វិវរណៈ 11:1-19

វិវរណៈ 11:1-19 គកស១៦

បន្ទាប់​មក មាន​គេ​ឲ្យ​ដំបង​មួយ​មក​ខ្ញុំ​ទុក​ជា​ខ្នាត ហើយ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ទៅ​វាស់​ព្រះ‌វិហារ​របស់​ព្រះ និង​អាសនា ព្រម​ទាំង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​នៅ​ទី​នោះ​ផង តែ​កុំ​វាស់​ទី​លាន​ខាង​ក្រៅ​ព្រះ‌វិហារ​ឡើយ ត្រូវ​ទុក​ឲ្យ​នៅ​ដោយ​ឡែក ដ្បិត​ទី​នោះ​ព្រះ‌អង្គ​បាន​ប្រគល់​ឲ្យ​ជាតិ​សាសន៍​នានា ហើយ​គេ​នឹង​ជាន់​ទី​ក្រុង​បរិសុទ្ធ​អស់​រយៈ​ពេល​សែ‌សិប​ពីរ​ខែ។ យើង​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​របស់​យើង​ពីរ​នាក់ ដើម្បី​ថ្លែង​ទំនាយ​ក្នុង​រយៈ​ពេល​មួយ‌ពាន់​ពីរ‌រយ​ហុក‌សិប​ថ្ងៃ ទាំង​ស្លៀក​ពាក់​សំពត់​ធ្មៃ»។ អ្នក​ទាំង​ពីរ​នេះ គឺ​ជា​ដើម​អូលីវ​ទាំង​ពីរ និង​ជា​ចង្កៀង​ទាំង​ពីរ ដែល​ឈរ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី ។ ប្រសិន‌បើ​មាន​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គេ​មក ហើយ​បញ្ឆេះ​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​គេ។ ដូច្នេះ បើ​មាន​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​គេ អ្នក​នោះ​ត្រូវ​ស្លាប់​បែប​នេះ​ឯង។ អ្នក​ទាំង​ពីរ​មាន​អំណាច​នឹង​បិទ​មេឃ មិន​ឲ្យ​ភ្លៀង​ធ្លាក់ក្នុង​គ្រា​ដែល​គេ​ថ្លែង​ទំនាយ ក៏​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ឈាម និង​ធ្វើ​ឲ្យ​ផែនដី​កើត​មាន​គ្រោះ​កាច​គ្រប់​យ៉ាង ពេល​ណា​ក៏​បាន តាម​តែ​ចិត្ត។ កាល​ណា​អ្នក​ទាំង​ពីរ​បាន​ធ្វើ​បន្ទាល់​របស់​ខ្លួន​ចប់​ហើយ សត្វ​សាហាវ​ដែល​ឡើង​ពី​ជង្ហុក​ធំ​ក៏​មក​ច្បាំង​នឹង​គេ ទាំង​ឈ្នះ ហើយ​សម្លាប់​គេ​ផង សាក​សព​អ្នក​ទាំង​ពីរ​នឹង​ដេក​នៅ​តាម​ផ្លូវ ក្នុង​ទី​ក្រុង​ធំ​ដែល​មាន​ឈ្មោះ​ជា​និមិត្ត​រូប​ថា «សុដុម» និង «អេស៊ីព្ទ» ជា​ក្រុង​ដែល​មនុស្ស​បាន​ឆ្កាង​ព្រះ‌អម្ចាស់​របស់​អ្នក​ទាំង​ពីរ។ អស់​រយៈ​ពេល​បី​ថ្ងៃ​កន្លះ មាន​មនុស្ស​មក​ពី​ជន‌ជាតិ ពី​កុល‌សម្ព័ន្ធ ពី​ភាសា និង​ពី​ជាតិ‌សាសន៍​ទាំង​ឡាយ នឹង​ឃើញ​សាក‌សព​អ្នក​ទាំង​ពីរ ហើយ​មិន​ព្រម​ឲ្យ​អ្នក​ណា​យក​សាក‌សព​នោះ​ទៅ​កប់​ឡើយ មនុស្ស​នៅ​ផែនដី​នឹង​មាន​អំណរ ហើយ​អបអរ​សាទរ ដោយ​អ្នក​ទាំង​ពីរ​បាន​ស្លាប់ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ហោរា​ទាំង​ពីរ​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​វេទនា​ជា​ខ្លាំង។ ប៉ុន្តែ ក្រោយ​បី​ថ្ងៃ​កន្លះ​នោះ​មក ព្រះ‌វិញ្ញាណ​នៃ​ជីវិត​ដែល​មក​ពី​ព្រះ បាន​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ ហើយ​គេ​ក៏​ក្រោក​ឈរ​ឡើង ឯ​ពួក​អ្នក​ដែល​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «ចូរ​ឡើង​មក​ណេះ!» គេ​ក៏​ឡើង​ទៅ​លើ​មេឃ នៅ​ក្នុង​ពពក ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ។ នៅ​វេលា​នោះ មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ហើយ​មួយ​ភាគ​ដប់​នៃ​ទី​ក្រុង​នោះ​ត្រូវ​រលំ មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ស្លាប់ ក្នុង​ពេល​ដែល​រញ្ជួយ​ផែនដី​នោះ ឯ​មនុស្ស​ដែល​សល់ ក៏​មាន​ចិត្ត​ភ័យ​ខ្លាច ហើយ​លើក​តម្កើង​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌។ សេចក្ដី​វេទនា​ទី​ពីរ​បាន​កន្លង​ផុត​ទៅ មើល៍ សេចក្ដី​វេទនា​ទី​បី​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។ ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ឮ​សំឡេង​ជា​ខ្លាំង​បន្លឺ​ឡើង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ បាន​ត្រឡប់​ជា​រាជ្យ​របស់​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ»។ ពេល​នោះ ចាស់​ទុំ​ទាំង​ម្ភៃបួន​រូប ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន នៅ​ចំពោះ​ព្រះ ក៏​ក្រាប​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ ទាំង​ពោល​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ ព្រះ‌អង្គ​ដែល​គង់​នៅ​សព្វ​ថ្ងៃ ហើយ​ក៏​គង់​នៅ​តាំង​តែ​ពី​ដើម​មក យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​យក​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ ហើយ​ចាប់​ផ្ដើម​សោយ​រាជ្យ។ ជាតិ​សាសន៍​នានា​មាន​កំហឹង តែ​សេចក្តី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​មក​ដល់ ហើយ​ជា​ពេល​កំណត់​ដែល​ត្រូវ​ជំនុំ​ជម្រះ​ពួក​មនុស្ស​ស្លាប់ និង​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ និង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ ហើយ​ក៏​ជា​ពេល​ត្រូវ​បំផ្លាញ​អស់​អ្នក​ដែល​បំផ្លាញ​ផែនដី​ដែរ»។ ពេល​នោះ ព្រះ‌វិហារ​របស់​ព្រះ​នៅ​ស្ថាន‌សួគ៌ ក៏​បើក​ចំហ ហើយ​ឃើញ​មាន​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌វិហារ​នោះ ហើយ​ក៏​មាន​ផ្លេក‌បន្ទោរ មាន​សូរ​សំឡេង មាន​ផ្គរ​លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ធ្លាក់​ព្រឹល​យ៉ាង​ខ្លាំង។

អាន វិវរណៈ 11