ទំនុកតម្កើង 70:1-5

ទំនុកតម្កើង 70:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​យាង​មក​រំដោះ​ទូលបង្គំ​ផង! ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់! សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ុន‌ប៉ង ព្យាបាទ​ជីវិត​ទូលបង្គំ ត្រូវ​អាប់​ឱន និង​អាម៉ាស់​មុខ! សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ទូលបង្គំ វេទនា ត្រូវ​ដក​ខ្លួន​ថយ និង​បាក់​មុខ! សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូលបង្គំ ត្រូវ​បរា‌ជ័យ ទាំង​បាត់​បង់​កិត្តិយស! រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ព្រះអង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះអង្គ អាច​ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់!» ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត សូម​ប្រោស‌ប្រណី​ដល់​ទូលបង្គំ​ផង! ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

ទំនុកតម្កើង 70:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​ប្រញាប់​មក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង! សូម​ឲ្យ​អស់​អ្នក​ដែលប៉ុន​ប៉ង​ជីវិត​ទូល‌បង្គំ ត្រូវ​អាម៉ាស់ ហើយ​អាប់ឱន សូម​ឲ្យអស់​អ្នក​ដែល​ប្រា​ថ្នា ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ ត្រូវ​ដក​ខ្លួន​ថយ ហើយ​បាក់​មុខ​ទៅ! សូម​ឲ្យ​អស់​អ្នក​ដែល​ចំអក​ថា៖ «ហាស​ហា ហាស​ហា!» ត្រូវ​ដក​ខ្លួន​ថយ ព្រោះ​តែ​សេចក្ដី​អាម៉ាស់​របស់​គេ។ សូម​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ មាន​ចិត្ត​ត្រេក​អរ ហើយ​រីក​រាយ​ក្នុង​ព្រះ‌អង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ពោល​ជា‌និច្ច​ថា «ព្រះ​ធំ​អស្ចារ្យ!» ចំណែក​ទូល‌បង្គំ ជាមនុស្ស​កម្សត់​ទុគ៌ត ឱ​ព្រះ​អើយ សូម​ប្រញាប់​មករក​ទូល‌បង្គំ​ផង! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំបង្អង់​ឡើយ!។

ទំនុកតម្កើង 70:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រាថ្នា​ជីវិត​ទូលបង្គំ បាន​ត្រូវ​អៀន‌ខ្មាស ហើយ​ទុញ‌ទាល់​នៅ សូម​ឲ្យ​ពួក​អ្នក​ដែល​រីក‌រាយ​ក្នុង​ហេតុ​អាក្រក់ ដែល​កើត​ដល់​ទូលបង្គំ បាន​ត្រូវ​ថយ​ចេញ ហើយ​អាប់‌យស​ទៅ ឯ​ពួក​អ្នក​ដែល​សើច​ឡក​ថា ហាស ហាៗ នោះ​សូម​ឲ្យ​គេ​ត្រូវ​ថយ​ចេញ ដោយ​កើត​មាន​សេចក្ដី​ខ្មាស​វិញ សូម​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​បាន​រីក‌រាយ ហើយ​មាន​សេចក្ដី​អំណរ​ចំពោះ​ទ្រង់ ហើយ​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់ បាន​ពោល​ជានិច្ច​ថា សូម​ឲ្យ​ព្រះ​បាន​លើក​ដំកើង​ឡើង ចំណែក​ទូលបង្គំ មាន​សេចក្ដី​វេទនា ហើយ​កំសត់​ទុគ៌ត ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រញាប់​នឹង​មក​ឯ​ទូលបង្គំ គឺ​ទ្រង់​ជា​ជំនួយ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​ទូលបង្គំ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ