ទំនុកតម្កើង 25:1-5

ទំនុកតម្កើង 25:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ ដូច្នេះ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ! សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យ‌ជម្នះ លើ​ទូលបង្គំ​ឡើយ!។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ត្រូវ​ខក​ចិត្ត។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ សូម​បង្រៀន​ទូលបង្គំ​អំពី​ផ្លូវ​របស់​ព្រះអង្គ​ផង សូម​អប់រំ​ទូលបង្គំ​ឲ្យ​រស់​នៅ ស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។

ទំនុកតម្កើង 25:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​ផ្ចង់​ចិត្តគំនិត ទៅ​រក​ព្រះ‌អង្គ ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​អរ​សប្បាយ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ! អស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ព្រះ‌អង្គ នឹង​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​មាន​តែ​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ​ប៉ុណ្ណោះ ដែល​ត្រូវ​ខ្មាស។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ សូម​បង្រៀន​ទូល‌បង្គំ​អំពី​ផ្លូវ​ច្រក របស់​ព្រះ‌អង្គ​ផង សូម​នាំ ហើយ​បង្រៀន​ទូល‌បង្គំ ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។

ទំនុកតម្កើង 25:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​លើក ព្រលឹង​ថ្វាយ​ដល់​ទ្រង់ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូលបង្គំ​ឲ្យ​សោះ ប៉ុន្តែអស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ទ្រង់ នោះ​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​ពួក​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ ដែល​ត្រូវ​ខ្មាស​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ដល់​ទូលបង្គំ សូម​បង្រៀន​ទូលបង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់ សូម​នាំ ហើយ​បង្រៀន​ទូលបង្គំ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផង ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​ដរាប​រាល់​ថ្ងៃ