ទំនុកតម្កើង 81:1-16

ទំនុកតម្កើង 81:1-16 គកស១៦

ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ ដែល​ជា​កម្លាំង​របស់​យើង ចូរ​ស្រែក​ហ៊ោដោយ​អំណរ ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប! ចូរលើក​ទំនុក ចូរ​វាយ​ក្រាប់ ហើយ​ចាប់​ស៊ុង​យ៉ាង​ពីរោះ និង​ដេញ​ពិណ​ផង។ ចូរ​ផ្លុំ​ត្រែ​នៅ​ពេល​ចាប់​ផ្ដើម​ខែ​ខ្នើត នៅ​ពេល​ខែ​ពេញ​បូណ៌មី ជា​ថ្ងៃ​បុណ្យ​របស់​យើង ។ ដ្បិត​នេះ​ជា​ច្បាប់​សម្រាប់​អ៊ីស្រា‌អែល ជា​វិន័យ​របស់​ព្រះ​នៃ​យ៉ាកុប។ ព្រះ‌អង្គ​តាំង​ច្បាប់​នោះ ទុក​ជា​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ូសែប នៅ​ពេល​ព្រះ‌អង្គ​ចេញ​ទៅ វាយ​ប្រហារ​ស្រុក​អេស៊ីព្ទ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ដែល​ខ្ញុំ​មិន​ស្គាល់ បន្លឺ​ថា៖ «យើង​បាន​ដោះ​បន្ទុក​ចេញ​ពី​ស្មារបស់​អ្នក ហើយ​ក៏​យក​កញ្ច្រែង​ចេញពី​ដៃ​របស់​អ្នក​ដែរ។ នៅ​គ្រា​មាន​ទុក្ខ​វេទនា អ្នក​បាន​អំពាវ‌នាវ ហើយ​យើង​បាន​រំដោះ​អ្នក យើង​បាន​ឆ្លើយ​តប​ដល់​អ្នក​ពី​ទី​សម្ងាត់​នៃ​ផ្គរ យើង​បាន​ល្បង‌ល​អ្នក​នៅ​ទឹក​មេរីបា ។ –បង្អង់ ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់ នៅ​ពេល​យើង​រំឭក​ដាស់​តឿន​អ្នក ឱ​អ៊ីស្រា‌អែល​អើយ ប្រសិន‌បើ​អ្នក​គ្រាន់​តែ​ស្តាប់​តាម​យើង! មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ដទៃ​ណា នៅ​ក្នុង​ចំណោម​អ្នក​ឡើយ ក៏​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំព្រះ នៃ​សាសន៍​ដទៃ​ណា​មួយ​ដែរ។ យើងជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ចូរ​ហា​មាត់​អ្នក​ឲ្យ​ធំ នោះ​យើង​នឹង​បំពេញ​ឲ្យ។ ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង មិន​បាន​ស្តាប់​តាម​សំឡេង​យើង​ឡើយ អ៊ីស្រាអែល​មិន​ព្រមចុះ​ចូល​ចំពោះ​យើង​ទេ។ ដូច្នេះ យើងក៏​បណ្ដោយ​ឲ្យ​គេ ទៅ​តាម​ចិត្ត​រឹង​ចចេស​របស់​គេ ឲ្យ​គេ​ប្រព្រឹត្ត​តាម​គំនិត​របស់​ខ្លួន​គេ។ ឱ​ប្រសិន‌បើ​ប្រជា‌រាស្ត្រ​របស់​យើង ព្រម​ស្តាប់​តាម​យើង​ទៅ​អេះ! ឱ​ប្រសិន‌បើ​អ៊ីស្រា‌អែល ព្រម​ដើរ​តាម​ផ្លូវ​របស់យើង​ទៅ​អេះ! នោះ​យើង​នឹង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​គេ​ភ្លាម ហើយ​យើង​នឹងបង្វែរ​ដៃ ទៅ​ទាស់​នឹងបច្ចា‌មិត្ត​របស់​គេ​មិន​ខាន។ អស់​អ្នក​ដែល​ស្អប់​ព្រះ‌យេហូវ៉ា នឹង​ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយវាសនា​អាក្រក់​របស់​គេ នឹ​ង​នៅ​ជាប់​រហូត​តទៅ។ ប៉ុន្ដែ យើង​នឹង​ចិញ្ចឹម​អ្នក ដោយ​ស្រូវ​សាលី​ល្អ​បំផុត ហើយ​នឹង​ចម្អែត​អ្នក​ដោយ​ទឹក​ឃ្មុំ​ពី​ថ្ម​ដា»។