ទំនុកតម្កើង 77:1-20

ទំនុកតម្កើង 77:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​បន្លឺ​សំឡេង​ស្រែក​រក​ព្រះ គឺ​ស្រែក​រក​ព្រះយ៉ាង​ឮ ហើយ​ព្រះ‌អង្គ​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​ខ្ញុំ។ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា ខ្ញុំ​ស្វែង​រក​ព្រះ‌អម្ចាស់ នៅ​ពេល​យប់ ខ្ញុំ​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរ ព្រលឹង​ខ្ញុំ​មិន​ព្រមស្រាក​ស្រាន្ត​ឡើយ។ ពេល​ខ្ញុំ​នឹក​ដល់​ព្រះ ខ្ញុំស្រែក​ថ្ងូរ ពេល​ខ្ញុំ​សញ្ជឹង​គិត វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់ ៙ ព្រះ‌អង្គ​ទល់​ត្របក​ភ្នែក​ទូល‌បង្គំ មិន​ឲ្យ​ដេក​លក់ ទូល‌បង្គំ​មាន​ចិត្ត​តាន​តឹង​ជា​ខ្លាំង រក​និយាយ​មិន​កើត។ ទូល‌បង្គំ​ពិចារណា​ពី​សម័យ​ចាស់​បុរាណ ក៏​នឹក​ចាំ​ពី​ឆ្នាំ​ទាំង​ឡាយ​ដ៏​យូរ​លង់​កន្លង​មក។ ទូល‌បង្គំ​នឹក​ឃើញ​ទំនុក ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ ទូល‌បង្គំសញ្ជឹង​គិត​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូល‌បង្គំ ក៏ស្វះ​ស្វែង​រក​ចម្លើយ។ តើ​ព្រះ‌អម្ចាស់​បោះ‌បង់​ចោល​រហូត ហើយ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ទៀត​ទេ​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ លែង​មាន​រហូត​ហើយ​ឬ? តើ​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ខក​ខាន​រហូត​ហើយ​ឬ? តើ​ព្រះ​ភ្លេច​សម្ដែង​ព្រះ​គុណ​ហើយ​ឬ? តើ​ព្រះ‌អង្គ​បង្ខាំង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ របស់​ព្រះ‌អង្គ​ទុក ដោយ​សារ​ទ្រង់​ខ្ញាល់​ឬ? –បង្អង់ ពេល​នោះ ទូល‌បង្គំ​គិត​ថា «នេះ​ជា​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំទេ ដែល​យល់​ថា ព្រះ‌ហស្ត​ស្តាំ នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រែ​ប្រួល»។ ៙ ទូល‌បង្គំ​នឹងរំឭក​ពី​កិច្ច​ការ របស់​ព្រះ‌យេហូវ៉ា អើ ទូល‌បង្គំ​នឹង​នឹក​ចាំពី​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ របស់​ព្រះ‌អង្គ ហើយ​ពិចារណា​ពីស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ។ ឱ​ព្រះ​អើយ ផ្លូវ​របស់​ព្រះ‌អង្គ ជា​ផ្លូវ​បរិសុទ្ធ តើ​មាន​ព្រះ​ឯ​ណា​ដែលធំ​ឧត្តុង្គ​ឧត្តម ដូច​ព្រះ​នៃ​យើង? ព្រះ‌អង្គ​ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ជាតិ​សាសន៍នានា។ ព្រះ‌អង្គ​បានលោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ គឺ​កូន​ចៅ​លោក​យ៉ាកុប និង​លោក​យ៉ូសែប។ –បង្អង់ ៙ ឱ​ព្រះ​អើយ សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ គឺ​កាល​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ នោះ​ក៏​មាន​សេចក្ដីភិត‌ភ័យ មែន ទី​ជម្រៅ​ក៏ញាប់​ញ័រ​ដែរ។ ពពក​បាន​បង្អុល​ទឹក​ចេញមក ផ្ទៃ​មេឃ​ក៏​បញ្ចេញ​ផ្គរលាន់ ហើយ​ព្រួញ​របស់​ព្រះ‌អង្គ​ជះ​ពន្លឺ​ទៅ​គ្រប់​ទិស។ សូរ‌សៀង​ផ្គរលាន់​របស់​ព្រះ‌អង្គ នៅ​ក្នុង​ខ្យល់​កួច ផ្លេក‌បន្ទោរ​របស់​ព្រះ‌អង្គ​ចាំង​បំភ្លឺ​ពិភព​លោក ផែនដី​ក៏​រញ្ជួយ ហើយ​ញាប់​ញ័រ។ ផ្លូវ​របស់​ព្រះ‌អង្គ​ឆ្លង​កាត់​សមុទ្រ ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ​ឆ្លង​កាត់មហា​សាគរ តែ​គ្មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ របស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដូច​ជា​ហ្វូង​ចៀម ដោយ​ដៃ​របស់លោក​ម៉ូសេ និងលោក​អើរ៉ុន។

ទំនុកតម្កើង 77:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ‌ជាម្ចាស់ ខ្ញុំ​ស្រែក​អង្វរ​ព្រះអង្គ ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ខ្ញុំ។ នៅ​ថ្ងៃ​មាន​អាសន្ន ខ្ញុំ​ស្វែង​រក​ព្រះ‌អម្ចាស់ នៅ​ពេល​យប់ ខ្ញុំ​លើក​ដៃ​អង្វរ​ព្រះអង្គ ឥត​ឈប់​ឈរ ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​សម្រាល​ទុក្ខ​ខ្ញុំ​សោះ​ឡើយ។ ពេល​នឹក​ដល់​ព្រះ‌ជាម្ចាស់ ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​ពេល​រំពឹង​គិត ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ដែរ។ - សម្រាក ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ ទទួល​ទាន​ដំណេក​មិន​លក់​សោះ ទូលបង្គំ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត រក​និយាយ​អ្វី​មិន​កើត។ ទូលបង្គំ​រំពឹង​គិត​អំពី​អតីតកាល គឺ​ពី​ជំនាន់​ដើម​ដ៏​យូរ‌លង់​ណាស់​មក​ហើយ ទូលបង្គំ​រិះគិត​ដដែលៗ ពេញ​មួយ​យប់ ទូលបង្គំ​ចេះ​តែ​ត្រិះ‌រិះ​ពិចារណា​នៅ​ក្នុង​ចិត្ត ដើម្បី​ស្វែង​យល់​ថា តើ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល​យើង​រហូត​ឬ? តើ​ព្រះអង្គ​មិន​គាប់​ព្រះ‌ហឫទ័យ នឹង​យើង​ទៀត​ទេ​ឬ? តើ​ព្រះអង្គ​លែង​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​យើង​ហើយ​ឬ? តើ​ព្រះអង្គ​នៅ​ស្ងៀម​លែង​មាន​ព្រះ‌បន្ទូល មក​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ? តើ​ព្រះ‌ជាម្ចាស់​ភ្លេច​សម្តែង​ព្រះ‌ហឫទ័យ ប្រណី​សន្ដោស​ចំពោះ​យើង​ហើយ​ឬ? នៅ​ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ តើ​ព្រះអង្គ​ឈប់​អាណិត​អាសូរ​យើង​ហើយ​ឬ? - សម្រាក ទូលបង្គំ​គិត​ទៀត​ថា ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ មក​ពី​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លែង​សម្តែង​ព្រះ‌បារមី​ជួយ​យើង​ទៀត​ហើយ! ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រំឭក​ឡើង​វិញ នូវ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ទូលបង្គំ​នៅ​ចាំ​ពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។ ទូលបង្គំ​រិះគិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​អើយ មាគ៌ា​របស់​ព្រះអង្គ​ជា​មាគ៌ា​ដ៏វិសុទ្ធ គ្មាន​ព្រះ​ឯ​ណា​ទៀត​ធំ​ឧត្តុង្គ‌ឧត្ដម ដូច​ព្រះអង្គ​ឡើយ។ មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ព្រះអង្គ​បាន​សម្តែង​ឫទ្ធា‌នុភាព ឲ្យ​ជាតិ​សាសន៍​នានា​ឃើញ។ ព្រះអង្គ​បាន​ប្រើ​ឫទ្ធិ‌បារមី លោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​បាន​រំដោះ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប និង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប។ - សម្រាក ឱ​ព្រះ‌ជាម្ចាស់​អើយ ទឹក​សមុទ្រ​បាន​ឃើញ​ព្រះអង្គ! ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ព្រះអង្គ វា​ពុះ​កញ្ជ្រោល សូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់‌ញ័រ​ដែរ។ មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃ ដូច​ទឹក​ជ្រោះ​ធ្លាក់ ហើយ​ក៏​មាន​ផ្គរ‌លាន់​ឮ​ពី​លើ​មេឃ មក​យ៉ាង​ខ្លាំង​ដែរ រន្ទះ​របស់​ព្រះអង្គ​ភ្លឺ‌ផ្លេក​ពាស‌ពេញ​ផ្ទៃ​មេឃ។ នៅ​ពេល​ផ្គរ‌លាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹក‌គគ្រេង ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​មក​លើ​ពិភព​លោក ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ​ញាប់‌ញ័រ។ ព្រះអង្គ​យាង​កាត់​សមុទ្រ ព្រះអង្គ​យាង​កាត់​មហា‌សាគរ គ្មាន​នរណា​អាច​រក​ដាន​ព្រះ‌បាទា របស់​ព្រះអង្គ​ឃើញ​ទេ។ ព្រះអង្គ​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ តាម​រយៈ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។

ទំនុកតម្កើង 77:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​បន្លឺ​សំឡេង អំពាវ‌នាវ​ដល់​ព្រះ ខ្ញុំ​បន្លឺ​សំឡេង​ឡើង​ដល់​ព្រះ ហើយ​ទ្រង់​ក៏​ស្តាប់​ខ្ញុំ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា នោះ​ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌អម្ចាស់ នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរ ព្រលឹង​ខ្ញុំ​មិន​ព្រម​ក្សាន្ត​ទុក្ខ​ទេ ខ្ញុំ​នឹក​ពី​ព្រះ នោះ​ក៏មាន​ចិត្ត​ទុរន់‌ទុរា ខ្ញុំ​នឹក‌ជញ្ជឹង នោះ​វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់ ៙ ទ្រង់​ទល់​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​លក់ ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​ប្រដេញ ទាល់​តែ​រក​និយាយ​មិន​ចេញ ទូលបង្គំ​បាន​ពិចារណា​ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយ នឹង​អស់​ទាំង​ឆ្នាំ​ពី​កាល​មុន ទូលបង្គំ​នឹក​ឃើញ​ទំនុក​ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ នោះ​ទូលបង្គំ​បាន​ត្រិះ‌រិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូលបង្គំ ក៏​ស្វែង​រក​សេចក្ដី​ចំឡើយ​ដែរ តើ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​បោះ‌បង់​ចោល​ជា​ដរាប​ឬ តើ​ទ្រង់​មិន​ព្រម​ប្រោស‌ប្រាណ​ទៀត​ទេ​ឬ តើ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​អស់​រលីង​ជា​ដរាប​ទៅ​ឬ តើ​សេចក្ដី​សន្យា​ទ្រង់​អាក់‌ខាន​ទៅ​ជានិច្ច​ឬ តើ​ព្រះ‌ទ្រង់​ភ្លេច​ប្រព្រឹត្ត​ដោយ​ករុណា​របស់​ទ្រង់​ហើយ​ឬ តើ​ទ្រង់​បាន​បិទ​បាំង​សេចក្ដី​អាណិត​មេត្តា​របស់​ទ្រង់​ទុក ដោយ​សេចក្ដី​ខ្ញាល់​ដែរ​ឬ​អី។ –បង្អង់ ៙ នោះ​ទូលបង្គំ​បាន​នឹក​ថា នេះ​ហើយ​ជា​សេចក្ដី​ទុក្ខ​របស់​ទូលបង្គំ តែ​ទូលបង្គំ​នឹង​នឹក​ចាំ​ពី​គ្រា​ដែល​ព្រះ‌ហស្ត​ស្តាំ នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ប្រោស​វិញ ទូលបង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ា ដ្បិត​ទូលបង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម ទូលបង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់ ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ឱ​ព្រះ‌អង្គ​អើយ ផ្លូវ​ទ្រង់​ជា​ផ្លូវ​បរិសុទ្ធ តើ​មាន​ព្រះ​ឯ​ណា​ដែល​ធំ​ដូច​ជា​ទ្រង់ ទ្រង់​ជា​ព្រះ​ដែល​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ឥទ្ធា‌នុភាព​នៃ​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ទ្រង់​បាន​ប្រោស​បណ្តា​រាស្ត្រ​ឲ្យ​រួច ដោយ​ព្រះ‌ហស្ត​របស់​ទ្រង់ គឺ​ជា​ពួក​កូន​ចៅ​យ៉ាកុប នឹង​យ៉ូសែប​ផង។ –បង្អង់ ៙ ឱ​ព្រះ‌អង្គ​អើយ ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ គឺ​ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ ហើយ​មាន​សេចក្ដី​ភិត‌ភ័យ អស់​ទាំង​ទី​ជំរៅ​ក៏​ញ័រ​ដែរ អស់​ទាំង​ពពក​បាន​ចាក់​ទឹក​ចេញ ផ្ទៃ​មេឃ​ក៏​បញ្ចេញ​សូរ​រំពង ហើយ​ព្រួញ​របស់​ទ្រង់​បាន​ហើរ​ទៅ​គ្រប់​អន្លើ​ដែរ សូរ‌សៀង​នៃ​ផ្គរ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ខ្យល់​កួច ផ្លេក‌បន្ទោរ​បាន​បំភ្លឺ​លោកីយ ឯ​ផែនដី​ក៏​ញ័រ​កក្រើក ផ្លូវ​ដែល​ទ្រង់​យាង នោះ​នៅ​ក្នុង​សមុទ្រ ហើយ​ផ្លូវ​ច្រក​របស់​ទ្រង់ ក៏​នៅ​ទី​មាន​ទឹក​ច្រើន ឥត​មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ​ទ្រង់​ឡើយ ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដូច​ជា​ហ្វូង​ចៀម គឺ​ដោយ​ដៃ​របស់​ម៉ូសេ នឹង​អើរ៉ុន។