ទំនុកតម្កើង 34

34
ពាក្យ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ព្រះ‌អង្គ​រំដោះ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក
ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​ក្លែង​ធ្វើ​ជា​ឆ្កួត នៅ​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិច ហើយ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​បណ្ដេញ​ទ្រង់​ចេញ​ទៅ។
1ខ្ញុំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា គ្រប់​ពេល​វេលា
ខ្ញុំ​នឹង​សរសើរ​ព្រះ‌អង្គ​នៅ​ក្នុង​មាត់​ខ្ញុំ​ជា‌និច្ច។
2ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​ពី​ព្រះ‌យេហូវ៉ា
ចូរ​ឲ្យ​មនុស្ស​រាប​សារ​ស្ដាប់
ហើយ​មាន​ចិត្ត​ត្រេក​អរ​ឡើង។
3ឱ សូម​តម្កើង​ព្រះ‌យេហូវ៉ា​ជា​មួយ​ខ្ញុំ
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង
ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា។
4ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា
ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ
ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច
ពី​អស់​ទាំង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។
5អស់​អ្នក​ដែល​ពឹង​ដល់​ព្រះ‌អង្គ
គេ​មាន​អំណរ​ព្រោង​ព្រាយ
ហើយ​មុខ​របស់​គេ មិន​ដែល​ខ្មាស​ឡើយ។
6មនុស្ស​វេទនា​នេះ​បាន​ស្រែក​ឡើង
នោះ​ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់
ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច
ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន។
7ទេវតា​របស់​ព្រះ‌យេហូវ៉ា
ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល
កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។
8ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា
ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ!
មាន​ពរ​ហើយ មនុស្ស​ណា
ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ!
9ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ
ចូរ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា
ដ្បិត​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ
មិន​ខ្វះ​អ្វី​ឡើយ!
10ពួក​សិង្ហ​ស្ទាវ អាច​ជួប​នឹង​ការ​ខ្វះ​ខាត
ហើយ​អត់​ឃ្លាន
តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា
នោះ​មិន​ខ្វះ​អ្វី​ដែល​ល្អ​ឡើយ។
11ឱ កូន​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​មក ហើយ​ស្តាប់​ខ្ញុំ
ខ្ញុំ​នឹង​បង្រៀន​អ្នក​រាល់​គ្នា
ពី​ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា។
12តើ​មាន​អ្នក​ណា​ដែល​ចង់​បាន​ជីវិត
ហើយ​ស្រឡាញ់​អាយុ​យឺន‌យូរ
ដើម្បី​ឲ្យ​ខ្លួន​បាន​ឃើញ​សេចក្ដី​ល្អ​ឬទេ?
13ត្រូវ​បញ្ចៀស​អណ្ដាត​ខ្លួន​ពី​សេចក្ដី​អាក្រក់
និង​បបូរ​មាត់ កុំ​ពោល​ពាក្យ​បោក​បញ្ឆោត។
14ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់
ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ
ចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​តាម​ចុះ។
15ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា
ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត
ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ
ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។
16ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នក
ដែល​ប្រព្រឹត្ត​អាក្រក់
ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែន​ដី
នឹក​ចាំ​ពី​គេ​ត​ទៅ​ទៀត។
17ពេល​មនុស្ស​សុចរិត​ស្រែក​រក​ជំនួយ
ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់
ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច
ពី​គ្រប់​ទុក្ខ​លំបាក​របស់​គេ។
18ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អ្នក
ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ
ហើយ​សង្គ្រោះ​អស់​អ្នក
ដែល​មាន​វិញ្ញាណ​សោក​សង្រេង។
19មនុស្ស​សុចរិត​រង​ទុក្ខ​លំបាក​ជា​ច្រើន
តែ​ព្រះ‌យេហូវ៉ា​រំដោះ​គេ​ឲ្យ​រួច
ពី​ទុក្ខ​លំបាក​ទាំង​អស់។
20ព្រះ‌អង្គ​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ
មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ។
21អំពើ​អាក្រក់​នឹង​សម្លាប់​មនុស្ស​ពាល
ហើយ​អស់​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត
នឹង​ត្រូវទទួល​ទោស។
22ព្រះ‌យេហូវ៉ា​លោះ​ជីវិត
ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​អស់​អ្នក
ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ
គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រូវ​ទោស​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 34: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ