ទំនុកតម្កើង 31:1-4
ទំនុកតម្កើង 31:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមរំដោះទូលបង្គំ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គផង! សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមជួយទូលបង្គំឲ្យរួចជាប្រញាប់ សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាបន្ទាយយ៉ាងមាំ សម្រាប់សង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ សូមនាំ ហើយតម្រង់ផ្លូវទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមដោះទូលបង្គំចេញពីអន្ទាក់ ដែលគេបានដាក់ ដោយលួចលាក់ដើម្បីចាប់ទូលបង្គំ ដ្បិតព្រះអង្គជាជម្រករបស់ទូលបង្គំ។
ទំនុកតម្កើង 31:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមជ្រកកោនជាមួយព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខកចិត្តឡើយ! ឱព្រះដ៏សុចរិតអើយ សូមរំដោះទូលបង្គំ!។ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមមករំដោះទូលបង្គំជាប្រញាប់! សូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង!។ ដ្បិតព្រះអង្គជាសិលា និងជាកំពែងការពារទូលបង្គំ សូមដឹកដៃនាំផ្លូវទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំបានរួចពីអន្ទាក់ ដែលពួកគេដាក់ចាំចាប់ទូលបង្គំ ដ្បិតព្រះអង្គការពារទូលបង្គំ។
ទំនុកតម្កើង 31:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមជួយទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ទ្រង់ សូមផ្ទៀងព្រះកាណ៌មកស្តាប់ទូលបង្គំ ហើយជួយឲ្យទូលបង្គំរួចជាប្រញាប់ សូមទ្រង់ធ្វើជាថ្មដាមាំមួនដល់ទូលបង្គំ គឺជាបន្ទាយសំរាប់ជួយសង្គ្រោះទូលបង្គំផង ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំពិត ហេតុនោះ សូមទ្រង់នាំ ហើយដំរង់ទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមទ្រង់ដោះទូលបង្គំចេញពីអន្ទាក់ ដែលគេបានដាក់ ដោយលួចលាក់ ដើម្បីនឹងចាប់ទូលបង្គំ ដ្បិតទ្រង់ជាទីពឹងរបស់ទូលបង្គំហើយ