ទំនុកតម្កើង 84:1-12

ទំនុកតម្កើង 84:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ គួរ​ស្រឡាញ់​ណាស់​ហ្ន៎! ព្រលឹង​ទូល‌បង្គំ​រឭក អើ ក៏​នឹក​ដល់​ទី‌លាន​របស់​ព្រះ‌យេហូវ៉ា ជា​ពន់​ពេក ចិត្ត និង​សាច់​ឈាម​ទូល‌បង្គំ ច្រៀង​ដោយ​អំណរ​ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​មហា‌ក្សត្រ និង​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម្បី​តែ​សត្វ​ចាប​ក៏​រក​បានលំនៅ ហើយ​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​សម្បុក​សម្រាប់​ខ្លួន ជា​កន្លែង​ដែល​ដាក់​កូន​របស់​វា នៅ​ឯ​អាសនា​របស់​ព្រះ‌អង្គ​ដែរ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​រស់​នៅ ក្នុងដំណាក់​របស់​ព្រះ‌អង្គ ទាំង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។ –បង្អង់ ៙ មាន​ពរ​ហើយ អស់​អ្នក​ដែល​យក​ព្រះ‌អង្គ​ជា​កម្លាំង​របស់​ខ្លួន ជា​អ្នក​ដែលរៀប​ចំ​ចិត្ត ជា​ផ្លូវ​ទៅកាន់​ក្រុង​ស៊ីយ៉ូន។ កាល​គេ​ដើរ​កាត់ជ្រលង​បាកា គេ​ធ្វើ​ឲ្យ​ជ្រលង​នោះ ត្រឡប់​ទៅ​កន្លែង​មាន​ប្រភព​ទឹក ហើយ​ភ្លៀង​ដើម​រដូវ​ក៏​គ្រប​ដណ្ដប់​ដោយ​ពរ​ដែរ។ គេ​ដើរ​ទៅ​ទាំង​មាន​កម្លាំង​ខ្លាំងឡើង​ៗ​ជានិច្ច គ្រប់​គ្នា​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ ក្នុង​ក្រុង​ស៊ីយ៉ូន។ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ស្តាប់​ការ​អធិស្ឋាន​របស់​ទូល‌បង្គំ ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។ -បង្អង់ ឱ​ព្រះ​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ទត​មើល សូម​ទត​ចំ​មុខ​អ្នក​ដែល​ព្រះ‌អង្គ បាន​ចាក់​ប្រេង​តាំង​ផង! ៙ ដ្បិត​មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​របស់​ព្រះ‌អង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត។ ទូល‌បង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឈរ​នៅ​មាត់​ទ្វារ ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំ ជា​ជាង​រស់​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់។ ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ព្រះ‌អង្គ​ជា​ព្រះ‌អាទិត្យ និង​ជា​ខែល ព្រះ‌យេហូវ៉ា​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ព្រះ‌អង្គ​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​អស់​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ អ្នក​នោះ​មាន​ពរ​ហើយ។

ទំនុកតម្កើង 84:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់ របស់​ព្រះអង្គ​ណាស់! ទូលបង្គំ​អន្ទះ‌អន្ទែង​ប្រាថ្នា​ចង់​ចូល ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ពន់​ពេក​ក្រៃ ទូលបង្គំ​បន្លឺ​សំឡេង​តម្កើង ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត។ ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ! សូម្បី​តែ​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​កន្លែង​ធ្វើ​សំបុក​ដាក់​កូន​ចៅ​វា នៅ​ជិត​អាសនៈ​របស់​ព្រះអង្គ​ដែរ។ មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ គេ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​រៀង​ទៅ!។ - សម្រាក អ្នក​ណា​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​មក​ពី​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ! ដ្បិត​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ព្រះ‌ដំណាក់ របស់​ព្រះអង្គ​ដោយ​ចិត្ត​ស្មោះ‌សរ។ នៅ​ពេល​ពួក​គេ​ដើរ​កាត់​ជ្រោះ​រីង‌ស្ងួត ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទី​នោះ​ប្រែ​ទៅ​ជា​ប្រភព​ទឹក ហើយ​ភ្លៀង​នៅ​ដើម​រដូវ​ក៏​ធ្លាក់​មក ជា​ព្រះ‌ពរ​លើ​កន្លែង​នោះ​ដែរ។ ពួក​គេ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជានិច្ច នៅ​ពេល​ពួក​គេ​កាន់​តែ​ខិត​ចូល​ជិត​ព្រះ‌ជាម្ចាស់ នៅ​លើ​ភ្នំ​ស៊ីយ៉ូន។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ! ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ​ផង!។ - សម្រាក ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជា​ខែល​ការពារ​យើង​ខ្ញុំ សូម​ទ្រង់​ព្រះ​សន្ដោស​ទត​មក​ព្រះ‌រាជា ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក!។ មួយ​ថ្ងៃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត ហេតុ​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​នៅ មាត់​ទ្វារ​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ពន្លឺ​ថ្ងៃ និង​ជា​ខែល​ការពារ​យើង ព្រះ‌អម្ចាស់​ប្រណី​សន្ដោស និង​ប្រទាន​ឲ្យ​យើង​បាន​រុងរឿង ព្រះអង្គ​តែងតែ​ប្រទាន​សុភមង្គល​ឲ្យ​អស់​អ្នក ដែល​រស់​នៅ ដោយ​គ្មាន​សៅ‌ហ្មង។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ អ្នក​ណា​ទុក​ចិត្ត​លើ​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។

ទំនុកតម្កើង 84:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ អស់​ទាំង​ទី​ដែល​ទ្រង់​ស្ថិត​នៅ នោះ​គួរ​ស្រឡាញ់​ណាស់​ហ្ន៎ ព្រលឹង​ទូលបង្គំ​រឭក អើ ក៏​កន្លេង​ចិត្ត ដោយ​នឹក​ដល់​ទីលាន​នៃ​ព្រះ‌យេហូវ៉ា ចិត្ត នឹង​សាច់​ឈាម​ទូលបង្គំ ស្រែក​អាល័យ​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ជា​មហា‌ក្សត្រ ហើយ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទោះ​ទាំង​ចាប​ក៏​រក​ទី​នៅ​បាន ហើយ​សត្វ​ត្រចៀក‌កាំ ក៏​បាន​សំបុក​សំរាប់​ខ្លួន ជា​កន្លែង​ដែល​ដាក់​កូន​បាន​ដែរ គឺ​ជា​អាសនា​នៃ​ទ្រង់ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​អាស្រ័យ​នៅ ក្នុង​ដំណាក់​ទ្រង់ គេ​នឹង​ចេះ​តែ​សរសើរ​ដល់​ទ្រង់​ជានិច្ច។ –បង្អង់ ៙ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​យក​ទ្រង់​ជា​កំឡាំង របស់​ខ្លួន ជា​អ្នក​ដែល​មាន​គ្រប់​ទាំង​ផ្លូវ​រៀបចំ​ក្នុង​ចិត្ត​ហើយ កាល​ណា​អ្នក​នោះ​ដើរ​កាត់​ច្រក​នៃ​សេចក្ដី​យំ​សោក ក៏​ធ្វើ​ឲ្យ​ច្រក​នោះ​ត្រឡប់​ទៅ​ជា​ទី​មាន​ក្បាល​ទឹក​ហូរ អើ ទឹក​ភ្លៀង​ក៏​គ្រប​ដោយ​ពរ​ដែរ ពួក​នោះ​ដើរ​ទៅ​ទាំង​មាន​កំឡាំង​ខ្លាំង​ឡើង​បណ្តើរ គ្រប់​គ្នា​ក៏​លេច​មក​នៅ​ចំពោះ​ព្រះ ត្រង់​ស៊ីយ៉ូន ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ ឱ​ព្រះ​នៃ​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។ បង្អង់ ៙ ឱ​ព្រះ​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ទត​មក សូម​មើល​ចំ​មុខ​របស់​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ដ្បិត​១​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​នៃ​ទ្រង់ នោះ​វិសេស​ជាង​១​ពាន់​ថ្ងៃ​ណា​ទៀត ទូលបង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូលបង្គំ ជា​ជាង​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​ជា​ព្រះ‌អាទិត្យ ហើយ​ជា​ខែល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ទ្រង់​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ មនុស្ស​ណា​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ នោះ​មាន​ពរ​ហើយ។