ទំនុកតម្កើង 37:24-36

ទំនុកតម្កើង 37:24-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទោះ​បើ​គេ ជំពប់ជើង ក៏​គេ​នឹង​មិន​ដួល​បោក​ក្បាល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ដៃ​គេ​ជាប់។ ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។ គេ​រមែង​ឲ្យ​របស់​ទៅ​អ្នក​ដទៃ​ខ្ចីដោ​យ​ចិត្ត​សទ្ធា ហើយ​កូន​ចៅ​របស់​គេ​ជា​មនុស្ស​មាន​ពរ។ ៙ ចូរ​ថយ​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ជា​រៀង​ដរាប។ ដ្បិត​ព្រះ‌យេហូវ៉ា​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។ មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​រស់​នៅ​ក្នុង​ទឹកដីនោះ​ជា​រៀង​រហូត។ ៙ មាត់​របស់​មនុស្ស​សុចរិត ពោល​ចេញ​ជា​ប្រាជ្ញា ហើយ​អណ្ដាត​របស់​គេ ស្រដី​ចេញ​ជា​ពាក្យ​យុត្តិ‌ធម៌។ ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ ដក់​ជាប់​ក្នុង​ចិត្តគេ ហើយ​ជំហាន​របស់​គេ​មិនរអិល​ឡើយ។ មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​សម្លាប់​គេ។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មិនបោះ​បង់​គេទៅ​ក្នុង កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់​ឡើយ ក៏​មិន​ឲ្យ​គេ​មាន​ទោស នៅ​ពេល​ត្រូវ​ជំនុំ‌ជម្រះ​ដែរ។ ៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​ចុះ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក ឲ្យ​គ្រប់​គ្រង​ទឹក‌ដី​ជា​មត៌ក អ្នកនឹង​ឃើញ​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ។ យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច ហើយលេច​ត្រ​ដែត​ឡើង ដូច​ដើម​តាត្រាវ​នៅ​ភ្នំ​ល្បាណូន។ ប៉ុន្ដែ គេ​ទៅ​បាត់ ហើយ​មើល៍ គេ​មិននៅ​ទៀត​ឡើយ ទោះ​បើ​យើង​បាន​ស្វែង​រក​គេ តែ​រកគេ​មិន​ឃើញ​សោះ។

ទំនុកតម្កើង 37:24-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅ របស់​គេ​សុំ​ទាន​ដែរ។ មនុស្ស​សុចរិត​តែងតែ​មាន​ចិត្ត​អាណិត​មេត្តា និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចី គេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ព្រះ‌ពរ។ ចូរ​ចៀស‌វាង​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ធ្វើ​ដូច្នេះ អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ព្រះអង្គ​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​ជានិច្ច ព្រះអង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ព្រះអង្គ​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។ មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។ មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក នូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ដក់​នៅ​ក្នុង​ដួង​ចិត្ត របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ព្រះអង្គ​ឡើយ។ មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​ចាំ​សម្លាប់​គេ​ផង។ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​បោះ​បង់​មនុស្ស​សុចរិត ឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស អាក្រក់​ឡើយ ហើយ​ប្រសិន​បើ​គេ​កាត់​ក្ដី​មនុស្ស​សុចរិត ទ្រង់​ក៏​មិន​បណ្ដោយ​ឲ្យ​គេ​ដាក់​ទោស​បាន​ដែរ។ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​កាន់​តាម​មាគ៌ា​របស់​ព្រះអង្គ​ទៅ នោះ​ព្រះអង្គ​នឹង​លើក​កិត្តិយស​អ្នក​ឡើង ឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌ក ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ ត្រូវ​កាត់‌កាល់​ចោល។ ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ គេ​រីក​ចម្រើន​ឡើង ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។ ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅ ខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។

ទំនុកតម្កើង 37:24-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទោះ​បើ​គេ​ភ្លាត់​ដួល គង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះ‌ហស្ត យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ‌បង់​ចោល ឬ​ពូជ‌ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ គេ​រមែង​មាន​គុណ​ជា​ដរាប​រាល់​ថ្ងៃ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ហើយ​ពូជ‌ពង្ស​គេ​បាន​ពរ​ដែរ។ ៙ ចូរ​គេច​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ នោះ​អ្នក​នឹង​បាន​នៅ​ជា​រៀង‌រាប​ដរាប ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​យុត្តិ‌ធម៌ ក៏​មិន​ដែល​បោះ‌បង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ ទ្រង់​ថែ​រក្សា​គេ​អស់​‌កល្ប​ជានិច្ច តែ​ពូជ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ​វិញ ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច។ ៙ មាត់​របស់​មនុស្ស​សុចរិត​ពោល​ចេញ​សុទ្ធ​តែ​ប្រាជ្ញា ហើយ​អណ្តាត​គេ​ក៏​សំដែង​ជា​សេចក្ដី​យុត្តិ‌ធម៌ ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ នោះ​នៅ​ក្នុង​ចិត្ត ឯ​ជំហាន​នៃ​គេ ក៏​នឹង​មិន​ភ្លាំង‌ភ្លាត់​ឡើយ មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​ក៏​រក​សំឡាប់​គេ ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ទុក​គេ ឲ្យ​នៅ​ក្នុង កណ្តាប់​ដៃ​មនុស្ស​អាក្រក់​ឡើយ ក៏​មិន​ឲ្យ​គេ​មាន​ទោស​ក្នុង​កាល​ដែល​ត្រូវ​ជំនុំ‌ជំរះ​ដែរ។ ៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​ដំកើង​អ្នក ឲ្យ​បាន​ផែនដី​ជា​មរដក នៅ​គ្រា​ដែល​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ នោះ​អ្នក​នឹង​បាន​ឃើញ​ហើយ យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច​យ៉ាង​សន្ធឹក ហើយ​កំពុង​តែ​ពង្រីក​ធំ​ឡើង ដូច​ជា​ដើម​ឈើ​ខ្ចី ដែល​ចំរើន​នៅ​ទី​កំណើត​វា តែ​គេ​បាត់​ទៅ ហើយ​មើល មិន​មាន​គេ​ទៀត​ឡើយ អើ យើង​បាន​ស្វែង​រក​គេ តែ​មិន​ប្រទះ​សោះ។