ទំនុកតម្កើង 82:1-7

ទំនុកតម្កើង 82:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​គង់​ប្រថាប់​នៅ​ក្នុង​អង្គ​ប្រជុំ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​កាត់​ក្ដីនៅ​ក្នុង​ចំណោម ពួក​ព្រះ​ទាំងឡាយ​ថា៖ «តើ​អ្នក​រាល់​គ្នា​នឹង​ជំនុំ‌ជម្រះ​ដោយ​អយុត្តិធម៌ ហើយ​យល់​មុខ​មនុស្ស​អាក្រក់ ដល់​កាល​ណាទៀត? –បង្អង់ ចូរ​រក​យុត្តិ​ធម៌​ឲ្យ​មនុស្ស​ទន់​ខ្សោយ និង​ក្មេង​កំព្រា ហើយ​គាំពារ​សិទ្ធិ​មនុស្ស​វេទនា និង​មនុស្ស​ទ័ល​ក្រ។ ចូរ​សង្គ្រោះ​មនុស្សទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ចូរ​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់»។ គេ​មិន​ដឹង ក៏​មិន​យល់​អ្វី​ទាំង​អស់ គេ​តែង​ដើរ​ទៅ​មក​ក្នុង​សេចក្ដី​ងងឹត អស់​ទាំង​គ្រឹះ​ផែនដី​ក៏​ត្រូវ​កក្រើក​រំពើក។ យើងបាន​ប្រាប់​ថា «អ្នក​រាល់​គ្នា​ជា​ព្រះ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ប៉ុន្តែ អ្នក​នឹងត្រូវ​ស្លាប់​ដូច​មនុស្ស​ធម្មតា ហើយ​នឹង​ត្រូវ​ដួល​ដូច​ជា​អ្នក​ធំ​ណា​មួយ​ដែរ»។

ទំនុកតម្កើង 82:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​គង់​នៅ ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ ។ ព្រះអង្គ​កាត់​ក្ដី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។ តើ​អ្នក​រាល់​គ្នា​នៅ​តែ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ គឺ​ឲ្យ​មនុស្ស​អាក្រក់​ឈ្នះ​ដូច្នេះ ដល់​កាល​ណា​ទៀត? - សម្រាក ចូរ​រក​យុត្តិធម៌​ឲ្យ​មនុស្ស​ទន់​ខ្សោយ និង​ក្មេង​កំព្រា ចូរ​កាត់​ក្ដី​ឲ្យ​មនុស្ស​កម្សត់​ទុគ៌ត និង​មនុស្ស​តោក‌យ៉ាក។ ចូរ​រំដោះ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​ក្រីក្រ ចូរ​យក​ពួក​គេ​ចេញ​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់។ អ្នក​រាល់​គ្នា​មិន​ដឹង​មិន​យល់​អ្វី​ទាំង​អស់ អ្នក​រាល់​គ្នា​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត អ្នក​រាល់​គ្នា​លុប​បំបាត់​យុត្តិធម៌ ដែល​ជា​គ្រឹះ​នៃ​ពិភព​លោក។ យើង​បាន​ប្រាប់​រួច​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ ដ៏​ខ្ពង់‌ខ្ពស់​បំផុត ។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដូច​មនុស្ស​លោក អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាត់​បង់​ជីវិត ដូច​អ្នក​ធំ​បាត់​បង់​តំណែង​ដែរ។

ទំនុកតម្កើង 82:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌ទ្រង់​ឈរ​នៅ​ក្នុង​ពួក​ជំនុំ​ដ៏​ខ្លាំង​ពូកែ គឺ​ទ្រង់​ដែល​វិនិច្ឆ័យ នៅ​កណ្តាល​ពួក​អ្នក​មាន​អំណាច តើ​ឯង​រាល់​គ្នា​នឹង​ជំនុំ‌ជំរះ​ដោយ​ទុច្ចរិត ហើយ​យល់​មុខ​មនុស្ស​អាក្រក់​ដល់​កាល​ណា។ –បង្អង់ ៙ ចូរ​ការ‌ពារ​ដល់​មនុស្ស​ក្រីក្រ នឹង​មនុស្ស​កំព្រា ហើយ​កាត់​ក្តី​ដល់​មនុស្ស​វេទនា នឹង​មនុស្ស​កំសត់ ដោយ​យុត្តិ‌ធម៌​ចុះ ចូរ​ជួយ​សង្គ្រោះ​មនុស្ស​ក្រីក្រ នឹង​មនុស្ស​កំសត់​ទុគ៌ត​ដែរ ត្រូវ​ជួយ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់ គេ​មិន​ដឹង ក៏​មិន​យល់​សោះ គេ​តែង​ដើរ​ទៅ​មក​ក្នុង​សេចក្ដី​ងងឹត អស់​ទាំង​ឫស​ផែនដី​ក៏​ត្រូវ​កក្រើក​រំពើក អញ​បាន​ពោល​ថា ឯង​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​មាន​អំណាច ហើយ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុតទាំង​អស់​គ្នា ប៉ុន្តែឯង​នឹង​ស្លាប់​ទៅ ដូច​ជា​មនុស្ស​ធម្មតា​ដែរ គឺ​នឹង​ត្រូវ​ដួល​ដូច​ជា​មេ​ណា​មួយ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ