ទំនុកតម្កើង 34:1-22

ទំនុកតម្កើង 34:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​ព្រះ‌អង្គ​នៅ​ក្នុង​មាត់​ខ្ញុំ​ជា‌និច្ច។ ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​ពី​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មនុស្ស​រាប​សារ​ស្ដាប់ ហើយ​មាន​ចិត្ត​ត្រេក​អរ​ឡើង។ ឱ សូម​តម្កើង​ព្រះ‌យេហូវ៉ា​ជា​មួយ​ខ្ញុំ ចូរ​យើង​នាំ​គ្នា​លើក​តម្កើង ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា។ ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច ពី​អស់​ទាំង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។ អស់​អ្នក​ដែល​ពឹង​ដល់​ព្រះ‌អង្គ គេ​មាន​អំណរ​ព្រោង​ព្រាយ ហើយ​មុខ​របស់​គេ មិន​ដែល​ខ្មាស​ឡើយ។ មនុស្ស​វេទនា​នេះ​បាន​ស្រែក​ឡើង នោះ​ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន។ ទេវតា​របស់​ព្រះ‌យេហូវ៉ា ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។ ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ! មាន​ពរ​ហើយ មនុស្ស​ណា ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ! ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ ចូរ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ដ្បិត​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ មិន​ខ្វះ​អ្វី​ឡើយ! ពួក​សិង្ហ​ស្ទាវ អាច​ជួប​នឹង​ការ​ខ្វះ​ខាត ហើយ​អត់​ឃ្លាន តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នោះ​មិន​ខ្វះ​អ្វី​ដែល​ល្អ​ឡើយ។ ឱ កូន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​មក ហើយ​ស្តាប់​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា។ តើ​មាន​អ្នក​ណា​ដែល​ចង់​បាន​ជីវិត ហើយ​ស្រឡាញ់​អាយុ​យឺន‌យូរ ដើម្បី​ឲ្យ​ខ្លួន​បាន​ឃើញ​សេចក្ដី​ល្អ​ឬទេ? ត្រូវ​បញ្ចៀស​អណ្ដាត​ខ្លួន​ពី​សេចក្ដី​អាក្រក់ និង​បបូរ​មាត់ កុំ​ពោល​ពាក្យ​បោក​បញ្ឆោត។ ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ ចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​តាម​ចុះ។ ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។ ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែន​ដី នឹក​ចាំ​ពី​គេ​ត​ទៅ​ទៀត។ ពេល​មនុស្ស​សុចរិត​ស្រែក​រក​ជំនួយ ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច ពី​គ្រប់​ទុក្ខ​លំបាក​របស់​គេ។ ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អ្នក ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​សង្គ្រោះ​អស់​អ្នក ដែល​មាន​វិញ្ញាណ​សោក​សង្រេង។ មនុស្ស​សុចរិត​រង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​រំដោះ​គេ​ឲ្យ​រួច ពី​ទុក្ខ​លំបាក​ទាំង​អស់។ ព្រះ‌អង្គ​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ។ អំពើ​អាក្រក់​នឹង​សម្លាប់​មនុស្ស​ពាល ហើយ​អស់​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត នឹង​ត្រូវទទួល​ទោស។ ព្រះ‌យេហូវ៉ា​លោះ​ជីវិត ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​ក្នុង​ចំណោម​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រូវ​ទោស​ឡើយ។

ទំនុកតម្កើង 34:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​សោះ​ឡើយ។ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយ‌សារ​ព្រះអង្គ! ចូរ​ឲ្យ​មនុស្ស​ទន់‌ទាប​ត្រង‌ត្រាប់​ស្ដាប់ ហើយ​មាន​អំណរ​សប្បាយ​ឡើង!។ សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា ព្រះ‌អម្ចាស់​ថ្កុំ‌ថ្កើង​រុងរឿង​ក្រៃ‌លែង! យើង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ​ជា​មួយ​គ្នា!។ ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច ទាំង​អម្បាល‌ម៉ាន។ អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះអង្គ អ្នក​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ ។ មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។ ទេវតា​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការពារ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់។ ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់ មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លុប! អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។ អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ​ព្រះអង្គ​អើយ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ នឹង​មិន​ខ្វះ​អ្វី​ឡើយ។ អ្នក​មាន អាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន ខ្វះ​ខាត​ចំណី​បរិភោគ តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់ នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។ កូន​ចៅ​អើយ ចូរ​នាំ​គ្នា​មក ហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក ឲ្យ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។ តើ​មាន​នរណា​ចង់​បាន​អាយុ​វែង និង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ? បើ​ចង់​បាន ត្រូវ​តែ​ចេះ​ទប់​អណ្ដាត កុំ​ពោល​ពាក្យ​អាក្រក់ និង​ចៀស‌វាង​និយាយ​បោក​បញ្ឆោត!។ ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ ចូរ​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត យ៉ាង​អស់​ពី​ចិត្ត។ ព្រះ‌អម្ចាស់​តែង​រំពៃ​មើល​មនុស្ស​សុចរិត ហើយ​ទ្រង់​យក​ព្រះ‌ហឫទ័យ ទុក​ដាក់​នឹង​សម្រែក​របស់​ពួក​គេ​ជានិច្ច។ ព្រះ‌អម្ចាស់​តែងតែ​ប្រឆាំង នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ពេល​ពួក​គេ​ស្លាប់​ទៅ គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។ ពេល​មនុស្ស​សុចរិត​ស្រែក​រក​ព្រះអង្គ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេ ហើយ​ព្រះអង្គ​រំដោះ​គេ ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។ ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្ត ហើយ​ព្រះអង្គ​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​សោក​សង្រេង។ មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ ព្រះ‌អម្ចាស់​តែងតែ​រំដោះ​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជានិច្ច។ ព្រះអង្គ​ថែ‌រក្សា​គេ​ឲ្យ​បាន​សុខ‌សាន្ត គឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។ អំពើ​អាក្រក់​តែង​ប្រហារ​ជីវិត​មនុស្ស​ពាល ហើយ​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត តែងតែ​ទទួល​ទោស​ជានិច្ច។ ព្រះ‌អម្ចាស់​សង្គ្រោះ​ជីវិត​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ តែងតែ​រួច​ផុត​ពី​ទុក្ខ​ទោស។

ទំនុកតម្កើង 34:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ ពេល​វេលា សេចក្ដី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះ‌យេហូវ៉ា មនុស្ស​រាប​ទាប​នឹង​ឮ ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ ចូរ​ដំកើង​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ ចូរ​យើង​ព្រម​គ្នា​លើក​ព្រះ‌នាម​ទ្រង់​ឡើង ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្ដី​ភិត‌ភ័យ​របស់​ខ្ញុំ អ្នក​ណា​ដែល​ពឹង​ដល់​ទ្រង់ នោះ​ក៏​មាន​សេចក្ដី​អំណរ ដ៏​ព្រោង‌ព្រាយ ហើយ​មុខ​គេ​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ខ្ញុំ ជា​មនុស្ស​វេទនា​នេះ បាន​អំពាវ‌នាវ​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាម ហើយ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ចោម‌រោម​នៅ​ជុំវិញ​នៃ​អស់​អ្នក​ដែល កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់ ឱ​ពួក​បរិសុទ្ធ​របស់​ទ្រង់​អើយ សូម​កោត‌ខ្លាច​ដល់ ព្រះ‌យេហូវ៉ា ដ្បិត​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់​មិន​ខ្វះ​អ្វី​ឡើយ ឯ​អស់​ទាំង​សិង្ហ​ស្ទាវ វា​តែង‌តែ​ខ្វះ ហើយ​ក៏​ឃ្លាន តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នោះ​នឹង​មិន​ខ្វះ​អ្វី ដែល​ល្អ​ឡើយ កូន​ទាំង‌ឡាយ​អើយ ចូរ​មក​ស្តាប់​អញ​ចុះ អញ​នឹង​បង្រៀន​ឯង​រាល់​គ្នា ពី​សេចក្ដី​កោត‌ខ្លាច​ដល់ ព្រះ‌យេហូវ៉ា តើ​មាន​អ្នក​ឯ​ណា​ដែល​ចង់​បាន​ជីវិត ហើយ​ស្រឡាញ់ អាយុ​យឺន‌យូរ ដើម្បី​ឲ្យ​បាន​ឃើញ​សេចក្ដី​ល្អ ត្រូវ​ឲ្យ​រក្សា​អណ្តាត​ខ្លួន ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់ ហើយ​បបូរ​មាត់​ផង មិន​ឲ្យ​ពោល​ពាក្យ​កំភូត ចូរ​ថយ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ ចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​ជាប់​តាម​ចុះ ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ទ្រង់​ក៏​ប្រុង​ស្តាប់​សំរែក​របស់​គេ ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ដើម្បី​នឹង​ដក​យក​សេចក្ដី​នឹក​ចាំ​ចំពោះ​គេ​ពី​ផែនដី​ចេញ ឯ​មនុស្ស​សុចរិត គេ​អំពាវ‌នាវ ហើយ​ព្រះ‌យេហូវ៉ា ទ្រង់​ទទួល​ស្តាប់ ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​លំបាក​របស់​គេ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប មនុស្ស​សុចរិត​តែង‌តែ​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ ទ្រង់​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ សេចក្ដី​អាក្រក់​នឹង​សំឡាប់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​ពួក​អ្នក​ដែល​ស្អប់​ដល់​មនុស្ស​សុចរិត នឹង​ត្រូវ​មាន​ទោស ព្រះ‌យេហូវ៉ា​ទ្រង់​លោះ​ព្រលឹង​នៃ​អស់​អ្នក​ដែល​គោរព ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​ក្នុង​ពួក​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រូវ​ទោស​ឡើយ។