ទំនុកតម្កើង 88

88
ពាក្យ​អធិស្ឋានសុំ​ជំនួយ​នៅ​ពេល​ខូច​ចិត្ត
ទំនុក​ជា​បទ​ចម្រៀង​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង។ ត្រូវ​លេង​ដោយ​ខ្លុយ ជា​សេចក្ដី​បង្រៀន​របស់​លោក​ហេម៉ាន អ្នក​ស្រុក​អេស‌រ៉ាគីត។
1ឱ​ព្រះ‌យេហូវ៉ា
ជា​ព្រះ‌សង្គ្រោះ​របស់​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​ស្រែកអំពាវ​នាវ​នៅ​ចំពោះ​ព្រះ‌អង្គ
ទាំង​យប់​ទាំង​ថ្ងៃ។
2សូម​ឲ្យពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ
បាន​ចូលឡើង​ទៅ​ដល់​ព្រះ‌អង្គ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សម្រែក
របស់​ទូល‌បង្គំ​ផង។
3ដ្បិត​ព្រលឹង​ទូល‌បង្គំ​មាន​ពេញ
ដោយ​សេចក្ដី​វេទនា
ហើយ​ជីវិត​ទូល‌បង្គំ​ខិត​ទៅ​ជិត
ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ។
4គេ​រាប់​ទូល‌បង្គំ​ក្នុង​ចំណោម​អ្នក
ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ
ទូល‌បង្គំ​ជា​មនុស្ស​ដែល​គ្មាន​កម្លាំង
5ដូច​ជា​អ្នកដែល​ត្រូវ​គេ​បោះ‌បង់​ចោល
នៅ​កណ្ដាល​ពួក​មនុស្ស​ស្លាប់
ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​សម្លាប់
ដែល​ដេក​នៅ​ក្នុង​ផ្នូរ
ដូច​ជា​អស់​អ្នក​ដែល​ព្រះ‌អង្គ​លែង​នឹក​នា
ហើយ​ត្រូវ​បាន​កាត់​ចេញ
ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។
6ព្រះ‌អង្គ​បាន​ផ្តេក​ទូល‌បង្គំ​នៅ​ក្នុង​រណ្តៅ​ដ៏​ជ្រៅ
នៅ​ក្នុង​ទី​ងងឹត និង​ទី​ជម្រៅ។
7សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
សង្កត់​លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់
ហើយ​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ទូល‌បង្គំ
ដោយ​អស់​ទាំង​រលក​របស់​ព្រះ‌អង្គ។
–បង្អង់
8៙ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យគូកន​របស់​ទូល‌បង្គំ
គេច​មុខ​ពីទូល‌បង្គំ
ក៏​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ
ត្រឡប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​គេ
ទូល‌បង្គំ​ត្រូវ​បង្ខាំង
មិន​អាច​គេច​ចេញ​បាន​ឡើយ។
9ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​សារ​ទុក្ខ​ព្រួយ
ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​អំពាវនាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ
ទូល‌បង្គំ​បាន​ប្រទូល​ដៃ​ទៅ​រក​ព្រះ‌អង្គ។
10តើ​ព្រះ‌អង្គ​ធ្វើ​ការ​អស្ចារ្យ
សម្រាប់​មនុស្ស​ស្លាប់​បានឬ?
តើ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ
ងើប​សរសើរ​ព្រះ‌អង្គ​ដែរ​ឬ?
–បង្អង់
11តើ​គេ​ថ្លែង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស
របស់​ព្រះ‌អង្គ​នៅ​ក្នុង​ផ្នូរ
ឬ​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ
នៅ​ទី​ហិន​វិនាស​កើត​ឬ?
12តើ​មាន​អ្នក​ណា​ស្គាល់​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ
នៅ​ក្នុង​ទី​ងងឹត
ឬ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
នៅ​ក្នុង​ទឹក​ដីដែល​គេ​ភ្លេច​បាត់​ទៅ​ហើយ​ដែរ​ឬ?
13ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ
នៅ​ពេល​ព្រឹក ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ
ចូល​មក​ចំពោះ​ព្រះ‌អង្គ។
14ឱ​ព្រះ‌យេហូវ៉ា​អើយ
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ
បោះ‌បង់​ព្រលឹង​ទូល‌បង្គំ​ចោល
ហេតុ​អ្វី​បានជាព្រះ‌អង្គ
លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ?
15ទូល‌បង្គំ​មាន​ទុក្ខ​វេទនា
ហើយ​ជិត​ស្លាប់តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ​ស្ញែង​ខ្លាច
ទូល‌បង្គំ​តែល​តោល​គ្មាន​ទី​ពឹង។
16សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ
បាន​គ្រប​លើ​ទូល‌បង្គំ
សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ
បាន​បំផ្លាញ​ទូល‌បង្គំ។
17សេចក្ដី​ទាំង​នោះ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ
ដូច​ទឹក​ជំនន់ជា​រៀង​រាល់​ថ្ងៃ
ក៏រួម​គ្នា​រួប​រឹត​ទូល‌បង្គំទាំង​អស់។
18ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យមនុស្ស​ជា​ទី​ស្រឡាញ់
និង​មិត្ត​ភក្ដិ​របស់​ទូល‌បង្គំ
គេច​មុខ​ចេញ​ពី​ទូល‌បង្គំ
គូកន​របស់​ទូល‌បង្គំ​បាន​ទុក​ទូល‌បង្គំ​ចោល
ក្នុង​ទី​ងងឹត។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 88: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល