ទំនុកតម្កើង 25:1-10

ទំនុកតម្កើង 25:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ ដូច្នេះ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ! សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យ‌ជម្នះ លើ​ទូលបង្គំ​ឡើយ!។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ត្រូវ​ខក​ចិត្ត។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ សូម​បង្រៀន​ទូលបង្គំ​អំពី​ផ្លូវ​របស់​ព្រះអង្គ​ផង សូម​អប់រំ​ទូលបង្គំ​ឲ្យ​រស់​នៅ ស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ភ្លេច​ថា តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ទូលបង្គំ​ជានិច្ច។ សូម​បំភ្លេច​អំពើ​បាប និង​កំហុស ដែល​ទូលបង្គំ​ធ្លាប់​ប្រព្រឹត្ត កាល​នៅ​ពី​ក្មេង​នោះ​ទៅ!។ ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​តែង​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​សប្បុរស​ជានិច្ច សូម​កុំ​បំភ្លេច​ទូលបង្គំ​ឡើយ!។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស និង​ទៀង​ត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​បង្ហាញ ឲ្យ​មនុស្ស​បាប​ស្គាល់​មាគ៌ា​ដែល​គេ​ត្រូវ​ដើរ។ ព្រះអង្គ​នាំ​មនុស្ស​មាន​ចិត្ត​សុភាព ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត ព្រះអង្គ​បង្រៀន​គេ​ឲ្យ​ស្គាល់ ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ស្មោះ​ត្រង់​ទាំង​ស្រុង ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី* និង​គោរព​ដំបូន្មាន​របស់​ព្រះអង្គ។

ទំនុកតម្កើង 25:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​ផ្ចង់​ចិត្តគំនិត ទៅ​រក​ព្រះ‌អង្គ ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​អរ​សប្បាយ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ! អស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ព្រះ‌អង្គ នឹង​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​មាន​តែ​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ​ប៉ុណ្ណោះ ដែល​ត្រូវ​ខ្មាស។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ សូម​បង្រៀន​ទូល‌បង្គំ​អំពី​ផ្លូវ​ច្រក របស់​ព្រះ‌អង្គ​ផង សូម​នាំ ហើយ​បង្រៀន​ទូល‌បង្គំ ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​មេត្តាដ៏​ទន់​សន្ដោស និង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដ្បិត​សេចក្ដី​ទាំង​នោះ មានតាំង​ពី​បុរាណ​រៀង​មក។ សូម​កុំ​នឹក​ចាំ​អំពើ​បាប ដែល​ទូល‌បង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង ឬ​អំពើ​រំលង​របស់​ទូល‌បង្គំ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ​វិញ ដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ល្អ ហើយ​ទៀង​ត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បង្រៀន មនុស្ស​បាប​ឲ្យ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ។ ព្រះ‌អង្គ​នាំ​មនុស្ស​សុភាព ឲ្យ​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ហើយ​បង្រៀន​មនុស្ស​រាប​សារ ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ។ អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា សុទ្ធ​តែប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស និងសេចក្ដី​ស្មោះ‌ត្រង់ ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 25:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​លើក ព្រលឹង​ថ្វាយ​ដល់​ទ្រង់ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូលបង្គំ​ឲ្យ​សោះ ប៉ុន្តែអស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ទ្រង់ នោះ​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​ពួក​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ ដែល​ត្រូវ​ខ្មាស​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ដល់​ទូលបង្គំ សូម​បង្រៀន​ទូលបង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់ សូម​នាំ ហើយ​បង្រៀន​ទូលបង្គំ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផង ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​ដរាប​រាល់​ថ្ងៃ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​មេត្តា ដ៏​ទន់​សន្តោស នឹង​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដ្បិត​សេចក្ដី​ទាំង​នោះ​មាន​នៅ​ពី​បុរាណ​រៀង​មក សូម​កុំ​នឹក​ចាំ​ពី​បាប​ដែល​ទូលបង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង ឬ​អំពើ​រំលង​របស់​ទូលបង្គំ​នោះ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​វិញ ដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀង​ត្រង់ ដូច្នេះ ទ្រង់​នឹង​បង្ហាត់​មនុស្ស​មាន​បាប​ឲ្យ​តាម​ផ្លូវ​ទ្រង់​វិញ ទ្រង់​នឹង​នាំ​មនុស្ស​សុភាព​ក្នុង​សេចក្ដី​យុត្តិ‌ធម៌ ហើយ​នឹង​បង្រៀន​មនុស្ស​រាប‌ទាប ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់ អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា សុទ្ធ​តែ​ប្រកប ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់