ទំនុកតម្កើង 136:1-9

ទំនុកតម្កើង 136:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​មាន ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ចូរ​លើក​តម្កើង​ព្រះ​ដែល​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដែល​ខ្ពង់‌ខ្ពស់​លើស​អម្ចាស់​នានា ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ដ៏​ឧត្ដុង្គ‌ឧត្ដម​បំផុត ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​លាត​សន្ធឹង​ផែនដី​ពី​លើ​ផ្ទៃ​ទឹក ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ សម្រាប់​រះ​បំភ្លឺ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! គឺ​ព្រះ‌អាទិត្យ​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

ទំនុកតម្កើង 136:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ៏​ធំ​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ៙ គឺ​ដល់​ព្រះ‌អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ​ធំៗ តែ​មួយ​ព្រះ‌អង្គ​ឯង ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា​ញាណ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​តួ​ពន្លឺ​ៗ​ធំ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ព្រះ‌អាទិត្យ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌ចន្ទ និងហ្វូង​ផ្កាយ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច

ទំនុកតម្កើង 136:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ៏​ធំ​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ធំ​តែ​១​អង្គ​ទ្រង់ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​ទាំង​ប៉ុន្មាន ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ព្រះ‌អាទិត្យ សំរាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប នឹង​ព្រះ‌ចន្ទ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន សំរាប់​បំភ្លឺ នៅ​ពេល​យប់ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប