ទំនុកតម្កើង 37:23-40
ទំនុកតម្កើង 37:23-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ពង្រឹងជំហានរបស់មនុស្សឲ្យបានមាំមួន ហើយព្រះអង្គគាប់ព្រះហឫទ័យ នឹងមាគ៌ារបស់គេ។ ប្រសិនបើអ្នកនោះភ្លាត់ជើង គេនឹងមិនដួលដល់ដីឡើយ ព្រោះព្រះអម្ចាស់កាន់ដៃគេជាប់។ តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលខ្ញុំចាស់នេះ ខ្ញុំមិនដែលឃើញព្រះអម្ចាស់បោះបង់ចោល មនុស្សសុចរិតឡើយ ហើយក៏មិនដែលឃើញកូនចៅ របស់គេសុំទានដែរ។ មនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តា និងចេះឲ្យរបស់របរទៅអ្នកដទៃខ្ចី គេបានទទួលកូនចៅទុកជាព្រះពរ។ ចូរចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ធ្វើដូច្នេះ អ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យ នឹងការអ្វីដែលត្រឹមត្រូវ ព្រះអង្គថែរក្សា អស់អ្នកដែលជឿលើព្រះអង្គជានិច្ច ព្រះអង្គមិនបោះបង់ពួកគេឡើយ តែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់ឲ្យវិនាសសាបសូន្យ។ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។ មនុស្សសុចរិតតែងតែស្រដីចេញមក នូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។ ហើយអណ្ដាតរបស់គេគ្រលាស់ ចេញមកនូវអ្វីដែលត្រឹមត្រូវ ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដក់នៅក្នុងដួងចិត្ត របស់គេ ហើយគេនឹងមិនឃ្លាតចាក ពីមាគ៌ារបស់ព្រះអង្គឡើយ។ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយចាំសម្លាប់គេផង។ ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិត ឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយ ហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិត ទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរ។ ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅ នោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើង ឲ្យគ្រប់គ្រងទឹកដីជាមត៌ក ហើយអ្នកនឹងឃើញមនុស្សអាក្រក់ ត្រូវកាត់កាល់ចោល។ ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ គេរីកចម្រើនឡើង ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។ ក្រោយមក គេរលាយបាត់សូន្យទៅ ខ្ញុំខំរកមើលគេ តែរកមិនឃើញសោះ។ ចូរសង្កេតមើលមនុស្សទៀងត្រង់ ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខ តែងតែមានអនាគតរុងរឿងជានិច្ច។ រីឯមនុស្សបាបវិញ នឹងត្រូវវិនាសសូន្យអស់ទៅ ហើយមនុស្សទមិឡ នឹងគ្មាន អនាគតភ្លឺស្វាងសោះឡើយ។ ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិត ហើយព្រះអង្គជាកំពែងការពារគេ នៅគ្រាមានអាសន្ន។ ព្រះអម្ចាស់សង្គ្រោះ និងរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ព្រះអង្គសង្គ្រោះពួកគេ ពីព្រោះពួកគេ មកជ្រកកោនក្រោមម្លប់ព្រះបារមីព្រះអង្គ។
ទំនុកតម្កើង 37:23-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។ ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។ ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយ តែមិនដែលឃើញព្រះបោះបង់ចោល មនុស្សសុចរិតឡើយ ក៏មិនដែលឃើញពូជពង្សរបស់គេ សុំទានអាហារដែរ។ គេរមែងឲ្យរបស់ទៅអ្នកដទៃខ្ចីដោយចិត្តសទ្ធា ហើយកូនចៅរបស់គេជាមនុស្សមានពរ។ ៙ ចូរថយចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅជារៀងដរាប។ ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយរស់នៅក្នុងទឹកដីនោះជារៀងរហូត។ ៙ មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។ ក្រឹត្យវិន័យរបស់ព្រះនៃគេ ដក់ជាប់ក្នុងចិត្តគេ ហើយជំហានរបស់គេមិនរអិលឡើយ។ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយសម្លាប់គេ។ ប៉ុន្ដែ ព្រះយេហូវ៉ាមិនបោះបង់គេទៅក្នុង កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោស នៅពេលត្រូវជំនុំជម្រះដែរ។ ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។ យើងបានឃើញមនុស្សអាក្រក់មានអំណាច ហើយលេចត្រដែតឡើង ដូចដើមតាត្រាវនៅភ្នំល្បាណូន។ ប៉ុន្ដែ គេទៅបាត់ ហើយមើល៍ គេមិននៅទៀតឡើយ ទោះបើយើងបានស្វែងរកគេ តែរកគេមិនឃើញសោះ។ ៙ ចូរចំណាំមើលមនុស្សឥតសៅហ្មង ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះ នឹងបានសុខសាន្ត។ រីឯមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ចុងបំផុតរបស់មនុស្សអាក្រក់ នឹងត្រូវកាត់ចេញ។ ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។ ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។
ទំនុកតម្កើង 37:23-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ គឺព្រះយេហូវ៉ាដែលដំរូវអស់ទាំងជំហាននៃមនុស្សល្អ ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ គេរមែងមានគុណជាដរាបរាល់ថ្ងៃ ព្រមទាំងឲ្យគេខ្ចី ហើយពូជពង្សគេបានពរដែរ។ ៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ នោះអ្នកនឹងបាននៅជារៀងរាបដរាប ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច។ ៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញា ហើយអណ្តាតគេក៏សំដែងជាសេចក្ដីយុត្តិធម៌ ក្រិត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយក៏រកសំឡាប់គេ ព្រះយេហូវ៉ាទ្រង់មិនទុកគេ ឲ្យនៅក្នុង កណ្តាប់ដៃមនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជំរះដែរ។ ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹក ហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចី ដែលចំរើននៅទីកំណើតវា តែគេបាត់ទៅ ហើយមើល មិនមានគេទៀតឡើយ អើ យើងបានស្វែងរកគេ តែមិនប្រទះសោះ។ ៙ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ ឯសេចក្ដីសង្គ្រោះនៃមនុស្សសុចរិត នោះមកពីព្រះយេហូវ៉ា ក្នុងគ្រាដែលមានសេចក្ដីលំបាក នោះទ្រង់ជាទីអាងដល់គេ ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួច ទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់ ព្រមទាំងជួយសង្គ្រោះគេផង ពីព្រោះគេបានពឹងជ្រកក្នុងទ្រង់។