វិវរណៈ 11:1-19

វិវរណៈ 11:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក មាន​គេ​ឲ្យ​ដំបង​មួយ​មក​ខ្ញុំ​ទុក​ជា​ខ្នាត ហើយ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ទៅ​វាស់​ព្រះ‌វិហារ​របស់​ព្រះ និង​អាសនា ព្រម​ទាំង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​នៅ​ទី​នោះ​ផង តែ​កុំ​វាស់​ទី​លាន​ខាង​ក្រៅ​ព្រះ‌វិហារ​ឡើយ ត្រូវ​ទុក​ឲ្យ​នៅ​ដោយ​ឡែក ដ្បិត​ទី​នោះ​ព្រះ‌អង្គ​បាន​ប្រគល់​ឲ្យ​ជាតិ​សាសន៍​នានា ហើយ​គេ​នឹង​ជាន់​ទី​ក្រុង​បរិសុទ្ធ​អស់​រយៈ​ពេល​សែ‌សិប​ពីរ​ខែ។ យើង​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​របស់​យើង​ពីរ​នាក់ ដើម្បី​ថ្លែង​ទំនាយ​ក្នុង​រយៈ​ពេល​មួយ‌ពាន់​ពីរ‌រយ​ហុក‌សិប​ថ្ងៃ ទាំង​ស្លៀក​ពាក់​សំពត់​ធ្មៃ»។ អ្នក​ទាំង​ពីរ​នេះ គឺ​ជា​ដើម​អូលីវ​ទាំង​ពីរ និង​ជា​ចង្កៀង​ទាំង​ពីរ ដែល​ឈរ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី ។ ប្រសិន‌បើ​មាន​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គេ​មក ហើយ​បញ្ឆេះ​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​គេ។ ដូច្នេះ បើ​មាន​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​គេ អ្នក​នោះ​ត្រូវ​ស្លាប់​បែប​នេះ​ឯង។ អ្នក​ទាំង​ពីរ​មាន​អំណាច​នឹង​បិទ​មេឃ មិន​ឲ្យ​ភ្លៀង​ធ្លាក់ក្នុង​គ្រា​ដែល​គេ​ថ្លែង​ទំនាយ ក៏​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ឈាម និង​ធ្វើ​ឲ្យ​ផែនដី​កើត​មាន​គ្រោះ​កាច​គ្រប់​យ៉ាង ពេល​ណា​ក៏​បាន តាម​តែ​ចិត្ត។ កាល​ណា​អ្នក​ទាំង​ពីរ​បាន​ធ្វើ​បន្ទាល់​របស់​ខ្លួន​ចប់​ហើយ សត្វ​សាហាវ​ដែល​ឡើង​ពី​ជង្ហុក​ធំ​ក៏​មក​ច្បាំង​នឹង​គេ ទាំង​ឈ្នះ ហើយ​សម្លាប់​គេ​ផង សាក​សព​អ្នក​ទាំង​ពីរ​នឹង​ដេក​នៅ​តាម​ផ្លូវ ក្នុង​ទី​ក្រុង​ធំ​ដែល​មាន​ឈ្មោះ​ជា​និមិត្ត​រូប​ថា «សុដុម» និង «អេស៊ីព្ទ» ជា​ក្រុង​ដែល​មនុស្ស​បាន​ឆ្កាង​ព្រះ‌អម្ចាស់​របស់​អ្នក​ទាំង​ពីរ។ អស់​រយៈ​ពេល​បី​ថ្ងៃ​កន្លះ មាន​មនុស្ស​មក​ពី​ជន‌ជាតិ ពី​កុល‌សម្ព័ន្ធ ពី​ភាសា និង​ពី​ជាតិ‌សាសន៍​ទាំង​ឡាយ នឹង​ឃើញ​សាក‌សព​អ្នក​ទាំង​ពីរ ហើយ​មិន​ព្រម​ឲ្យ​អ្នក​ណា​យក​សាក‌សព​នោះ​ទៅ​កប់​ឡើយ មនុស្ស​នៅ​ផែនដី​នឹង​មាន​អំណរ ហើយ​អបអរ​សាទរ ដោយ​អ្នក​ទាំង​ពីរ​បាន​ស្លាប់ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ហោរា​ទាំង​ពីរ​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​វេទនា​ជា​ខ្លាំង។ ប៉ុន្តែ ក្រោយ​បី​ថ្ងៃ​កន្លះ​នោះ​មក ព្រះ‌វិញ្ញាណ​នៃ​ជីវិត​ដែល​មក​ពី​ព្រះ បាន​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ ហើយ​គេ​ក៏​ក្រោក​ឈរ​ឡើង ឯ​ពួក​អ្នក​ដែល​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «ចូរ​ឡើង​មក​ណេះ!» គេ​ក៏​ឡើង​ទៅ​លើ​មេឃ នៅ​ក្នុង​ពពក ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ។ នៅ​វេលា​នោះ មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ហើយ​មួយ​ភាគ​ដប់​នៃ​ទី​ក្រុង​នោះ​ត្រូវ​រលំ មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ស្លាប់ ក្នុង​ពេល​ដែល​រញ្ជួយ​ផែនដី​នោះ ឯ​មនុស្ស​ដែល​សល់ ក៏​មាន​ចិត្ត​ភ័យ​ខ្លាច ហើយ​លើក​តម្កើង​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌។ សេចក្ដី​វេទនា​ទី​ពីរ​បាន​កន្លង​ផុត​ទៅ មើល៍ សេចក្ដី​វេទនា​ទី​បី​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។ ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ឮ​សំឡេង​ជា​ខ្លាំង​បន្លឺ​ឡើង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ បាន​ត្រឡប់​ជា​រាជ្យ​របស់​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ»។ ពេល​នោះ ចាស់​ទុំ​ទាំង​ម្ភៃបួន​រូប ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន នៅ​ចំពោះ​ព្រះ ក៏​ក្រាប​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ ទាំង​ពោល​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ ព្រះ‌អង្គ​ដែល​គង់​នៅ​សព្វ​ថ្ងៃ ហើយ​ក៏​គង់​នៅ​តាំង​តែ​ពី​ដើម​មក យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​យក​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ ហើយ​ចាប់​ផ្ដើម​សោយ​រាជ្យ។ ជាតិ​សាសន៍​នានា​មាន​កំហឹង តែ​សេចក្តី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​មក​ដល់ ហើយ​ជា​ពេល​កំណត់​ដែល​ត្រូវ​ជំនុំ​ជម្រះ​ពួក​មនុស្ស​ស្លាប់ និង​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ និង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ ហើយ​ក៏​ជា​ពេល​ត្រូវ​បំផ្លាញ​អស់​អ្នក​ដែល​បំផ្លាញ​ផែនដី​ដែរ»។ ពេល​នោះ ព្រះ‌វិហារ​របស់​ព្រះ​នៅ​ស្ថាន‌សួគ៌ ក៏​បើក​ចំហ ហើយ​ឃើញ​មាន​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌វិហារ​នោះ ហើយ​ក៏​មាន​ផ្លេក‌បន្ទោរ មាន​សូរ​សំឡេង មាន​ផ្គរ​លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ធ្លាក់​ព្រឹល​យ៉ាង​ខ្លាំង។

ចែក​រំលែក
អាន វិវរណៈ 11

វិវរណៈ 11:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ទេវតា*​បាន​ប្រគល់​ដើម​ត្រែង​មួយ​មក​ខ្ញុំ ស្រដៀង​នឹង​ដំបង​សម្រាប់​វាស់​ហើយ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​វាស់​ព្រះ‌វិហារ*​របស់​ព្រះ‌ជា‌ម្ចាស់ វាស់​អាសនៈ និង​រាប់​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ទី​នោះ​ផង។ ប៉ុន្តែ ត្រូវ​ទុក​ទី‌លាន​ដែល​នៅ​ខាង​ក្រៅ​ព្រះ‌វិហារ​ដោយ​ឡែក កុំ​វាស់​ឲ្យ​សោះ ដ្បិត​ព្រះអង្គ​បាន​ប្រគល់​លាន​នោះ​ឲ្យ​ជាតិ​សាសន៍​នានា ហើយ​ពួក​គេ​នឹង​ជាន់​ឈ្លី​ក្រុង​ដ៏វិសុទ្ធ​អស់​រយៈ​ពេល​សែ‌សិប​ពីរ​ខែ។ យើង​នឹង​ឲ្យ​បន្ទាល់​របស់​យើង​ទាំង​ពីរ​រូប​ស្លៀក​បាវ​ ទៅ​ថ្លែង​ព្រះ‌បន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ​នោះ។ អ្នក​ទាំង​ពីរ​នេះ​គឺ​ ជា​ដើម​អូលីវ​ទាំង​ពីរ និង​ជា​ជើង​ចង្កៀង​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់​នៃ​ផែនដី ។ ប្រសិន​បើ​មាន​នរណា​ម្នាក់​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គាត់ មក​ឆេះ​បំផ្លាញ​មារ​សត្រូវ​របស់​គាត់​ជា​មិន​ខាន។ ប្រាកដ​ណាស់ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ អ្នក​នោះ​ពិត​ជា​ត្រូវ​ស្លាប់​បែប​នេះ​ឯង។ អ្នក​ទាំង​ពីរ​មាន​អំណាច​ធ្វើ​ឲ្យ​មេឃ​រាំង គ្មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ពេល​ដែល​គាត់​ថ្លែង​ព្រះ‌បន្ទូល ហើយ​ក៏​មាន​អំណាច​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ឈាម ព្រម​ទាំង​ធ្វើ​ឲ្យ​គ្រោះ​កាច​គ្រប់​យ៉ាង​អាច​កើត​មាន​នៅ​លើ​ផែនដី​ពេល​ណា​ក៏​បាន តាម​តែ​គាត់​ចង់។ ពេល​អ្នក​ទាំង​ពីរ​បាន​ផ្ដល់​សក្ខីភាព​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ មាន​សត្វ​តិរច្ឆាន​ឡើង​ពី​នរក​អវិចី​មក​ច្បាំង​នឹង​គេ វា​នឹង​ឈ្នះ ហើយ​ប្រហារ​ជីវិត​គេ​ទៀត​ផង។ សាក‌សព​របស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទុក​ចោល​នៅ​តាម​ទី​ផ្សារ ក្នុង​ក្រុង​ដ៏​ធំ​នោះ ជា​ក្រុង​ដែល​មាន​ឈ្មោះ​ជា​និមិត្ត‌រូប ថា “សូដុម” ឬ​“អេស៊ីប” គឺ​នៅ​ក្រុង​នោះ​ហើយ​ដែល​គេ​ឆ្កាង​ព្រះ‌អម្ចាស់​របស់​អ្នក​ទាំង​ពីរ។ មនុស្ស‌ម្នា​ពី​ចំណោម​ប្រជា‌ជន​នានា ពី​ចំណោម​កុល‌សម្ព័ន្ធ ពី​ចំណោម​ភាសា និង​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ នឹង​ឃើញ​សាក‌សព​របស់​អ្នក​ទាំង​ពីរ ក្នុង​រវាង​បី​ថ្ងៃ​កន្លះ ហើយ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​យក​សាក‌សព​អ្នក​ទាំង​ពីរ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។ មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែនដី​នឹង​មាន​ចិត្ត​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្យាការី*​ទាំង​ពីរ​រូប​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី​រង‌ទុក្ខ​លំបាក​ខ្លាំង​ណាស់។ បី​ថ្ងៃ​កន្លះ​ក្រោយ​មក មាន​ដង្ហើម​ជីវិត​ មួយ​ចេញ​ពី​ព្រះ‌ជា‌ម្ចាស់ មក​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ក៏​ក្រោក​ឈរ​ឡើង ធ្វើ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។ អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ បន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ ក្នុង​ពពក* រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។ ខណៈ​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង ក្រុង​រលំ​អស់​មួយ​ភាគ​ដប់ មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ពេល​រញ្ជួយ​ផែនដី។ អ្នក​សល់​ពី​ស្លាប់​ភ័យ​ញ័រ​រន្ធត់ នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់​នៃ​ស្ថាន​បរម‌សុខ*»។ ទុក្ខ​វេទនា​ទី​ពីរ​នេះ​បាន​កន្លង​ផុត​ទៅ ទុក្ខ​វេទនា​ទី​បី​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។ ទេវតា*​ទី​ប្រាំ‌ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់​នៃ​យើង និង​ថ្វាយ​ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។ ពេល​នោះ ព្រឹទ្ធា‌ចារ្យ*​ទាំង​ម្ភៃ​បួន​រូប​ដែល​អង្គុយ​លើ​បល្ល័ង្ក​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់ ក៏​នាំ​គ្នា​ក្រាប​ឱន​មុខ​ដល់​ដី ហើយ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់ ទាំង​ពោល​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​មាន​ព្រះ‌ជន្ម​គង់​នៅ តាំង​ពី​ដើម​រៀង​មក​ដែរ! យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​យក​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា របស់​ព្រះអង្គ មក​តាំង​ព្រះ‌រាជ្យ​របស់​ព្រះអង្គ​ឡើង។ ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹង ហើយ​ពេល​ដែល​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ ក៏​មក​ដល់​ដែរ គឺ​ជា​ពេល​កំណត់​ដែល​ព្រះអង្គ​វិនិច្ឆ័យ​ទោស មនុស្ស​ស្លាប់។ នៅ​ពេល​នោះ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់ ពួក​ព្យាការី*​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដល់​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ព្រះ‌នាម​ព្រះអង្គ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ហើយ​ក៏​ជា​ពេល​ដែល​ព្រះអង្គ​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​បាន​បំផ្លាញ​ផែនដី​ដែរ»។ ពេល​នោះ ទ្វារ​ព្រះ‌វិហារ*​របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង ហើយ​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះអង្គ​ក៏​លេច​មក​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ក៏​មាន​ផ្លេក​បន្ទោរ មាន​ឮ​សូរ​សំឡេង មាន​ផ្គរ‌លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ។

ចែក​រំលែក
អាន វិវរណៈ 11

វិវរណៈ 11:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​គេ​ឲ្យ​ដើម​បបុស​ទុក​ជា​ខ្នាត​មក​ខ្ញុំ ដោយ​ថា ចូរ​ក្រោក​ឡើង​ទៅ​វាស់​ព្រះ‌វិហារ​នៃ​ព្រះ នឹង​អាសនា ហើយ​នឹង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​ផង តែ​ទី​លាន​ដែល​នៅ​ខាង​ក្រៅ នោះ​ត្រូវ​ចោល​ចេញ កុំ​ឲ្យ​វាស់​ឡើយ ដ្បិត​បាន​ឲ្យ​ទី​នោះ​ដល់​សាសន៍​ដទៃ​ហើយ គេ​នឹង​ជាន់​ទី​ក្រុង​បរិសុទ្ធ​អស់​រវាង​៤២​ខែ អញ​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​អញ​ទាំង​២​នាក់ គេ​នឹង​ទាយ​ក្នុង​រវាង​១២៦០​ថ្ងៃ ទាំង​ស្លៀក‌ពាក់​សំពត់​ធ្មៃ​ផង អ្នក​២​នាក់​នោះ គេ​ជា​ដើម​អូលីវ​ទាំង​២ ហើយ​ជា​ចង្កៀង​ទាំង​២ ដែល​ឈរ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​ដល់​អ្នក​២​នាក់​នោះ នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គេ មក​បញ្ឆេះ​បំផ្លាញ​ពួក​ខ្មាំង​សត្រូវ​វិញ បើ​សិន​ជា​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​គេ នោះ​ត្រូវ​ស្លាប់​ទៅ​យ៉ាង​ដូច្នោះ អ្នក​ទាំង​២​នោះ​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​មេឃ​រាំង មិន​ឲ្យ​ភ្លៀង​ធ្លាក់​មក​ក្នុង​គ្រា​ដែល​គេ​ទាយ ក៏​មាន​អំណាច​នឹង​បំផ្លាស់​ទឹក​ឲ្យ​ទៅ​ជា​ឈាម ហើយ​នឹង​ធ្វើ​ឲ្យ​ផែនដី​កើត​មាន​សេចក្ដី​ទេវនា​គ្រប់​យ៉ាង ក្នុង​វេលា​ណា​ក៏​ដោយ តាម​តែ​ចិត្ត​បាន។ កាល​ណា​អ្នក​២​នាក់​នោះ បាន​ធ្វើ​បន្ទាល់​របស់​ខ្លួន​ស្រេច​ហើយ នោះ​សត្វ​សាហាវ​ដែល​ឡើង​មក​ពី​ជង្ហុក​ធំ​នឹង​ច្បាំង​នឹង​គេ ទាំង​ឈ្នះ ហើយ​សំឡាប់​គេ​ផង ខ្មោច​គេ​ទាំង​២​នាក់ នឹង​ដេក​នៅ​ផ្លូវ​ទី​ក្រុង​ធំ ដែល​ខាង​ព្រលឹង​វិញ្ញាណ​ហៅ​ថា​ក្រុង​សូដុំម ហើយ​ស្រុក​អេស៊ីព្ទ គឺ​នៅ​ក្រុង​នេះ​ឯង ដែល​មនុស្ស​បាន​ឆ្កាង​ព្រះ‌អម្ចាស់​នៃ​អ្នក​ទាំង​២​នោះ​ដែរ នោះ​នឹង​មាន​មនុស្ស​ពី​គ្រប់​ទាំង​គ្រួសារ ពូជ​មនុស្ស ភាសា នឹង​សាសន៍​ទាំង​ប៉ុន្មាន បាន​ឃើញ​ខ្មោច​គេ នៅ​អស់​៣​ថ្ងៃ​កន្លះ មិន​ព្រម​ឲ្យ​អ្នក​ណា​កប់​ឡើយ ហើយ​មនុស្ស​នៅ​ផែនដី​ទាំង​ប៉ុន្មាន គេ​នឹង​មាន​សេចក្ដី​អំណរ​ហើយ​លេង​សប្បាយ ពី​ដំណើរ​អ្នក​ទាំង​២​បាន​ស្លាប់​ហើយ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ហោរា​ទាំង​២​នោះ​បាន​ធ្វើ​ទុក្ខ​ដល់​មនុស្ស ដែល​នៅ​ផែនដី​ទាំង​ប៉ុន្មាន​ជា​ខ្លាំង​ណាស់។ ក្រោយ​៣​ថ្ងៃ​កន្លះ​នោះ​មក ព្រះ‌វិញ្ញាណ​នៃ​ជីវិត ដែល​មក​ពី​ព្រះ​ក៏​ចូល​ក្នុង​ខ្មោច​ទាំង​២ រួច​គេ​ក្រោក​ឈរ​ឡើង ហើយ​ពួក​អ្នក​ដែល​ឃើញ​ក៏​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង នោះ​អ្នក​ទាំង​២​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​ឡើង​មក​ឯ​ណេះ គេ​ក៏​ឡើង​ទៅ​លើ​មេឃ​ឰដ៏​ពពក ពួក​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ នៅ​វេលា​នោះ​ឯង មាន​កក្រើក​ដី​ជា​ខ្លាំង ទី​ក្រុង​នោះ​១​ភាគ​ក្នុង​១០​ក៏​រលំ​អស់​ទៅ ហើយ​មាន​មនុស្ស​៧​ពាន់​នាក់​ស្លាប់ ក្នុង​ខណ​ដែល​កក្រើក​ដី​នោះ ឯ​ពួក​មនុស្ស​ដែល​សល់ គេ​មាន​ចិត្ត​ភ័យ​ខ្លាច ក៏​សរសើរ​ដំកើង ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ សេចក្ដី​វេទនា​ទី​២​បាន​កន្លង​ទៅ​ហើយ មើល សេចក្ដី​វេទនា​ទី​៣​ត្រូវ​មក​ជា​ឆាប់។ ទេវតា​ទី​៧​ក៏​ផ្លុំ​ឡើង នោះ​មាន​ឮ​សំឡេង​ជា​ច្រើន​បន្លឺ​ឡើង នៅ​លើ​មេឃ​ថា នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នឹង​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ‌រាជ្យ​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ នោះ​ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់ ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន នៅ​ចំពោះ​ព្រះ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ដល់​ទ្រង់ ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​គង់​នៅ ក៏​បាន​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទ្រង់​បាន​យក​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​បាន​សោយ‌រាជ្យ​ឡើង អស់​ទាំង​សាសន៍​បាន​មាន​សេចក្ដី​កំហឹង ហើយ​សេចក្ដី​ខ្ញាល់​ទ្រង់​ក៏​មក​ដល់ ជា​ពេល​កំណត់ ដែល​ត្រូវ​ជំនុំ​ជំរះ​ពួក​មនុស្ស​ស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ គឺ​ជា​ពួក​បាវ​បំរើ​ទ្រង់​ទាំង​តូច​ទាំង​ធំ​ដែរ ហើយ​ជា​ពេល​ត្រូវ​បំផ្លាញ​ពួក​អ្នក ដែល​បង្ខូច​ផែនដី​ផង។ នោះ​មាន​គេ​បើក​ព្រះ‌វិហារ​នៃ​ព្រះ​នៅ​ស្ថាន‌សួគ៌ ហើយ​ឃើញ​មាន​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ នៅ​ក្នុង​ព្រះ‌វិហារ​នោះ រួច​មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង ផ្គរ‌លាន់ កក្រើក​ដី នឹង​ព្រឹល​យ៉ាង​ធំៗ។

ចែក​រំលែក
អាន វិវរណៈ 11

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ