ទំនុកតម្កើង 84

84
អំណរ​នៃ​ការ​ថ្វាយ​បង្គំនៅ​ក្នុង​ព្រះ​វិហារ
ទំនុក​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​ភ្លេង​គីធីត។
1ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ
ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ
គួរ​ស្រឡាញ់​ណាស់​ហ្ន៎!
2ព្រលឹង​ទូល‌បង្គំ​រឭក
អើ ក៏​នឹក​ដល់​ទី‌លាន​របស់​ព្រះ‌យេហូវ៉ា
ជា​ពន់​ពេក
ចិត្ត និង​សាច់​ឈាម​ទូល‌បង្គំ
ច្រៀង​ដោយ​អំណរ​ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។
3ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​មហា‌ក្សត្រ
និង​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម្បី​តែ​សត្វ​ចាប​ក៏​រក​បានលំនៅ
ហើយ​សត្វ​ត្រចៀក‌កាំ
ក៏​រក​បាន​សម្បុក​សម្រាប់​ខ្លួន
ជា​កន្លែង​ដែល​ដាក់​កូន​របស់​វា
នៅ​ឯ​អាសនា​របស់​ព្រះ‌អង្គ​ដែរ។
4មាន​ពរ​ហើយ អស់​អ្នក​ដែល​រស់​នៅ
ក្នុងដំណាក់​របស់​ព្រះ‌អង្គ
ទាំង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។ –បង្អង់
5៙ មាន​ពរ​ហើយ
អស់​អ្នក​ដែល​យក​ព្រះ‌អង្គ​ជា​កម្លាំង​របស់​ខ្លួន
ជា​អ្នក​ដែលរៀប​ចំ​ចិត្ត
ជា​ផ្លូវ​ទៅកាន់​ក្រុង​ស៊ីយ៉ូន។
6កាល​គេ​ដើរ​កាត់ជ្រលង​បាកា
គេ​ធ្វើ​ឲ្យ​ជ្រលង​នោះ
ត្រឡប់​ទៅ​កន្លែង​មាន​ប្រភព​ទឹក
ហើយ​ភ្លៀង​ដើម​រដូវ​ក៏​គ្រប​ដណ្ដប់​ដោយ​ពរ​ដែរ។
7គេ​ដើរ​ទៅ​ទាំង​មាន​កម្លាំង​ខ្លាំងឡើង​ៗ​ជានិច្ច
គ្រប់​គ្នា​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ
ក្នុង​ក្រុង​ស៊ីយ៉ូន។
8ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ
សូម​ស្តាប់​ការ​អធិស្ឋាន​របស់​ទូល‌បង្គំ
ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។
-បង្អង់
9ឱ​ព្រះ​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ទត​មើល
សូម​ទត​ចំ​មុខ​អ្នក​ដែល​ព្រះ‌អង្គ
បាន​ចាក់​ប្រេង​តាំង​ផង!
10៙ ដ្បិត​មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​របស់​ព្រះ‌អង្គ
ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត។
ទូល‌បង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឈរ​នៅ​មាត់​ទ្វារ
ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំ
ជា​ជាង​រស់​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់។
11ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ
ព្រះ‌អង្គ​ជា​ព្រះ‌អាទិត្យ និង​ជា​ខែល
ព្រះ‌យេហូវ៉ា​នឹង​ផ្តល់​ព្រះ‌គុណ
ព្រម​ទាំង​កិត្តិយស
ព្រះ‌អង្គ​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី
ដល់​អស់​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។
12ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ
អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ
អ្នក​នោះ​មាន​ពរ​ហើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 84: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល