ទំនុកតម្កើង 37:24-36

ទំនុកតម្កើង 37:24-36 គកស១៦

ទោះ​បើ​គេ ជំពប់ជើង ក៏​គេ​នឹង​មិន​ដួល​បោក​ក្បាល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ដៃ​គេ​ជាប់។ ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។ គេ​រមែង​ឲ្យ​របស់​ទៅ​អ្នក​ដទៃ​ខ្ចីដោ​យ​ចិត្ត​សទ្ធា ហើយ​កូន​ចៅ​របស់​គេ​ជា​មនុស្ស​មាន​ពរ។ ៙ ចូរ​ថយ​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ជា​រៀង​ដរាប។ ដ្បិត​ព្រះ‌យេហូវ៉ា​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។ មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​រស់​នៅ​ក្នុង​ទឹកដីនោះ​ជា​រៀង​រហូត។ ៙ មាត់​របស់​មនុស្ស​សុចរិត ពោល​ចេញ​ជា​ប្រាជ្ញា ហើយ​អណ្ដាត​របស់​គេ ស្រដី​ចេញ​ជា​ពាក្យ​យុត្តិ‌ធម៌។ ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ ដក់​ជាប់​ក្នុង​ចិត្តគេ ហើយ​ជំហាន​របស់​គេ​មិនរអិល​ឡើយ។ មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​សម្លាប់​គេ។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មិនបោះ​បង់​គេទៅ​ក្នុង កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់​ឡើយ ក៏​មិន​ឲ្យ​គេ​មាន​ទោស នៅ​ពេល​ត្រូវ​ជំនុំ‌ជម្រះ​ដែរ។ ៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​ចុះ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក ឲ្យ​គ្រប់​គ្រង​ទឹក‌ដី​ជា​មត៌ក អ្នកនឹង​ឃើញ​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ។ យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច ហើយលេច​ត្រ​ដែត​ឡើង ដូច​ដើម​តាត្រាវ​នៅ​ភ្នំ​ល្បាណូន។ ប៉ុន្ដែ គេ​ទៅ​បាត់ ហើយ​មើល៍ គេ​មិននៅ​ទៀត​ឡើយ ទោះ​បើ​យើង​បាន​ស្វែង​រក​គេ តែ​រកគេ​មិន​ឃើញ​សោះ។