ទំនុកតម្កើង 147:12-20

ទំនុកតម្កើង 147:12-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់! ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ​របស់​អ្នក! ដ្បិត​ព្រះអង្គ​ការពារ និង​ពង្រឹង​អ្នក​ឲ្យ​មាន​សន្តិ‌សុខ ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដែល​រស់​នៅ​ក្នុង​ទីក្រុង។ ព្រះអង្គ​ប្រទាន​ឲ្យ​ទឹក​ដី​អ្នក​មាន​សន្តិ‌ភាព ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​មាន​ស្រូវ​ដ៏​ល្អៗ យ៉ាង​បរិបូណ៌ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែនដី ហើយ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្សព្វ‌ផ្សាយ ទៅ​យ៉ាង​រហ័ស ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​កក​ធ្លាក់​ចុះ​មក​ដូច​សំឡី ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សន្សើម ត្រជាក់​ធ្លាក់​ចុះ​មក​យ៉ាង​សក្បុស ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​ចុះ​មក​ទាំង​ដុំៗ តើ​នរណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់ ដែល​ព្រះអង្គ​បាន​បង្កើត​មក​នេះ? ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​ទឹក​កក និង​ព្រឹល​ក៏​រលាយ​ទៅ​ជា​ទឹក ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក ហើយ​ទឹក​នោះ​ក៏​ហូរ​ទៅ។ ព្រះអង្គ​សម្តែង​ឲ្យ​ពូជ‌ពង្ស របស់​លោក​យ៉ាកុប​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ច្បាប់ និង​វិន័យ​របស់​ព្រះអង្គ ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះអង្គ​ពុំ​បាន​ប្រោស​ប្រទាន​ដូច្នេះ ចំពោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទេ ពួក​គេ​ពុំ​ស្គាល់​វិន័យ​របស់​ព្រះអង្គ​ឡើយ។ ហាលេ‌លូយ៉ា!។

ទំនុកតម្កើង 147:12-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា! ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ​របស់អ្នក! ដ្បិត​ព្រះ‌អង្គ​ពង្រឹង​រនុក​ទ្វារ​ឯង​ឲ្យ​រឹង​មាំ ព្រះ‌អង្គ​ប្រទាន​ពរ​កូន​ចៅដែល​រស់​នៅ​ក្នុង​ឯង។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ព្រំ​ដែន​របស់​ឯង ព្រះ‌អង្គ​ចម្អែត​ឯង ដោយ​ស្រូវ​សាលី​យ៉ាង​ល្អ​បំផុត។ ព្រះ‌អង្គ​ចាត់​ព្រះ‌រាជ​បញ្ជា​របស់​ព្រះ‌អង្គ​មក​ផែនដី ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ក៏រត់​ទៅ​យ៉ាង​រហ័ស។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ព្រឹល​សក្បុស ដូច​រោម​ចៀម ព្រះ‌អង្គ​បាច​សាច​សន្សើម កកដូច​ផេះ។ ព្រះ‌អង្គ​បោះ​ទឹក​កក​របស់​ព្រះ‌អង្គ​មក​ជា​ដុំៗ តើ​អ្នក​ណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់ របស់​ព្រះ‌អង្គ​បាន? ព្រះ‌អង្គចាត់​ព្រះ‌បន្ទូល​ទៅ ហើយ​ទាំង​អស់​ក៏​រំលាយ​ទៅ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្យល់​របស់​ព្រះ‌អង្គ​បក​មក ហើយ​ទឹក​នោះ​ក៏​ហូរ។ ព្រះ‌អង្គ​ប្រកាស​ព្រះ‌បន្ទូល របស់​ព្រះ‌អង្គ​ដល់​យ៉ាកុប គឺ​ច្បាប់ និង​វិន័យ​របស់​ព្រះ‌អង្គ​ដល់​អ៊ីស្រា‌អែល។ ព្រះ‌អង្គ​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​សាសន៍​ដទៃ​ណា​ឡើយ គេ​មិន​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គ​ទេ។ ហាលេលូយ៉ា !

ទំនុកតម្កើង 147:12-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​រនុក​ទ្វារ​ឯង​បាន​មាំ‌មួន​ឡើង ក៏​បាន​ប្រទាន​ពរ​ដល់​កូន​ចៅ​នៅ​កណ្តាល​ឯង​ដែរ ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ដែន​ខេត្ត​របស់​ឯង ទ្រង់​ចំអែត​ឯង ដោយ​ស្រូវ‌សាលី​យ៉ាង​ល្អ​បំផុត ទ្រង់​ចាត់​ព្រះ‌រាជ​បញ្ជា​មក​លើ​ផែនដី ព្រះ‌បន្ទូល​ទ្រង់​ក៏​រត់​លឿន​ណាស់​ផង ទ្រង់​ប្រទាន​ហិមៈ​មក ឲ្យ​ដូច​ជា​រោម​ចៀម ក៏​បាច‌សាច​សន្សើម​កក​ដូច​ជា​ផែះ ទ្រង់​បោះ​ទឹក​កក​របស់​ទ្រង់​មក​ជា​ដុំៗ តើ​មាន​អ្នក​ណា​នឹង​ទ្រាំ​ចំពោះ​ពេល​រងា​របស់​ទ្រង់​បាន ទ្រង់​បញ្ចេញ​ព្រះ‌បន្ទូល​ទៅ​រំលាយ​ទាំង​អស់​វិញ ទ្រង់​ធ្វើ​ឲ្យ​ខ្យល់​របស់​ទ្រង់​បក​មក នោះ​ទឹក​ក៏​ហូរ ទ្រង់​សំដែង​ព្រះ‌បន្ទូល​ដល់​យ៉ាកុប ហើយ​បញ្ញត្ត នឹង​ច្បាប់​របស់​ទ្រង់ ដល់​អ៊ីស្រាអែល ទ្រង់​មិន​ដែល​ប្រព្រឹត្ត​នឹង​សាសន៍​ណា​ទៀត យ៉ាង​នោះ​ឡើយ ឯ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គេ​មិន​បាន​ស្គាល់​ទេ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។