ទំនុកដំកើង 147

147
1ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ដ្បិត​ការ​ដែល​ច្រៀង​សរសើរ
ដល់​ព្រះ​នៃ​យើង​ខ្ញុំ
នោះ​ជា​ការ​សំណំ​ហើយ ក៏​ពីរោះ​ផង
សេចក្ដី​សរសើរ​ជា​ការ​គួរ​គប្បី
2ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​តែ​សង់​ក្រុង​យេរូ‌សាឡិម​ឡើង
ទ្រង់​កំពុង​តែ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល
ដែល​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ មក​វិញ
3ទ្រង់​ប្រោស​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​ឲ្យ​បាន​ជា
ក៏​រុំ​របួស​ឲ្យ​គេ​ផង
4ទ្រង់​រាប់​ចំនួន​នៃ​អស់​ទាំង​ផ្កាយ
ក៏​ហៅ​បាន​តាម​ឈ្មោះ​ទាំង​អស់
5ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​ទ្រង់​ធំ​ប្រសើរ
ហើយ​មាន​ឫទ្ធា‌នុភាព​ក្រៃ‌លែង
ឯ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់​ក៏​យល់​គ្រប់​ទាំង​អស់
6ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​រាបសា
តែ​បង្ក្រាប​ពួក​មនុស្ស​អាក្រក់​ចុះ​ដល់​ដី​វិញ
7ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​អរ​ព្រះ‌គុណ
ចូរ​ច្រៀង​បទ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ ដោយ​ចាប់​ស៊ុង
8ទ្រង់​បាំង​មេឃ​ដោយ​ពពក ក៏​ចាត់‌ចែង​ភ្លៀង​សំរាប់​ផែនដី
ហើយ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​ឡើង​នៅ​លើ​ភ្នំ
9ទ្រង់​ប្រទាន​អាហារ​ដល់​សត្វ​ទាំង​ប៉ុន្មាន
ព្រម​ទាំង​ដល់​កូន​ក្អែក​ដែល​យំ​ផង
10ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កំឡាំង​នៃ​សេះ​ទេ
ក៏​មិន​ត្រូវ​ការ​នឹង​ជើង​មនុស្ស​ដែរ
11គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​អស់​អ្នក
ដែល​កោត‌ខ្លាច​ទ្រង់
ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស
របស់​ទ្រង់​ប៉ុណ្ណោះ
12ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​ឯង​ចុះ
13ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​រនុក​ទ្វារ​ឯង​បាន​មាំ‌មួន​ឡើង
ក៏​បាន​ប្រទាន​ពរ​ដល់​កូន​ចៅ​នៅ​កណ្តាល​ឯង​ដែរ
14ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ដែន​ខេត្ត​របស់​ឯង
ទ្រង់​ចំអែត​ឯង ដោយ​ស្រូវ‌សាលី​យ៉ាង​ល្អ​បំផុត
15ទ្រង់​ចាត់​ព្រះ‌រាជ​បញ្ជា​មក​លើ​ផែនដី
ព្រះ‌បន្ទូល​ទ្រង់​ក៏​រត់​លឿន​ណាស់​ផង
16ទ្រង់​ប្រទាន​ហិមៈ​មក ឲ្យ​ដូច​ជា​រោម​ចៀម
ក៏​បាច‌សាច​សន្សើម​កក​ដូច​ជា​ផែះ
17ទ្រង់​បោះ​ទឹក​កក​របស់​ទ្រង់​មក​ជា​ដុំៗ
តើ​មាន​អ្នក​ណា​នឹង​ទ្រាំ​ចំពោះ​ពេល​រងា​របស់​ទ្រង់​បាន
18ទ្រង់​បញ្ចេញ​ព្រះ‌បន្ទូល​ទៅ​រំលាយ​ទាំង​អស់​វិញ
ទ្រង់​ធ្វើ​ឲ្យ​ខ្យល់​របស់​ទ្រង់​បក​មក នោះ​ទឹក​ក៏​ហូរ
19ទ្រង់​សំដែង​ព្រះ‌បន្ទូល​ដល់​យ៉ាកុប
ហើយ​បញ្ញត្ត នឹង​ច្បាប់​របស់​ទ្រង់ ដល់​អ៊ីស្រាអែល
20ទ្រង់​មិន​ដែល​ប្រព្រឹត្ត​នឹង​សាសន៍​ណា​ទៀត
យ៉ាង​នោះ​ឡើយ
ឯ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គេ​មិន​បាន​ស្គាល់​ទេ
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 147: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ