ទំនុកតម្កើង 69:1-12

ទំនុកតម្កើង 69:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដ្បិត​ទឹក​បាន​ឡើង​ដល់​ក​ទូល‌បង្គំ​ហើយ។ ទូល‌បង្គំ​ផុង​នៅ​ក្នុង​ភក់​ដ៏​ជ្រៅ ជា​កន្លែង​ដែល​គ្មាន​ទី​ឈរឡើយ ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ ហើយ​ជំនន់​ក៏​បោក​គ្រប​លើ​ទូល‌បង្គំ។ ទូល‌បង្គំ​ល្វើយ ដោយ​សារ​ស​ម្រែក​របស់​ទូល‌បង្គំ បំពង់​ក​ទូល‌បង្គំ​ស្ងួត​ហើយ ភ្នែក​ទូល‌បង្គំ​ទៅ​ជា​ស្រវាំង ដោយ​សារទន្ទឹង​រង់‌ចាំ​ព្រះ​នៃ​ទូល‌បង្គំ។ ៙ អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ មាន​ច្រើន​ជាង​សក់​ក្បាល​របស់​ទូល‌បង្គំ​ទៅ​ទៀត អស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូល‌បង្គំ អស់​អ្នក​ដែល វាយ​ប្រហារ​ទូល‌បង្គំ​ដោយ​ឥត​រឿង មាន​កម្លាំង​ខ្លាំង​ណាស់ គេ​ចាប់​ឲ្យ​ទូល‌បង្គំ​សង​របស់​ដែល​ទូល‌បង្គំ មិន​បាន​យក​សោះ។ ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ល្ងង់​ខ្លៅ របស់​ទូល‌បង្គំ កំហុសដែល​ទូល‌បង្គំ​បាន​ប្រព្រឹត្ត ពុំ​អាច​បិទ​បាំង​នឹង​ព្រះ‌អង្គ​ឡើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌អង្គ​ត្រូវ​ខ្មាស ដោយ​ព្រោះ​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ ត្រូវ​បាក់​មុខ ដោយ​ព្រោះ​ទូល‌បង្គំ​ឲ្យ​សោះ។ ដ្បិត​គឺ​ដោយ​យល់​ដល់​ព្រះ‌អង្គ​ហើយ បាន​ជា​ទូល‌បង្គំ​ទ្រាំ​ទ្រ​ពាក្យ​ដំណៀល ហើយ​សេចក្ដី​អាម៉ាស់​បាន​គ្រប​មុខ​ទូល‌បង្គំ។ ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ ចំពោះ​បង​ប្អូន​ទូល‌បង្គំ គឺ​ដូច​ជា​សាសន៍​ក្រៅ​ចំពោះ​បង​ប្អូន​ពោះ​មួយ របស់​ទូល‌បង្គំ។ ៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ព្រះ‌អង្គ បានបំផ្លាញ​ទូល‌បង្គំ ហើយ​ដំណៀល​ទាំង​ប៉ុន្មាន របស់​អស់​អ្នក​តិះ​ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ។ កាល​ទូល‌បង្គំ​យំសោក ហើយ​ដាក់​ចិត្ត​តមអាហារ នោះ​ធ្វើ​ឲ្យ​គេ​តិះ‌ដៀល​ទូល‌បង្គំ។ កាល​ទូល‌បង្គំ​យក​សំពត់​ធ្មៃ មក​ធ្វើ​ជា​សម្លៀក‌បំពាក់ នោះ​ទូល‌បង្គំ​ត្រឡប់​ជា​ពាក្យ លេង​សើច​របស់​គេ។ អស់​អ្នក​ដែល​អង្គុយ​នៅ​ទ្វារ​ក្រុង នាំ​គ្នា​និយាយ​ដើម​ទូល‌បង្គំ ហើយ​មនុស្ស​ប្រមឹក យក​រឿង​ទូល‌បង្គំ​ទៅ​ធ្វើ​ជា​ទំនុក​ច្រៀង។

ទំនុកតម្កើង 69:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង ទឹក​ឡើង​ដល់​ច្រមុះ​ទូលបង្គំ ហើយ!។ ទូលបង្គំ​កាន់​តែ​ផុង​ខ្លួន​ទៅៗ ពុំ​មាន​អ្វី​ដែល​ទូលបង្គំ​អាច​តោង​បាន​ឡើយ ទូលបង្គំ​លិច​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ទឹក​ក៏​ហូរ​នាំ​យក​ទូលបង្គំ​ទៅ។ ទូលបង្គំ​លែង​មាន​កម្លាំង​ស្រែក​ហៅ ឲ្យ​គេ​ជួយ​ទៀត​ហើយ ព្រោះ​ទូលបង្គំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​ក ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​រហូត​ដល់​ផ្សា​ភ្នែក។ អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​មូល​ហេតុ មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល របស់​ទូលបង្គំ​ទៅ​ទៀត ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​រក​ព្យាបាទ​ទូលបង្គំ​ទាំង​យល់​ច្រឡំ តើ​ឲ្យ​ទូលបង្គំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត បើ​ទូលបង្គំ​មិន​បាន​យក​របស់​នោះ​សោះ! ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជ្រាប​នូវ​អំពើ​លេលា របស់​ទូលបង្គំ​ស្រាប់​ហើយ ទោសពៃរ៍​របស់​ទូលបង្គំ ពុំ​អាច​លាក់​កំបាំង​នឹង​ព្រះអង្គ​ទេ។ ឱ​ព្រះ‌អម្ចាស់ ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ព្រះអង្គ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទូលបង្គំ ឱ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ ត្រូវ​បាក់​មុខ ព្រោះ​តែ​ទូលបង្គំ! ដ្បិត​ទូលបង្គំ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជេរ​ប្រមាថ ទូលបង្គំ​សុខ​ចិត្ត​អាម៉ាស់​មុខ ព្រោះ​តែ​ព្រះអង្គ។ ញាតិ‌សន្ដាន​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ ដូច​ជន​ដទៃ បងប្អូន​បង្កើត​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ ដូច​ជន​បរទេស។ មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ បាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំ ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក ដែល​តិះ‌ដៀល​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ។ ទូលបង្គំ​យំ​សោក​ទាំង​តម​អាហារ ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​រឹត​តែ ជេរ​ប្រមាថ​ទូលបង្គំ​ថែម​ទៀត។ ទូលបង្គំ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ ហើយ​ពួក​គេ​នាំ​គ្នា​យក​រឿង​ទូលបង្គំ ទៅ​លេង​សើច។ គេ​នាំ​គ្នា​និយាយ​ដើម​ទូលបង្គំ នៅ​តាម​ទី​សាធារណៈ ហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿង ទូលបង្គំ​ទៅ​ច្រៀង​ឡក‌ឡឺយ។

ទំនុកតម្កើង 69:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ដ្បិត​ទឹក​បាន​ហូរ​ចូល ដល់​ព្រលឹងនៃ​ទូលបង្គំ​ហើយ ទូលបង្គំ​ផុង​ចុះ​ក្នុង​ល្បាប់​ដ៏​ជ្រៅ ជា​កន្លែង​ដែល​គ្មាន​ទី​ឈរ​សោះ ទូលបង្គំ​បាន​មក​ដល់​ក្នុង​ទី​ទឹក​ជ្រៅ ហើយ​រលក​ក៏​បោក​គ្រប​លើ​ទូលបង្គំ ទូលបង្គំ​ល្វើយ ដោយ​ការ​អំពាវ‌នាវ​របស់​ទូលបង្គំ បំពង់​ក​នៃ​ទូលបង្គំ​ខះ​ហើយ ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​រង់‌ចាំ​មើល​ផ្លូវ​ព្រះ​នៃ​ទូលបង្គំ។ ៙ ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ នោះ​មាន​ច្រើន​ជាង​សក់​ក្បាល​នៃ​ទូលបង្គំ​ទៅ​ទៀត អស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូលបង្គំ គឺ​ជា​ពួក​ខ្មាំង​សត្រូវ នឹង​ទូលបង្គំ​ដោយ​ឥត​រឿង គេ​មាន​កំឡាំង​ណាស់ គេ​ចាប់​ឲ្យ​ទូលបង្គំ​សង​របស់​ដែល​ទូលបង្គំ មិន​បាន​យក​សោះ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជ្រាប​សេចក្ដី​ចំកួត​របស់​ទូលបង្គំ ឯ​អំពើ​បាប​នៃ​ទូលបង្គំ​ក៏​មិន​បិទ​បាំង​នឹង​ទ្រង់​ដែរ។ ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល‌បរិវារ​អើយ សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ពឹង‌ពាក់​ដល់​ទ្រង់​ត្រូវ​ខ្មាស ដោយ​ព្រោះ​ទូលបង្គំ​ឡើយ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ស្វែង​រក​ទ្រង់​បាន​ត្រូវ​អាប់‌យស ដោយ​ព្រោះ​ទូលបង្គំ​ឲ្យ​សោះ ដ្បិត​គឺ​ដោយ​យល់​ដល់​ទ្រង់​ហើយ បាន​ជា​ទូលបង្គំ​ធន់​ទ្រាំ​នឹង​សេចក្ដី​ត្មះ‌តិះដៀល ហើយ​សេចក្ដី​អៀន‌ខ្មាស​បាន​គ្រប​មុខ​ទូលបង្គំ​ផង ទូលបង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ​ចំពោះ​បង​ប្អូន​ទូលបង្គំ គឺ​ដូច​ជា​សាសន៍​ក្រៅ​ដល់​ពួក​អ្នក​ពោះ​១​នឹង​ទូលបង្គំ។ ៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន ទូលបង្គំ ឯ​សេចក្ដី​ត្មះ‌តិះដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ កាល​ទូលបង្គំ​បាន​យំ ហើយ​បញ្ឈឺ​ចិត្ត ដោយ​តម​អត់ នោះ​ហើយ​ជា​ហេតុ​ឲ្យ​គេ​ត្មះ‌តិះដៀល​ដល់​ទូលបង្គំ កាល​ណា​ទូលបង្គំ​យក​សំពត់​ធ្មៃទុក​ជា​សំលៀក‌បំពាក់ នោះ​ក៏​ត្រឡប់​ជា​ពាក្យ​ប្រៀប‌ផ្ទឹម​របស់​គេ​វិញ ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​ទ្វារ​ក្រុង គេ​និយាយ​ដើម​ពី​ទូលបង្គំ ហើយ​ទូលបង្គំ​ជា​ទំនុក​ច្រៀង​ដល់​ពួក​ប្រមឹក​ស្រា។