ទំនុកតម្កើង 73:1-8

ទំនុកតម្កើង 73:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រាកដ​មែន ព្រះ​ល្អ​ដល់​សាសន៍​អ៊ីស្រា‌អែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។ តែ​ឯ​ទូល‌បង្គំ​វិញ ជើង​ទូល‌បង្គំសឹង​តែ​នឹង​ជំពប់​ដួល ជំហាន​ទូល‌បង្គំ​ហៀប​តែ​នឹង​រអិល​ទៅ​ហើយ។ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​ច្រណែន នឹង​មនុស្ស​អួត​អាង ដោយ​ឃើញ​មនុស្ស​អាក្រក់​បាន​ចម្រុង​ចម្រើន។ ៙ ដ្បិត​គេ​គ្មាន​ឈឺ​ចាប់​អ្វី​សោះ​រហូត​ដល់​ស្លាប់ រូប​កាយ​របស់​គេ​ធាត់​រលោង។ គេ​មិន​ស្គាល់​ទុក្ខលំបាក​ដូច​មនុស្ស​ឯទៀត​ឡើយ ក៏​មិន​ដែល​វេទនា ដូច​មនុស្ស​ដទៃ​ដែរ។ គេ​ពាក់​អំនួត​របស់​គេ ដូច​ជា​ពាក់​ខ្សែក ហើយ​គេ​ពាក់​ចិត្ត​ឃោរ‌ឃៅ ដូច​សម្លៀក​បំពាក់។ ភ្នែក​គេ​លៀន​ចេញដោយ​មាន​សាច់​ច្រើន ចិត្ត​គេ​ហូរ​ហៀរ​ដោយ​សេចក្ដី​ចំកួត។ គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ពាក្យអាក្រក់ គេ​ស្រែក​គំរាម​ក្ដែងៗ​ពី​ការ​សង្កត់​សង្កិន។

ទំនុកតម្កើង 73:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មាន ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។ ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហៀប​តែ​នឹង​ភ្លាត់​ជើង គឺ​នៅ​សល់​តែ​បន្តិច​ប៉ុណ្ណោះ ខ្ញុំ​មុខ​ជា​ដួល​មិន​ខាន ព្រោះ​ខ្ញុំ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​ព្រហើន ដោយ​ឃើញ​ជន​ពាល​ទាំង​នោះ បាន​ចម្រុង‌ចម្រើន ។ ក្នុង​មួយ​ជីវិត​របស់​ពួក​គេ ពួក​គេ​ហាក់​ដូច​ជា​គ្មាន​កង្វល់​អ្វី​សោះ គេ​មាន​សាច់​មាន​ឈាម។ គេ​ពុំ​ដែល​ស្គាល់​ទុក្ខ​លំបាក​ដូច​មនុស្ស​ដទៃ ហើយ​ពុំ​ដែល​វេទនា​ដូច​មនុស្ស​ឯ​ទៀតៗ​ឡើយ។ ពួក​គេ​យក​អំនួត​មក​បង្ហាញ​ដូច​ជា​បុណ្យ​ស័ក្ដិ ហើយ​ពាក់​ចិត្ត​ឃោរ‌ឃៅ ដូច​ជា​សម្លៀក‌បំពាក់។ គំនិត​អាក្រក់​ចាំង​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេ គំនិត​អប្រិយ​របស់​ពួក​គេ ក៏​លេច​ចេញ​មក​យ៉ាង​ច្បាស់​ដែរ។ គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់ ព្រម​ទាំង​និយាយ​ក្ដែងៗ ពី​ការ​សង្កត់‌សង្កិន​អ្នក​ដទៃ។

ទំនុកតម្កើង 73:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប្រាកដ​មែន ព្រះ‌ទ្រង់​ប្រព្រឹត្ត​ល្អ ដល់​សាសន៍​អ៊ីស្រាអែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ត្រចះ តែ​ឯ​ជើង​ទូលបង្គំ បាន​កន្ធែក​ចេញ​ហៀប​នឹង​ផុត​ទី​ហើយ ជំហាន​នៃ​ទូលបង្គំ​បាន​ហៀប​នឹង​រឥល​ភ្លាត់​ទៅ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួត ដោយ​ឃើញ​សេចក្ដី​ចំរើនរបស់​មនុស្ស​អាក្រក់​នោះ។ ៙ ពី​ព្រោះ​កាល​គេ​ស្លាប់ នោះ​គ្មាន​ឈឺ‌ចាប់​អ្វី​សោះ គឺ​កំឡាំង​គេ​នៅ​តែ​មាំ‌មួន​ដដែល គេ​មិន​មាន​ទុក្ខ ដូច​ជា​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​វេទនា ដូច​មនុស្ស​ដទៃ​ដែរ ហេតុ​នោះ​បាន​ជា​សេចក្ដី​អំនួត​របស់​គេ ប្រៀប​ដូច​ជា​ខ្សែ​ច្រវាក់​ពាក់​នៅ​ក ហើយ​គេ​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​ច្រឡោត ភ្នែក​គេ​លៀន​ចេញ ដោយ​មាន​សាច់​ច្រើន គេ​មាន​ច្រើន​លើស​ជាង​ចិត្ត​ប្រាថ្នា​ទៅ​ទៀត គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ជា​ការ​គំហក‌កំហែង ដោយ​ចិត្ត​អាក្រក់ ក៏​និយាយ​ដោយ​ពាក្យ​ធំ​ខ្ពស់

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ