា​បាន​នាំ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នេះ​ឲ្យ​វង្វេង ដោយ​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​នៅ​មុខ​សត្វ​ទី​មួយ តាម​អំណាច​ដែល​វា​បាន​ទទួល។ វា​ប្រាប់​មនុស្ស​រស់​នៅ​លើ​ផែនដី​ឲ្យ​ឆ្លាក់​រូប​សត្វ ដែល​ត្រូវ​របួស​នឹង​មុខ​ដាវ ហើយ​បាន​រួច​ជីវិត​នោះ។ វា​បាន​ទទួល​អំណាច​ធ្វើ​ឲ្យ​រូប​ចម្លាក់​សត្វ​នោះ​មាន​ដង្ហើម​ឡើង ដើម្បី​និយាយ​ស្ដី​បាន និង​ប្រហារ​ជីវិត​អស់​អ្នក​ដែល​ពុំ​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​សត្វ​នោះ វា​បាន​បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ឲ្យ​ទទួល​សញ្ញា​សម្គាល់​មួយ​នៅ​លើ​ដៃ​ស្ដាំ ឬ​នៅ​លើ​ថ្ងាស។ ប្រសិន​បើ​គ្មាន​សញ្ញា​សម្គាល់​នេះ គ្មាន​ឈ្មោះ​របស់​សត្វ ឬ​គ្មាន​លេខ​សម្គាល់​ឈ្មោះ​របស់​សត្វ​នោះ​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទិញ ឬ​លក់​អ្វី សោះ​ឡើយ។ ត្រង់​ហ្នឹង​ហើយ​ដែល​ត្រូវ​មាន​ប្រាជ្ញា​រិះគិត!។ អ្នក​ណា​ឆ្លាត ចូរ​យក​លេខ​សម្គាល់​របស់​សត្វ​នោះ​ទៅ​គិត​មើល​ទៅ ដ្បិត​លេខ​នេះ​ជា​លេខ​របស់​មនុស្ស គឺ​ប្រាំ​មួយ​រយ​ហុក‌សិប​ប្រាំ​មួយ។

ចែក​រំលែក
អាន វិវរណៈ 13

វិវរណៈ 13:4-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ក្រាប​ថ្វាយ‌បង្គំ​ដល់​នាគ ដែល​ឲ្យ​សត្វ​នោះ​មាន​អំណាច ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ​ដែរ ដោយ​និយាយ​ថា តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ មាន​អ្នក​ឯ​ណា​ដែល​អាច​ច្បាំង​នឹង​វា​បាន នាគ​ក៏​ឲ្យ​វា​មាន​មាត់​ចេះ​និយាយ​ជា​ពាក្យ​សំដី​ដ៏​ធំ នឹង​ពាក្យ​ប្រមាថ ក៏​ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ​វា ក្នុង​រវាង​៤២​ខែ វា​បើក​មាត់​ប្រមាថ​ដល់​ទាំង​ព្រះ នឹង​ព្រះ‌នាម ហើយ​ព្រះ‌វិហារ​នៃ​ទ្រង់​ដែរ ព្រម​ទាំង​ដល់​ពួក​អ្នក​ដែល​នៅ​ស្ថាន‌សួគ៌​ផង ក៏​មាន​អំណាច​បាន​ប្រគល់​ដល់​វា ឲ្យ​ច្បាំង​ឈ្នះ​ពួក​បរិសុទ្ធ​បាន ហើយ​នឹង​អំណាច​លើ​គ្រប់​ទាំង​ពូជ​មនុស្ស គឺ​អស់​ទាំង​គ្រួសារ នឹង​ភាសា ហើយ​នឹង​អស់​ទាំង​សាសន៍​ផង ឯ​អស់​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​ត្រូវ​គេ​សំឡាប់ តាំង​ពី​កំណើត​លោកីយ​មក នោះ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ចំពោះ​សត្វ​នោះ បើ​អ្នក​ណា​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​ចុះ បើ​អ្នក​ណា​ដឹក‌នាំ​គេ​ឲ្យ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ឯង​នឹង​ត្រូវ​គេ​ដឹក‌នាំ​ខ្លួន​ឲ្យ​ទៅ​ជា​ឈ្លើយ​ដែរ បើ​អ្នក​ណា​កាប់​សំឡាប់​គេ​ដោយ​ដាវ នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់ នឹង​សេចក្ដី​ជំនឿ​របស់​ពួក​បរិសុទ្ធ។ ខ្ញុំ​ក៏​ឃើញ​សត្វ​សាហាវ​១​ទៀត ឡើង​ចេញ​ពី​ដី​មក វា​មាន​ស្នែង​២ ដូច​ជា​កូន​ចៀម តែ​ពោល​ពាក្យ​ដូច​ជា​នាគ​វិញ ក៏​ប្រព្រឹត្ត​ដោយ​នូវ​គ្រប់​ទាំង​អំណាច​របស់​សត្វ​ទី​១ នៅ​មុខ​នាគ​នោះ ទាំង​បណ្តាល​ឲ្យ​ផែនដី នឹង​អស់​អ្នក​ដែល​នៅ​ផែនដី​បាន​ក្រាប​ថ្វាយ‌បង្គំ ដល់​សត្វ​ទី​១​ដែល​មាន​របួស​ដល់​ស្លាប់​នោះ តែ​បាន​សះ​ជា​វិញ​នោះ​ផង វា​ក៏​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ដល់​ម៉្លេះ​បាន​ជា​ធ្វើ​ឲ្យ​ធ្លាក់​ទាំង​ភ្លើង ពី​លើ​មេឃ​មក​លើ​ផែនដី នៅ​មុខ​មនុស្ស​លោក​ផង វា​បញ្ឆោត​ពួក​មនុស្ស​នៅ​ផែនដី ដោយ‌សារ​ទី​សំគាល់ ដែល​វា​មាន​អំណាច​នឹង​ធ្វើ នៅ​មុខ​សត្វ​នោះ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ផែនដី ឲ្យ​ធ្វើ​រូប​សត្វ​នោះ ដែល​ត្រូវ​របួស​នឹង​ដាវ តែ​បាន​រស់​វិញ​ដែរ ក៏​មាន​អំណាច​បាន​ប្រគល់​ឲ្យ​វា នឹង​ធ្វើ​ឲ្យ​រូប​សត្វ​នោះ​មាន​ខ្យល់​ដង្ហើម ដើម្បី​ឲ្យ​បាន​ចេះ​និយាយ ហើយ​អំណាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​សត្វ​នោះ ត្រូវ​ស្លាប់​ផង វា​ក៏​បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​ធំ ទាំង​តូច ទាំង​មាន ទាំង​ក្រ ហើយ​ទាំង​អ្នក​ជា នឹង​បាវ​គេ ឲ្យ​ទទួល​ទី​សំគាល់​នៅ​ដៃ​ស្តាំ ឬ​នៅ​ថ្ងាស​គេ​រៀង​ខ្លួន ហើយ​មិន​បើក​ឲ្យ​អ្នក​ណា​មាន​ច្បាប់​នឹង​ទិញ ឬ​លក់​អ្វី​បាន​ឡើយ លើក​តែ​អ្នក​ដែល​មាន​ទី​សំគាល់​នោះ​ចេញ គឺ​ជា​ឈ្មោះ​របស់​សត្វ​នោះ ឬ​ជា​លេខ​ឈ្មោះ​របស់​វា នេះ​ហើយ​ជា​ប្រាជ្ញា អ្នក​ណា​ដែល​មាន​យោបល់ ឲ្យ​អ្នក​នោះ​រាប់​លេខ​នៃ​សត្វ​នោះ​ចុះ ដ្បិត​លេខ​នោះ​ជា​លេខ​របស់​មនុស្ស គឺ​៦៦៦។

ចែក​រំលែក
អាន វិវរណៈ 13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ