ទំនុកដំកើង 37:23-40

ទំនុកដំកើង 37:23-40 ពគប

៙ គឺ​ព្រះ‌យេហូវ៉ា​ដែល​ដំរូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អ ហើយ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ ទោះ​បើ​គេ​ភ្លាត់​ដួល គង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះ‌ហស្ត យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ‌បង់​ចោល ឬ​ពូជ‌ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ គេ​រមែង​មាន​គុណ​ជា​ដរាប​រាល់​ថ្ងៃ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ហើយ​ពូជ‌ពង្ស​គេ​បាន​ពរ​ដែរ។ ៙ ចូរ​គេច​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ នោះ​អ្នក​នឹង​បាន​នៅ​ជា​រៀង‌រាប​ដរាប ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​យុត្តិ‌ធម៌ ក៏​មិន​ដែល​បោះ‌បង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ ទ្រង់​ថែ​រក្សា​គេ​អស់​‌កល្ប​ជានិច្ច តែ​ពូជ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ​វិញ ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច។ ៙ មាត់​របស់​មនុស្ស​សុចរិត​ពោល​ចេញ​សុទ្ធ​តែ​ប្រាជ្ញា ហើយ​អណ្តាត​គេ​ក៏​សំដែង​ជា​សេចក្ដី​យុត្តិ‌ធម៌ ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ នោះ​នៅ​ក្នុង​ចិត្ត ឯ​ជំហាន​នៃ​គេ ក៏​នឹង​មិន​ភ្លាំង‌ភ្លាត់​ឡើយ មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​ក៏​រក​សំឡាប់​គេ ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ទុក​គេ ឲ្យ​នៅ​ក្នុង កណ្តាប់​ដៃ​មនុស្ស​អាក្រក់​ឡើយ ក៏​មិន​ឲ្យ​គេ​មាន​ទោស​ក្នុង​កាល​ដែល​ត្រូវ​ជំនុំ‌ជំរះ​ដែរ។ ៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​ដំកើង​អ្នក ឲ្យ​បាន​ផែនដី​ជា​មរដក នៅ​គ្រា​ដែល​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ នោះ​អ្នក​នឹង​បាន​ឃើញ​ហើយ យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច​យ៉ាង​សន្ធឹក ហើយ​កំពុង​តែ​ពង្រីក​ធំ​ឡើង ដូច​ជា​ដើម​ឈើ​ខ្ចី ដែល​ចំរើន​នៅ​ទី​កំណើត​វា តែ​គេ​បាត់​ទៅ ហើយ​មើល មិន​មាន​គេ​ទៀត​ឡើយ អើ យើង​បាន​ស្វែង​រក​គេ តែ​មិន​ប្រទះ​សោះ។ ៙ ចូរ​ចំណាំ​មើល​មនុស្ស​គ្រប់​លក្ខណ៍​វិញ ហើយ​ពិចារណា​មើល​មនុស្ស​ទៀង​ត្រង់​ចុះ ដ្បិត​ចុង​បំផុត​នៃ​មនុស្ស​នោះ​មាន​សេចក្ដី​សាន្ត‌ត្រាណ ឯ​ពួក​មនុស្ស​រំលង​ច្បាប់ នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា ឯ​ចុង​បំផុត​នៃ​មនុស្ស​អាក្រក់ នោះ​នឹង​ត្រូវ​កាត់​ចេញ​វិញ ឯ​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​សុចរិត នោះ​មក​ពី​ព្រះ‌យេហូវ៉ា ក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាក នោះ​ទ្រង់​ជា​ទី​អាង​ដល់​គេ ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​គេ ក៏​ប្រោស​ឲ្យ​រួច ទ្រង់​ប្រោស​គេ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង ពី​ព្រោះ​គេ​បាន​ពឹង​ជ្រក​ក្នុង​ទ្រង់។