ទំនុកតម្កើង 77:1-12
ទំនុកតម្កើង 77:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបន្លឺសំឡេងស្រែករកព្រះ គឺស្រែករកព្រះយ៉ាងឮ ហើយព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំ។ នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមស្រាកស្រាន្តឡើយ។ ពេលខ្ញុំនឹកដល់ព្រះ ខ្ញុំស្រែកថ្ងូរ ពេលខ្ញុំសញ្ជឹងគិត វិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់ ៙ ព្រះអង្គទល់ត្របកភ្នែកទូលបង្គំ មិនឲ្យដេកលក់ ទូលបង្គំមានចិត្តតានតឹងជាខ្លាំង រកនិយាយមិនកើត។ ទូលបង្គំពិចារណាពីសម័យចាស់បុរាណ ក៏នឹកចាំពីឆ្នាំទាំងឡាយដ៏យូរលង់កន្លងមក។ ទូលបង្គំនឹកឃើញទំនុក ដែលធ្លាប់ច្រៀងនៅពេលយប់ ទូលបង្គំសញ្ជឹងគិតក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំ ក៏ស្វះស្វែងរកចម្លើយ។ តើព្រះអម្ចាស់បោះបង់ចោលរហូត ហើយមិនគាប់ព្រះហឫទ័យទៀតទេឬ? តើព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ លែងមានរហូតហើយឬ? តើសេចក្ដីសន្យារបស់ព្រះអង្គ ខកខានរហូតហើយឬ? តើព្រះភ្លេចសម្ដែងព្រះគុណហើយឬ? តើព្រះអង្គបង្ខាំងព្រះហឫទ័យអាណិតអាសូរ របស់ព្រះអង្គទុក ដោយសារទ្រង់ខ្ញាល់ឬ? –បង្អង់ ពេលនោះ ទូលបង្គំគិតថា «នេះជាទុក្ខព្រួយរបស់ទូលបង្គំទេ ដែលយល់ថា ព្រះហស្តស្តាំ នៃព្រះដ៏ខ្ពស់បំផុតបានប្រែប្រួល»។ ៙ ទូលបង្គំនឹងរំឭកពីកិច្ចការ របស់ព្រះយេហូវ៉ា អើ ទូលបង្គំនឹងនឹកចាំពីការអស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ ទូលបង្គំនឹងសញ្ជឹងគិតពីអស់ទាំងកិច្ចការ របស់ព្រះអង្គ ហើយពិចារណាពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។
ទំនុកតម្កើង 77:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ ខ្ញុំស្រែកអង្វរព្រះអង្គ ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យខ្ញុំ។ នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គ ឥតឈប់ឈរ ខ្ញុំមិនចង់ឲ្យនរណាសម្រាលទុក្ខខ្ញុំសោះឡើយ។ ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំស្រែកថ្ងូរ ហើយពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ - សម្រាក ព្រះអម្ចាស់អើយ ព្រះអង្គធ្វើឲ្យទូលបង្គំ ទទួលទានដំណេកមិនលក់សោះ ទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។ ទូលបង្គំរំពឹងគិតអំពីអតីតកាល គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ ទូលបង្គំរិះគិតដដែលៗ ពេញមួយយប់ ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្ត ដើម្បីស្វែងយល់ថា តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ? តើព្រះអង្គមិនគាប់ព្រះហឫទ័យ នឹងយើងទៀតទេឬ? តើព្រះអង្គលែងមានព្រះហឫទ័យ មេត្តាករុណាចំពោះយើងហើយឬ? តើព្រះអង្គនៅស្ងៀមលែងមានព្រះបន្ទូល មកយើងអស់កល្បជាអង្វែងតរៀងទៅឬ? តើព្រះជាម្ចាស់ភ្លេចសម្តែងព្រះហឫទ័យ ប្រណីសន្ដោសចំពោះយើងហើយឬ? នៅពេលព្រះអង្គទ្រង់ព្រះពិរោធ តើព្រះអង្គឈប់អាណិតអាសូរយើងហើយឬ? - សម្រាក ទូលបង្គំគិតទៀតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះ មកពីព្រះដ៏ខ្ពង់ខ្ពស់បំផុត លែងសម្តែងព្រះបារមីជួយយើងទៀតហើយ! ព្រះអម្ចាស់អើយ ទូលបង្គំរំឭកឡើងវិញ នូវស្នាព្រះហស្ដរបស់ព្រះអង្គ ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដ ដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
ទំនុកតម្កើង 77:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបន្លឺសំឡេង អំពាវនាវដល់ព្រះ ខ្ញុំបន្លឺសំឡេងឡើងដល់ព្រះ ហើយទ្រង់ក៏ស្តាប់ខ្ញុំ នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ ខ្ញុំនឹកពីព្រះ នោះក៏មានចិត្តទុរន់ទុរា ខ្ញុំនឹកជញ្ជឹង នោះវិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់ ៙ ទ្រង់ទល់ភ្នែកទូលបង្គំមិនឲ្យលក់ ទូលបង្គំមានសេចក្ដីទុក្ខប្រដេញ ទាល់តែរកនិយាយមិនចេញ ទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយ នឹងអស់ទាំងឆ្នាំពីកាលមុន ទូលបង្គំនឹកឃើញទំនុកដែលធ្លាប់ច្រៀងនៅពេលយប់ នោះទូលបង្គំបានត្រិះរិះក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំ ក៏ស្វែងរកសេចក្ដីចំឡើយដែរ តើព្រះអម្ចាស់ទ្រង់នឹងបោះបង់ចោលជាដរាបឬ តើទ្រង់មិនព្រមប្រោសប្រាណទៀតទេឬ តើសេចក្ដីសប្បុរសនៃទ្រង់អស់រលីងជាដរាបទៅឬ តើសេចក្ដីសន្យាទ្រង់អាក់ខានទៅជានិច្ចឬ តើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬ តើទ្រង់បានបិទបាំងសេចក្ដីអាណិតមេត្តារបស់ទ្រង់ទុក ដោយសេចក្ដីខ្ញាល់ដែរឬអី។ –បង្អង់ ៙ នោះទូលបង្គំបាននឹកថា នេះហើយជាសេចក្ដីទុក្ខរបស់ទូលបង្គំ តែទូលបង្គំនឹងនឹកចាំពីគ្រាដែលព្រះហស្តស្តាំ នៃព្រះដ៏ខ្ពស់បំផុត បានប្រោសវិញ ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន