ទំនុកតម្កើង 139:1-6

ទំនុកតម្កើង 139:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ឈ្វេង​យល់​ដល់ ជម្រៅ​ចិត្ត​ទូលបង្គំ ហើយ​ព្រះអង្គ​ស្គាល់​ទូលបង្គំ​យ៉ាង​ច្បាស់។ ព្រះអង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​អង្គុយ ពេល​ណា​ដែល​ទូលបង្គំ​ក្រោក​ឈរ ព្រះអង្គ​ឈ្វេង​យល់​គំនិត​របស់​ទូលបង្គំ តាំង​ពី​ចម្ងាយ។ ព្រះអង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​ធ្វើ​ការ ពេល​ណា​ដែល​ទូលបង្គំ​សម្រាក ហើយ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​អ្វីៗ ទាំង​អស់​ដែល​ទូលបង្គំ​ប្រព្រឹត្ត។ ព្រះ‌អម្ចាស់​អើយ ពាក្យ​សម្ដី​មិន​ទាន់​ចេញ​ពី​មាត់​ទូលបង្គំ​ផង ព្រះអង្គ​ជ្រាប​សេចក្ដី​ដែល​ទូលបង្គំ​បម្រុង នឹង​និយាយ​នោះ​រួច​ស្រេច​ទៅ​ហើយ។ ព្រះអង្គ​នៅ​ពី​មុខ​ពី​ក្រោយ​ទូលបង្គំ ព្រះអង្គ​ការពារ​ទូលបង្គំ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ទូលបង្គំ​កោត​ស្ញប់‌ស្ញែង​ណាស់ ដោយ​ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់​ដូច្នេះ គឺ​អស្ចារ្យ​ពេក​ដែល​ទូលបង្គំ មិន​អាច​យល់​បាន​ឡើយ។

ទំនុកតម្កើង 139:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​បាន​ស្គាល់​ទូល‌បង្គំ។ ព្រះ‌អង្គ​ជ្រាប​ពេល​ដែល​ទូល‌បង្គំ​អង្គុយ​ចុះ និង​ពេល​ដែល​ទូល‌បង្គំ​ក្រោក​ឡើង ព្រះ‌អង្គ​យល់​គំនិត​របស់​ទូល‌បង្គំ​តាំង​ពី​ចម្ងាយ។ ព្រះ‌អង្គ​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក​របស់​ទូល‌បង្គំ និង​ទី​ដេក​សម្រាក​របស់​ទូល‌បង្គំ ហើយ​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ។ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម្បី​តែ​ពាក្យ​សម្ដី​មិន​ទាន់​មាន នៅ​អណ្ដាត​ទូល‌បង្គំ​នៅ​ឡើយ នោះ​ព្រះ‌អង្គ​ក៏​ជ្រាប​គ្រប់​ជំពូក​ទៅ​ហើយ។ ព្រះ‌អង្គ​បាន​ព័ទ្ធ​ទូល‌បង្គំ​ជិត ពី​មុខ​ពី​ក្រោយ ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូល‌បង្គំ។ ការ​ជ្រាប​ច្បាស់​បែប​នេះ អស្ចារ្យ​ពេក​សម្រាប់​ទូល‌បង្គំ គឺ​ខ្ពស់​ណាស់ ទូល‌បង្គំ​មិន​អាច​យល់​បាន​ឡើយ។

ទំនុកតម្កើង 139:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង ទ្រង់​ជ្រាប​ការ​ដែល​ទូលបង្គំ​អង្គុយ​ចុះ នឹង​ការ​ដែល​ទូលបង្គំ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូលបង្គំ​ពី​ចំងាយ​ដែរ ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក នឹង​ទី​ដេក​របស់​ទូលបង្គំ ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ​ដែរ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ពាក្យ​សំដី​មិន​ទាន់​មាន​នៅ​អណ្តាត​ទូលបង្គំ​នៅ​ឡើយ នោះ​ទ្រង់​ក៏​ជ្រាប​គ្រប់​ជំពូក​ហើយ ទ្រង់​បាន​ព័ទ្ធ​ទូលបង្គំ​ជិត​ពី​មុខ​ពី​ក្រោយ ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូលបង្គំ ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ហើយ​ខ្ពស់​ដល់‌ម៉្លេះ បាន​ជា​ទូលបង្គំ ឈោង​មិន​ដល់​សោះ