វិវរណៈ 13:1-18
វិវរណៈ 13:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ខ្ញុំឃើញសត្វសាហាវមួយឡើងចេញពីសមុទ្រមក មានស្នែងដប់ និងក្បាលប្រាំពីរ នៅលើស្នែងវា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានឈ្មោះជាពាក្យប្រមាថ។ សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំដល់សត្វនោះ។ ខ្ញុំឃើញក្បាលវាមួយដូចជាមានស្នាមរបួសជិតស្លាប់ តែរបួសជិតស្លាប់នោះបានជាសះឡើងវិញ មនុស្សនៅផែនដីមានការអស្ចារ្យ ហើយក៏ទៅតាមសត្វនោះ។ គេក្រាបថ្វាយបង្គំនាគ ព្រោះនាគបានឲ្យអំណាចដល់សត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ដោយពោលថា៖ «តើមានអ្នកណាដូចសត្វនេះ? តើអ្នកណាអាចច្បាំងនឹងសត្វនេះបាន?» នាគក៏ឲ្យសត្វនោះមានមាត់ចេះនិយាយពាក្យសម្ដីព្រហើនៗ និងពាក្យប្រមាថ ឲ្យមានអំណាចនឹងធ្វើការ អស់រយៈពេលសែសិបពីរខែ។ វាបានបើកមាត់ប្រមាថព្រះ គឺប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថដំណាក់របស់ព្រះអង្គ និងប្រមាថអស់អ្នកដែលនៅស្ថានសួគ៌ ក៏ទទួលអំណាចនឹងធ្វើសង្គ្រាមជាមួយពួកបរិសុទ្ធ ហើយមានជ័យជម្នះលើពួកគេទៀតផង។ វាបានទទួលអំណាចលើគ្រប់ទាំងកុលសម្ព័ន្ធ គ្រប់ប្រជាជន គ្រប់ភាសា និងគ្រប់ទាំងជាតិសាសន៍ មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលគេបានសម្លាប់ តាំងពីកំណើតពិភពលោកមក នឹងក្រាបថ្វាយបង្គំសត្វនោះ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ។ បើអ្នកណាដែលត្រូវគេនាំទៅជាឈ្លើយ អ្នកនោះនឹងត្រូវទៅជាឈ្លើយ បើអ្នកណាត្រូវគេសម្លាប់ដោយដាវ អ្នកនោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់ពួកបរិសុទ្ធ។ បន្ទាប់មក ខ្ញុំបានឃើញសត្វសាហាវមួយទៀត ចេញពីដីមក វាមានស្នែងពីរ ដូចជាកូនចៀម តែនិយាយដូចជានាគ។ សត្វនោះប្រើអំណាចទាំងអស់របស់សត្វទីមួយ នៅចំពោះសត្វទីមួយ ទាំងធ្វើឲ្យផែនដី និងមនុស្សនៅលើផែនដី ក្រាបថ្វាយបង្គំសត្វទីមួយ ដែលមានរបួសជិតស្លាប់ ហើយបានសះជាវិញនោះផង។ វាបានធ្វើទីសម្គាល់យ៉ាងធំ រហូតដល់បានធ្វើឲ្យភ្លើងធ្លាក់ចុះពីលើមេឃ មកលើផែនដី នៅមុខមនុស្សលោក ហើយវាបានបញ្ឆោតមនុស្សនៅផែនដី ដោយសារទីសម្គាល់ ដែលវាមានអំណាចធ្វើនឹងធ្វើនៅមុខសត្វនោះ ក៏ប្រាប់អស់អ្នកដែលនៅផែនដី ឲ្យឆ្លាក់រូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញ ហើយវាមានអំណាច អាចធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យរូបសត្វនោះចេះនិយាយ ហើយមានអំណាចនឹងធ្វើឲ្យពួកអ្នកដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង។ វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា និងអ្នកបម្រើ ឲ្យទទួលទីសម្គាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន មិនឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកលែងតែអ្នកដែលមានទីសម្គាល់ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា។ នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ ចូរគិតលេខរបស់សត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្ស ហើយលេខរបស់អ្នកនោះ គឺប្រាំមួយរយហុកសិបប្រាំមួយ។
វិវរណៈ 13:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មកទៀត ខ្ញុំឃើញសត្វតិរច្ឆានមួយមានស្នែងដប់ និងក្បាលប្រាំពីរឡើងពីសមុទ្រមក នៅលើស្នែងទាំងដប់របស់វា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានសរសេរឈ្មោះផ្សេងៗ ដែលប្រមាថព្រះជាម្ចាស់។ សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់ឫទ្ធានុភាព និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅឲ្យសត្វនោះ។ ខ្ញុំក៏ឃើញក្បាលមួយរបស់សត្វនោះ ដូចជាត្រូវរបួសជិតស្លាប់ តែមុខរបួសដ៏ធ្ងន់ជិតស្លាប់នេះបានជាសះស្បើយឡើងវិញ។ មនុស្សម្នានៅលើផែនដីទាំងមូលកោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយនាំគ្នាទៅតាមសត្វនោះ។ គេនាំគ្នាក្រាបថ្វាយបង្គំនាគ ព្រោះនាគបានប្រគល់អំណាចឲ្យសត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន? តើនរណាអាចច្បាំងតទល់នឹងសត្វនេះបាន?»។ សត្វនោះបានទទួលសិទ្ធិពោលពាក្យព្រហើនៗ ព្រមទាំងប្រមាថព្រះជាម្ចាស់ទៀតផង។ វាបានទទួលអំណាចបញ្ចេញសកម្មភាព ក្នុងអំឡុងពេលសែសិបពីរខែ។ វាបានហាមាត់ប្រមាថព្រះជាម្ចាស់ គឺវាប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថព្រះពន្លា*របស់ព្រះអង្គ និងប្រមាថអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខ*។ វាបានទទួលសិទ្ធិធ្វើសឹកសង្គ្រាមជាមួយប្រជាជនដ៏វិសុទ្ធ* ព្រមទាំងមានជ័យជម្នះលើពួកគេទៀតផង ។ វាបានទទួលអំណាចត្រួតត្រាលើកុលសម្ព័ន្ធ*ទាំងអស់ ប្រជារាស្ត្រទាំងអស់ ភាសាទាំងអស់ និងជាតិសាសន៍ទាំងអស់ ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។ ចូរផ្ទៀងត្រចៀកស្ដាប់ឲ្យមែនទែន!។ បើអ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះមុខតែជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់នឹងមុខដាវ អ្នកនោះមុខតែស្លាប់នឹងមុខដាវមិនខាន។ ដូច្នេះ ប្រជាជនដ៏វិសុទ្ធ*ត្រូវមានចិត្តព្យាយាម និងមានជំនឿ។ បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀតផុសចេញពីដី មានស្នែងពីរដូចស្នែងកូនចៀម ហើយមានសំឡេងដូចនាគ។ សត្វនោះបានយកអំណាចទាំងអស់របស់សត្វទីមួយមកប្រើ នៅចំពោះមុខសត្វទីមួយទាំងនាំផែនដី និងមនុស្សដែលរស់នៅលើផែនដីឲ្យក្រាបថ្វាយបង្គំសត្វទីមួយ ដែលមានរបួសជិតស្លាប់ ហើយបានជាសះស្បើយវិញនោះផង។ សត្វនោះបានសម្តែងទីសម្គាល់ដ៏សម្បើមអស្ចារ្យ រហូតដល់ទៅធ្វើឲ្យមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដី ឲ្យមនុស្សលោកឃើញ។ វាបាននាំមនុស្សដែលរស់នៅលើផែនដីនេះឲ្យវង្វេង ដោយធ្វើទីសម្គាល់ផ្សេងៗនៅមុខសត្វទីមួយ តាមអំណាចដែលវាបានទទួល។ វាប្រាប់មនុស្សរស់នៅលើផែនដីឲ្យឆ្លាក់រូបសត្វ ដែលត្រូវរបួសនឹងមុខដាវ ហើយបានរួចជីវិតនោះ។ វាបានទទួលអំណាចធ្វើឲ្យរូបចម្លាក់សត្វនោះមានដង្ហើមឡើង ដើម្បីនិយាយស្ដីបាន និងប្រហារជីវិតអស់អ្នកដែលពុំព្រមក្រាបថ្វាយបង្គំរូបចម្លាក់សត្វនោះ វាបានបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកជា ទាំងអ្នកងារ ឲ្យទទួលសញ្ញាសម្គាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាស។ ប្រសិនបើគ្មានសញ្ញាសម្គាល់នេះ គ្មានឈ្មោះរបស់សត្វ ឬគ្មានលេខសម្គាល់ឈ្មោះរបស់សត្វនោះទេ គ្មាននរណាម្នាក់មានសិទ្ធិទិញ ឬលក់អ្វី សោះឡើយ។ ត្រង់ហ្នឹងហើយដែលត្រូវមានប្រាជ្ញារិះគិត!។ អ្នកណាឆ្លាត ចូរយកលេខសម្គាល់របស់សត្វនោះទៅគិតមើលទៅ ដ្បិតលេខនេះជាលេខរបស់មនុស្ស គឺប្រាំមួយរយហុកសិបប្រាំមួយ។
វិវរណៈ 13:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏ឈរលើខ្សាច់ នៅមាត់សមុទ្រ ហើយខ្ញុំឃើញសត្វសាហាវ១ឡើងចេញពីសមុទ្រមក ដែលមានស្នែង១០ នឹងក្បាល៧ រីឯនៅលើស្នែងវា មានមកុដ១០ ហើយនៅលើក្បាលទាំងប៉ុន្មាន នោះមានឈ្មោះ ជាពាក្យប្រមាថ សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងនៃខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ នឹងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ ខ្ញុំឃើញក្បាលវា១ ដូចជាបានកាប់សំឡាប់ហើយ តែរបួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ គេក្រាបថ្វាយបង្គំដល់នាគ ដែលឲ្យសត្វនោះមានអំណាច ព្រមទាំងក្រាបថ្វាយបង្គំដល់សត្វនោះដែរ ដោយនិយាយថា តើមានអ្នកណាដូចសត្វនេះ មានអ្នកឯណាដែលអាចច្បាំងនឹងវាបាន នាគក៏ឲ្យវាមានមាត់ចេះនិយាយជាពាក្យសំដីដ៏ធំ នឹងពាក្យប្រមាថ ក៏ឲ្យមានអំណាចនឹងធ្វើការវា ក្នុងរវាង៤២ខែ វាបើកមាត់ប្រមាថដល់ទាំងព្រះ នឹងព្រះនាម ហើយព្រះវិហារនៃទ្រង់ដែរ ព្រមទាំងដល់ពួកអ្នកដែលនៅស្ថានសួគ៌ផង ក៏មានអំណាចបានប្រគល់ដល់វា ឲ្យច្បាំងឈ្នះពួកបរិសុទ្ធបាន ហើយនឹងអំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ នឹងភាសា ហើយនឹងអស់ទាំងសាសន៍ផង ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយមក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ បើអ្នកណាមានត្រចៀក ឲ្យអ្នកនោះស្តាប់ចុះ បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនឲ្យទៅជាឈ្លើយដែរ បើអ្នកណាកាប់សំឡាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្ដីអត់ធ្មត់ នឹងសេចក្ដីជំនឿរបស់ពួកបរិសុទ្ធ។ ខ្ញុំក៏ឃើញសត្វសាហាវ១ទៀត ឡើងចេញពីដីមក វាមានស្នែង២ ដូចជាកូនចៀម តែពោលពាក្យដូចជានាគវិញ ក៏ប្រព្រឹត្តដោយនូវគ្រប់ទាំងអំណាចរបស់សត្វទី១ នៅមុខនាគនោះ ទាំងបណ្តាលឲ្យផែនដី នឹងអស់អ្នកដែលនៅផែនដីបានក្រាបថ្វាយបង្គំ ដល់សត្វទី១ដែលមានរបួសដល់ស្លាប់នោះ តែបានសះជាវិញនោះផង វាក៏ធ្វើទីសំគាល់យ៉ាងធំ ដល់ម៉្លេះបានជាធ្វើឲ្យធ្លាក់ទាំងភ្លើង ពីលើមេឃមកលើផែនដី នៅមុខមនុស្សលោកផង វាបញ្ឆោតពួកមនុស្សនៅផែនដី ដោយសារទីសំគាល់ ដែលវាមានអំណាចនឹងធ្វើ នៅមុខសត្វនោះ ក៏ប្រាប់ដល់ពួកអ្នកនៅផែនដី ឲ្យធ្វើរូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញដែរ ក៏មានអំណាចបានប្រគល់ឲ្យវា នឹងធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យបានចេះនិយាយ ហើយអំណាចនឹងធ្វើឲ្យពួកអ្នក ដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា នឹងបាវគេ ឲ្យទទួលទីសំគាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន ហើយមិនបើកឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកតែអ្នកដែលមានទីសំគាល់នោះចេញ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ ឲ្យអ្នកនោះរាប់លេខនៃសត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្ស គឺ៦៦៦។