ទំនុកតម្កើង 51:10-17
ទំនុកតម្កើង 51:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឲ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។ សូមកុំបោះបង់ទូលបង្គំឲ្យនៅឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធ របស់ព្រះអង្គចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានឲ្យទូលបង្គំ មានចិត្តទូលាយមកពីព្រះវិញ្ញាណ។ ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ទាំងឡាយឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឲ្យរួចពីស្លាប់ នោះទូលបង្គំនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ព្រះអង្គដោយអំណរ។ ព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យបន្លឺសំឡេង ពោលពាក្យសរសើរតម្កើងព្រះអង្គផង។ ព្រះអង្គមិនសព្វព្រះហឫទ័យ ឲ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏មិនគាប់ព្រះហឫទ័យព្រះអង្គដែរ។ យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យ ឲ្យទូលបង្គំថ្វាយ គឺចិត្តសោកស្ដាយ ព្រះអង្គតែងតែទទួលចិត្តសោកស្ដាយ និងចិត្តលែងមានអំនួត។
ទំនុកតម្កើង 51:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំ មានអំណរចំពោះការសង្គ្រោះ របស់ព្រះអង្គឡើងវិញ ហើយសូមជួយទូលបង្គំ ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។ នោះទូលបង្គំនឹងបង្រៀនពីផ្លូវរបស់ព្រះអង្គ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ហើយមនុស្សបាបនឹងវិលត្រឡប់មករកព្រះអង្គ។ ឱព្រះ ជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមរំដោះទូលបង្គំឲ្យរួចពីទោសកម្ចាយឈាម នោះអណ្ដាតទូលបង្គំនឹងស្រែកច្រៀង អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យ នឹងយញ្ញបូជាទេ ប្រសិនបើទូលបង្គំត្រូវថ្វាយតង្វាយដុត នោះក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។ យញ្ញបូជាដែលសព្វព្រះហឫទ័យដល់ព្រះ គឺវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តខ្ទេចខ្ទាំ និងចិត្តសោកស្ដាយឡើយ។
ទំនុកតម្កើង 51:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីទូលបង្គំឡើយ សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្ដីសង្គ្រោះ នៃទ្រង់ឡើងវិញ ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់ នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ដូច្នេះ នឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់ ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមដោះទូលបង្គំឲ្យរួចពីទោសកំចាយឈាម នោះអណ្តាតទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់ ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់ ពីសេចក្ដីសរសើររបស់ទ្រង់ ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេ បើសព្វព្រះហឫទ័យវិញ នោះទូលបង្គំនឹងបានថ្វាយហើយ ទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ។