ទំនុកតម្កើង 84:5-8
ទំនុកតម្កើង 84:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់ របស់ព្រះអង្គដោយចិត្តស្មោះសរ។ នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួត ព្រះអង្គបានធ្វើឲ្យទីនោះប្រែទៅជាប្រភពទឹក ហើយភ្លៀងនៅដើមរដូវក៏ធ្លាក់មក ជាព្រះពរលើកន្លែងនោះដែរ។ ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច នៅពេលពួកគេកាន់តែខិតចូលជិតព្រះជាម្ចាស់ នៅលើភ្នំស៊ីយ៉ូន។ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ! ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!។ - សម្រាក
ទំនុកតម្កើង 84:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ មានពរហើយ អស់អ្នកដែលយកព្រះអង្គជាកម្លាំងរបស់ខ្លួន ជាអ្នកដែលរៀបចំចិត្ត ជាផ្លូវទៅកាន់ក្រុងស៊ីយ៉ូន។ កាលគេដើរកាត់ជ្រលងបាកា គេធ្វើឲ្យជ្រលងនោះ ត្រឡប់ទៅកន្លែងមានប្រភពទឹក ហើយភ្លៀងដើមរដូវក៏គ្របដណ្ដប់ដោយពរដែរ។ គេដើរទៅទាំងមានកម្លាំងខ្លាំងឡើងៗជានិច្ច គ្រប់គ្នាបង្ហាញខ្លួននៅចំពោះព្រះ ក្នុងក្រុងស៊ីយ៉ូន។ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់ការអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ -បង្អង់
ទំនុកតម្កើង 84:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ មានពរហើយ មនុស្សណាដែលយកទ្រង់ជាកំឡាំង របស់ខ្លួន ជាអ្នកដែលមានគ្រប់ទាំងផ្លូវរៀបចំក្នុងចិត្តហើយ កាលណាអ្នកនោះដើរកាត់ច្រកនៃសេចក្ដីយំសោក ក៏ធ្វើឲ្យច្រកនោះត្រឡប់ទៅជាទីមានក្បាលទឹកហូរ អើ ទឹកភ្លៀងក៏គ្របដោយពរដែរ ពួកនោះដើរទៅទាំងមានកំឡាំងខ្លាំងឡើងបណ្តើរ គ្រប់គ្នាក៏លេចមកនៅចំពោះព្រះ ត្រង់ស៊ីយ៉ូន ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ បង្អង់