ទំនុកតម្កើង 81:1-16
ទំនុកតម្កើង 81:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរស្រែកច្រៀងថ្វាយព្រះ ដែលជាកម្លាំងរបស់យើង ចូរស្រែកហ៊ោដោយអំណរ ថ្វាយព្រះរបស់លោកយ៉ាកុប! ចូរលើកទំនុក ចូរវាយក្រាប់ ហើយចាប់ស៊ុងយ៉ាងពីរោះ និងដេញពិណផង។ ចូរផ្លុំត្រែនៅពេលចាប់ផ្ដើមខែខ្នើត នៅពេលខែពេញបូណ៌មី ជាថ្ងៃបុណ្យរបស់យើង ។ ដ្បិតនេះជាច្បាប់សម្រាប់អ៊ីស្រាអែល ជាវិន័យរបស់ព្រះនៃយ៉ាកុប។ ព្រះអង្គតាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែប នៅពេលព្រះអង្គចេញទៅ វាយប្រហារស្រុកអេស៊ីព្ទ ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនស្គាល់ បន្លឺថា៖ «យើងបានដោះបន្ទុកចេញពីស្មារបស់អ្នក ហើយក៏យកកញ្ច្រែងចេញពីដៃរបស់អ្នកដែរ។ នៅគ្រាមានទុក្ខវេទនា អ្នកបានអំពាវនាវ ហើយយើងបានរំដោះអ្នក យើងបានឆ្លើយតបដល់អ្នកពីទីសម្ងាត់នៃផ្គរ យើងបានល្បងលអ្នកនៅទឹកមេរីបា ។ –បង្អង់ ឱប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ នៅពេលយើងរំឭកដាស់តឿនអ្នក ឱអ៊ីស្រាអែលអើយ ប្រសិនបើអ្នកគ្រាន់តែស្តាប់តាមយើង! មិនត្រូវឲ្យមានព្រះដទៃណា នៅក្នុងចំណោមអ្នកឡើយ ក៏មិនត្រូវក្រាបថ្វាយបង្គំព្រះ នៃសាសន៍ដទៃណាមួយដែរ។ យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ចូរហាមាត់អ្នកឲ្យធំ នោះយើងនឹងបំពេញឲ្យ។ ប៉ុន្តែ ប្រជារាស្ត្ររបស់យើង មិនបានស្តាប់តាមសំឡេងយើងឡើយ អ៊ីស្រាអែលមិនព្រមចុះចូលចំពោះយើងទេ។ ដូច្នេះ យើងក៏បណ្ដោយឲ្យគេ ទៅតាមចិត្តរឹងចចេសរបស់គេ ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។ ឱប្រសិនបើប្រជារាស្ត្ររបស់យើង ព្រមស្តាប់តាមយើងទៅអេះ! ឱប្រសិនបើអ៊ីស្រាអែល ព្រមដើរតាមផ្លូវរបស់យើងទៅអេះ! នោះយើងនឹងបង្ក្រាបខ្មាំងសត្រូវរបស់គេភ្លាម ហើយយើងនឹងបង្វែរដៃ ទៅទាស់នឹងបច្ចាមិត្តរបស់គេមិនខាន។ អស់អ្នកដែលស្អប់ព្រះយេហូវ៉ា នឹងក្រាបនៅចំពោះព្រះអង្គ ហើយវាសនាអាក្រក់របស់គេ នឹងនៅជាប់រហូតតទៅ។ ប៉ុន្ដែ យើងនឹងចិញ្ចឹមអ្នក ដោយស្រូវសាលីល្អបំផុត ហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។
ទំនុកតម្កើង 81:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរបន្លឺសំឡេង ដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង! ចូរបន្លឺសំឡេងសរសើរតម្កើងព្រះ របស់លោកយ៉ាកុប! ចូរនាំគ្នាប្រគំតូរ្យតន្ត្រីឡើង ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ! ចូរផ្លុំស្នែងនៅពេលចាប់ផ្ដើមខ្នើត នៅពេលខែពេញបូណ៌មី គឺជាថ្ងៃបុណ្យរបស់យើង ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែល ជាក្រឹត្យវិន័យនៃព្រះរបស់លោកយ៉ាកុប ជាដំបូន្មានដែលព្រះអង្គបង្គាប់មក ពូជពង្សរបស់លោកយ៉ូសែប នៅពេលព្រះអង្គវាយប្រហារស្រុកអេស៊ីប។ ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ស្គាល់ ទាល់តែសោះ បន្លឺថា យើងបានយកអម្រែកដ៏ធ្ងន់ចុះពីស្មាអ្នក ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ! នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង យើងក៏បានជួយរំដោះអ្នក យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ យើងបានល្បងលមើលចិត្តអ្នក នៅប្រភពទឹកមេរីបា។ - សម្រាក ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់តឿនអ្នក ឱអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យយើង កុំឲ្យមានព្រះណាមួយទៀត នៅក្នុងចំណោមអ្នកឡើយ កុំថ្វាយបង្គំព្រះដទៃឲ្យសោះ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ចូរបើកចិត្តឲ្យទូលាយ យើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។ ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើង មិនបានធ្វើតាមពាក្យយើងទេ អ៊ីស្រាអែលមិនចង់ស្គាល់យើងទៀតទេ។ ហេតុនេះហើយបានជាយើងបណ្ដោយគេ ទៅតាមចិត្តរឹងរូសរបស់ខ្លួន គេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។ ប្រសិនបើប្រជារាស្ត្ររបស់យើងស្ដាប់ពាក្យយើង ប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេ យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។ អស់អ្នកដែលស្អប់ព្រះអម្ចាស់ នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ ហើយអ៊ីស្រាអែលនឹងបានសុខសាន្តរហូតតទៅ។ ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ មកឲ្យអ៊ីស្រាអែលបរិភោគ ព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគ យ៉ាងបរិបូណ៌ផង។
ទំនុកតម្កើង 81:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរបន្លឺសំឡេងឡើង ច្រៀងថ្វាយព្រះដ៏ជាកំឡាំងនៃយើងខ្ញុំ ចូរបញ្ចេញសំឡេងអំណរថ្វាយព្រះនៃយ៉ាកុបចុះ ចូរច្រៀងទំនុក ហើយវាយក្រាប់ចុះ ព្រមទាំងចាប់ស៊ុងដ៏ពីរោះ នឹងដេញពិណផង ចូរផ្លុំត្រែក្នុងថ្ងៃដើមខែ ថ្ងៃពេញបូណ៌ នឹងថ្ងៃបុណ្យរបស់យើងខ្ញុំផង ដ្បិតនោះហើយជាច្បាប់សំរាប់សាសន៍អ៊ីស្រាអែល គឺជាបញ្ញត្តរបស់ព្រះនៃយ៉ាកុប ទ្រង់តាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែប ក្នុងកាលដែលទ្រង់ចេញទៅទាស់នឹងស្រុកអេស៊ីព្ទ វេលានោះ ខ្ញុំបានឮសំឡេង១ដែលខ្ញុំមិនស្គាល់ទេ សំឡេងនោះក៏ថា អញបានដាក់បន្ទុកចុះពីស្មាវា ហើយឲ្យដៃវារួចពីការកាន់កញ្ច្រែង នៅគ្រាដែលមានសេចក្ដីវេទនា នោះឯងបានអំពាវនាវ ហើយអញបានជួយឯងឲ្យរួច អញបានតបដល់ឯងពីទីសំងាត់នៃផ្គរ អញបានល្បងលឯងនៅត្រង់ទឹកមេរីបា។ –បង្អង់ ៙ ឱរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងធ្វើបន្ទាល់ដល់ឯង ឱអ៊ីស្រាអែលអើយ នេះបើឯងនឹងព្រមស្តាប់អញ មិនត្រូវឲ្យមានព្រះដទៃណានៅក្នុងពួកឯងឡើយ ក៏មិនត្រូវឲ្យឯងថ្វាយបង្គំ ដល់ព្រះនៃសាសន៍ដទៃណាមួយដែរ អញនេះ គឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ចូរឯងហាមាត់ឲ្យធំចុះ នោះអញនឹងបំពេញឲ្យ ប៉ុន្តែរាស្ត្រអញមិនបានស្តាប់តាមអញឡើយ សាសន៍អ៊ីស្រាអែលមិនព្រមតាមអញសោះ ដូច្នេះ អញបានបណ្តោយឲ្យគេទៅតាមចិត្តរឹងចចេស របស់គេទៅ ឲ្យគេបានប្រព្រឹត្តតាមសេចក្ដីដំបូន្មានរបស់ខ្លួនគេ ឱបើប្រសិនណាជារាស្ត្រអញនឹងស្តាប់តាមអញ ឱបើអ៊ីស្រាអែលនឹងដើរតាមផ្លូវអញទៅអេះ នោះអញនឹងបង្ក្រាបខ្មាំងសត្រូវគេជាយ៉ាងឆាប់ ព្រមទាំងបែរដៃទៅទាស់នឹងពួកដែលតតាំងនឹងគេវិញ គួរឲ្យអស់អ្នកដែលស្អប់ដល់ព្រះយេហូវ៉ា បានចុះចូលចំពោះទ្រង់ ប៉ុន្តែពេលវេលារបស់អ៊ីស្រាអែល នឹងស្ថិតស្ថេរនៅជាដរាបតទៅ ទ្រង់នឹងចិញ្ចឹមគេដោយស្រូវសាលីល្អបំផុត ហើយនឹងចំអែតគេដោយទឹកឃ្មុំពីថ្មដា។