ទំនុកតម្កើង 43:1-5

ទំនុកតម្កើង 43:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​រក​យុត្តិ​ធម៌​ឲ្យ​ទូល‌បង្គំ ហើយ​សូម​កាន់​ក្ដី​ទូល‌បង្គំទាស់​នឹង​មនុស្សទមិឡ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​មាន​ល្បិច ហើយ​ទុច្ចរិតទាំង​នោះ​ផង។ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ​បង់​ចោល​ទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ការ​សង្កត់‌សង្កិន របស់​ខ្មាំង​សត្រូវ​ដូច្នេះ? ឱ​សូម​ផ្សាយ​ពន្លឺ និង​សេចក្ដី​ពិត មក​នាំ​មុខ​ទូល‌បង្គំ គឺ​នាំ​ទូល‌បង្គំ​ទៅ​កាន់​ភ្នំ​បរិសុទ្ធ ហើយ​ទៅកាន់​ដំណាក់​របស់​ព្រះ‌អង្គ! ពេល​នោះ ទូល‌បង្គំ​នឹង​ចូល​ទៅ​រក អាសនា​របស់​ព្រះ គឺទៅ​ជួប​ព្រះ​ដែល​ជា​អំណរ ដ៏​លើស​លុប​របស់​ទូល‌បង្គំ ឱ​ព្រះ ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយសំឡេង​ស៊ុង។ ឱ​ព្រលឹង​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរ​ព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។

ទំនុកតម្កើង 43:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង សូម​កាន់​ក្ដី​ទូលបង្គំ​តទល់​នឹង​មនុស្ស​ទមិឡ! សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​មនុស្ស​មាន​ល្បិច និង​មនុស្ស​ទុច្ចរិត។ ព្រះ‌ជាម្ចាស់​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ការពារ​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ? សូម​ប្រទាន​ពន្លឺ និង​សេចក្ដី​ពិត​របស់​ព្រះអង្គ មក​ដឹក​នាំ​ទូលបង្គំ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ដ៏វិសុទ្ធ* របស់​ព្រះអង្គ ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ! ពេល​នោះ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ព្រះអង្គ ទូលបង្គំ​នឹង​ទៅ​ជិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ប្រភព នៃ​អំណរ​ដ៏​លើស‌លុប​របស់​ទូលបង្គំ។ ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ ដោយ​សំឡេង​ពិណ! ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ព្រះអង្គ​សង្គ្រោះ​ខ្ញុំ ហើយ​ព្រះអង្គ​ជា​ព្រះ​នៃ​ខ្ញុំ ។

ទំនុកតម្កើង 43:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​វិនិច្ឆ័យ​ទូលបង្គំ ហើយ​កាន់​ក្តី​របស់​ទូលបង្គំ ទាស់​នឹង​បណ្តាជន ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ ឱ​សូម​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​កំភូត ហើយ​ទុច្ចរិត​ផង ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ប្រទាន​កំឡាំង​ដល់​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ទៅ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​ការ​សង្កត់‌សង្កិន​នៃ​ពួក​ខ្មាំង​សត្រូវ​ដូច្នេះ ឱ​សូម​ផ្សាយ​ពន្លឺ នឹង​សេចក្ដី​ពិត ចេញ​មក​នាំ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​បាន​នាំ​ទូលបង្គំ​ទៅ​ឯ​ភ្នំ​បរិសុទ្ធ ហើយ​ក្នុង​ព្រះ‌វិហារ​នៃ​ទ្រង់ នោះ​ទូលបង្គំ​នឹង​ទៅ​ឯ​អាសនា​នៃ​ព្រះ គឺ​ដល់​ព្រះ​ដ៏​ជា​សេចក្ដី​អំណរ នឹង​ជា​សេចក្ដី​រីក‌រាយ​របស់​ទូលបង្គំ ឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់​ដោយ​ចាប់​ស៊ុង ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន ហើយ​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ ដល់​ទ្រង់​ទៀត ដែល​ទ្រង់​ជា​សេចក្ដី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ