ទំនុកតម្កើង 34:1-8

ទំនុកតម្កើង 34:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​សោះ​ឡើយ។ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយ‌សារ​ព្រះអង្គ! ចូរ​ឲ្យ​មនុស្ស​ទន់‌ទាប​ត្រង‌ត្រាប់​ស្ដាប់ ហើយ​មាន​អំណរ​សប្បាយ​ឡើង!។ សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា ព្រះ‌អម្ចាស់​ថ្កុំ‌ថ្កើង​រុងរឿង​ក្រៃ‌លែង! យើង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ​ជា​មួយ​គ្នា!។ ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច ទាំង​អម្បាល‌ម៉ាន។ អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះអង្គ អ្នក​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ ។ មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។ ទេវតា​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការពារ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់។ ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់ មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លុប! អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។

ទំនុកតម្កើង 34:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​ព្រះ‌អង្គ​នៅ​ក្នុង​មាត់​ខ្ញុំ​ជា‌និច្ច។ ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​ពី​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មនុស្ស​រាប​សារ​ស្ដាប់ ហើយ​មាន​ចិត្ត​ត្រេក​អរ​ឡើង។ ឱ សូម​តម្កើង​ព្រះ‌យេហូវ៉ា​ជា​មួយ​ខ្ញុំ ចូរ​យើង​នាំ​គ្នា​លើក​តម្កើង ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា។ ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច ពី​អស់​ទាំង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។ អស់​អ្នក​ដែល​ពឹង​ដល់​ព្រះ‌អង្គ គេ​មាន​អំណរ​ព្រោង​ព្រាយ ហើយ​មុខ​របស់​គេ មិន​ដែល​ខ្មាស​ឡើយ។ មនុស្ស​វេទនា​នេះ​បាន​ស្រែក​ឡើង នោះ​ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន។ ទេវតា​របស់​ព្រះ‌យេហូវ៉ា ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។ ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ! មាន​ពរ​ហើយ មនុស្ស​ណា ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ!

ទំនុកតម្កើង 34:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ ពេល​វេលា សេចក្ដី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះ‌យេហូវ៉ា មនុស្ស​រាប​ទាប​នឹង​ឮ ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ ចូរ​ដំកើង​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ ចូរ​យើង​ព្រម​គ្នា​លើក​ព្រះ‌នាម​ទ្រង់​ឡើង ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្ដី​ភិត‌ភ័យ​របស់​ខ្ញុំ អ្នក​ណា​ដែល​ពឹង​ដល់​ទ្រង់ នោះ​ក៏​មាន​សេចក្ដី​អំណរ ដ៏​ព្រោង‌ព្រាយ ហើយ​មុខ​គេ​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ខ្ញុំ ជា​មនុស្ស​វេទនា​នេះ បាន​អំពាវ‌នាវ​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាម ហើយ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ចោម‌រោម​នៅ​ជុំវិញ​នៃ​អស់​អ្នក​ដែល កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់