ទំនុកតម្កើង 88:1-5
ទំនុកតម្កើង 88:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំអើយ ពេលថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ ហើយពេលយប់ ទូលបង្គំនៅតែរកព្រះអង្គដដែល។ សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានឡើងទៅដល់ព្រះអង្គ! សូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែក របស់ទូលបង្គំផង! ដ្បិតទូលបង្គំមានទុក្ខខ្លោចផ្សាឥតឧបមា សេចក្ដីស្លាប់បានខិតមកជិតទូលបង្គំហើយ។ គេចាត់ទុកទូលបង្គំជាអ្នកស្ថិតនៅក្នុងចំណោម មនុស្សដែលត្រូវធ្លាក់ទៅក្នុងរណ្ដៅ ឬជាអ្នកស្ថិតនៅក្នុងចំណោមមនុស្ស ដែលលែងមានកម្លាំងទៀត។ ទូលបង្គំដេកស្តូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ ទូលបង្គំប្រៀបបាននឹងអស់អ្នកដែលព្រះអង្គ លែងនឹកនា និងលែងជួយទៀត។
ទំនុកតម្កើង 88:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ា ជាព្រះសង្គ្រោះរបស់ទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅចំពោះព្រះអង្គ ទាំងយប់ទាំងថ្ងៃ។ សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានចូលឡើងទៅដល់ព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែក របស់ទូលបង្គំផង។ ដ្បិតព្រលឹងទូលបង្គំមានពេញ ដោយសេចក្ដីវេទនា ហើយជីវិតទូលបង្គំខិតទៅជិត ស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ។ គេរាប់ទូលបង្គំក្នុងចំណោមអ្នក ដែលចុះទៅក្នុងរណ្ដៅ ទូលបង្គំជាមនុស្សដែលគ្មានកម្លាំង ដូចជាអ្នកដែលត្រូវគេបោះបង់ចោល នៅកណ្ដាលពួកមនុស្សស្លាប់ ដូចជាអ្នកដែលត្រូវគេសម្លាប់ ដែលដេកនៅក្នុងផ្នូរ ដូចជាអស់អ្នកដែលព្រះអង្គលែងនឹកនា ហើយត្រូវបានកាត់ចេញ ពីព្រះហស្តរបស់ព្រះអង្គ។
ទំនុកតម្កើង 88:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ ទូលបង្គំបានអំពាវនាវនៅចំពោះទ្រង់ ទាំងយប់ទាំងថ្ងៃ សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំ បានចូលមកនៅចំពោះទ្រង់ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលបង្គំទូលអង្វរផង ដ្បិតព្រលឹងនៃទូលបង្គំមានពេញដោយសេចក្ដីវេទនា ជីវិតនៃទូលបង្គំក៏កាន់តែជិតស្ថានឃុំព្រលឹងមនុស្សស្លាប់ គេរាប់ទូលបង្គំជាមួយនឹងពួកអ្នកដែលកំពុងតែ ចុះទៅក្នុងរណ្តៅ ទូលបង្គំក៏ដូចជាមនុស្សដែលគ្មានកំឡាំង ត្រូវបោះបង់ចោលនៅកណ្តាលពួកមនុស្សស្លាប់ហើយ ដូចជាអ្នក១ដែលត្រូវគេកាប់សំឡាប់ ដែលដេកនៅក្នុងផ្នូរ ជាអ្នកដែលទ្រង់មិននឹកចាំទៀតសោះ ហើយត្រូវកាត់ចេញពីព្រះហស្តទ្រង់ទៅ